ម្តាយក្មេកល្អមិនដែលធ្វើរឿងទាំងនេះដាក់កូនប្រសាដាច់ខាត

  • 2019-10-03 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​តាំង​ពី​តូច​ក្រូច​ឆ្មា មាន​តែ​ម្តាយ​​នេះ​ហើយ​ ដែល​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន​ជាមួយ​កូន។ ពេល​ដែល​កូន​ទើប​តែ​ដុះ​ធ្មេញ​ដំបូង​ ចេះ​និយាយ​ពាក្យ​ដំបូង ចូល​រៀន​ថ្ងៃ​ដំបូង ទទួល​បាន​ពាន​រង្វាន់​លើក​ដំបូង​ រហូត​ដល់​ថ្ងៃ​បញ្ចប់​ការ​សិក្សា រួម​ទាំង​សកម្មភាព​ជា​ច្រើន​រាប់​មិន​អស់ អ្នក​ម្តាយ​តែង​មាន​ចិត្ត​រំភើប​ត្រេក​អរ​ជំនួស​កូន។

រូបតំណាង

ឈាន​​ចូល​ដល់​ថ្ងៃ​ដែល​កូន​រៀប​ការ សុភមង្គល​អាច​កើត​ឡើង​ទៅ​​បាន លុះ​ត្រា​តែ​មាន​ការ​ចូល​រួម​ចំណែក​ពី​គ្រួសារ​ទាំង​សង​ខាង​។ ដរាប​ណា​មាន​វត្តមាន​កូនប្រសា​ស្រី​ចូល​ក្នុង​សមាជិក​គ្រួសារ​ម្នាក់​ទៀត មាន​រឿង​មួយ​ចំនួន​ដែល​ម្តាយ​ក្មេក​មិន​គួរ​ធ្វើ​ដាក់​នាង។

រិះគន់​តិះដៀល​កូនប្រសា​ឬ​ក្រុម​គ្រួសារ​របស់​នាង

រូបតំណាង

ពាក្យ​សម្តី​ជា​អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត មិន​គួរ​តិះដៀល​ស្តី​បន្ទោស​​ខ្លាំង​ៗ ដៀម​ដាម​វែង​ឆ្ងាយ​ ដោយសារ​តែ​កំហុស​បន្តិច​បន្តួច ​ដោយ​អចេតនា​នោះ​ទេ។ ​ចំណាយ​ពេល​ស្តាប់​ពី​ហេតុផល ​សួរ​តាម​​សម្រួល និង​មិន​ព្យាយាម​បន្ថែម​ភ្លើង​ពេល​ឃើញ​កូន​ទាំង​ពីរ​ឈ្លោះ​គ្នា។

មិន​ឲ្យ​យោបល់​លក្ខណៈ​ជា​ការ​បង្គាប់​បញ្ជា

ប្រសិន​បើ​មិន​យល់​ស្រប ជាមួយ​នឹង​ទង្វើ​របស់​កូន​ទេ​ អាច​ផ្តល់​ជា​យោបល់​ល្អ​ៗ​ ដើម្បី​ចង្អុល​បង្ហាញ ដោយ​មិន​លំអៀង និង​មិន​មែន​ក្នុង​​ន័យ​បង្គាប់​បញ្ជា ត្រូវ​តែ​ធ្វើ​តាម​ដាច់​អហង្ការ​ឡើយ​។ ​កូន​នឹង​​​គោរព​ឲ្យ​តម្លៃ​ដំបូន្មាន​ លុះ​ត្រា​តែ​អ្នក​មាន​គោល​បំណង​ល្អ​អាច​ទុក​ចិត្ត​បាន​។​

ស្រលាញ់​ចៅ​មិន​​ស្មើ​គ្នា

រូបតំណាង

ក្តីស្រលាញ់​ពិត​ជា​មិន​អាច​ចែក​រំលែក​ឲ្យ​ស្មើ​គ្នា​ពិត​មែន​​​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ម្តាយ​ក្មេក​មិន​គួរ​បញ្ចេញ​ទំនោរ​ទៅ​តែ​ម្ខាង​ៗ​នោះ​ទេ។ អារម្មណ៍​មួយ​នេះ អាច​ធ្វើ​ឲ្យ​ចៅៗ​ អាក់​អន់​ស្រពន់​ចិត្ត ខ្វះ​ភាព​កក់​ក្តៅ​ពី​លោក​យាយ​។

ចង់​ឲ្យ​កូន​ប្រសា​យល់​ចិត្ត​គ្រប់​រឿង

រូបតំណាង

សូម្បី​កូន​បង្កើត​ពេល​ខ្លះ​មិន​អាច​យល់​ចិត្ត​ម្តាយ​បាន​ទាំង​ស្រុង​ផង ចុះ​ទម្រាំ​កូន​ប្រសា​ទៀត? កុំ​ព្យាយាម​ចង់​ដាក់​សម្ពាធ​លើ​នរណា​ម្នាក់ ព្រោះ​តែ​ចង់​បាន​ការ​ផ្គាប់​ផ្គុន​ចិត្ត​គ្រប់​រឿង​។ ប្រសិន​បើ​ម្តាយ​​ចេះ​​តែ​ទាមទារ​ទំនួល​ខុស​ត្រូវ​ពី​កូន​ប្រសា​ហួស​ប្រមាណ ចុង​ក្រោយ​មាន​តែ​ភាព​មិន​ពេញ​ចិត្ត​សៅម៉ង​ទាំង​អស់​គ្នា​។

ចែក​រំលែក​បញ្ហា​ឬ​អាថ៌កំបាំង​​កូន​ប្រសា​ទៅ​អ្នក​ដទៃ

​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​គ្រួសារ យូរ​ឬ​ឆាប់​គង់​តែ​មាន​ដំណោះ​ស្រាយ​​​ ប៉ុន្តែ​បើ​ម្តាយ​ក្មេង​ចេះ​តែ​ដើរ​និយាយ​ប្រាប់​គេ​ប្រាប់​ឯង​ឥត​ឈប់​ឈរ រឿង​រ៉ាវ​អាច​នឹង​ច្របូក​ច្របល់​កាន់​តែ​ខ្លាំង​។ ការ​ឲ្យ​ជា​មតិ​យោបល់​អ្នក​ដទៃ​មិន​មែន​សុទ្ធតែ​ល្អ​គ្រប់​គ្នា​ឡើយ។ មាន​តែ​ការ​​ជួយ​​រក្សា​​អាថ៌កំបាំង​និង​ការ​ពិភាក្សា​គ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ទើប​អាច​ជួយ​​ឲ្យ​គ្រប់​យ៉ាង​ប្រសើរ​ឡើង​៕

រូបតំណាង

ចុចអានបន្ត៖ ក្លាយ​ជា​កូន​ប្រសា​ស្រី​ដ៏​អស្ចារ្យ ហើយ​ម្ដាយ​ក្មេក​ស្រលាញ់​ស្ទើរលេបតាម​ ៨ វិធីនេះ

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម