ចំណុចតូចតាចមួយចំនួនអ្នកមិនចាប់អារម្មណ៍ តែវាជាការបៀតបៀនផ្លូវភេទ
- 2019-09-13 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចតូចតាចមួយចំនួនអ្នកមិនចាប់អារម្មណ៍ តែវាជាការបៀតបៀនផ្លូវភេទ
សព្វថ្ងៃ បញ្ហាការបៀតបៀនផ្លូវភេទនៅតែជាកង្វល់សម្រាប់សង្គមជាតិទាំងមូល។ ដោយសារតែយើងមើលឃើញថាវាជាទង្វើមិនគប្បីមួយ កាលដែលមនុស្សម្នាក់ឬច្រើននាក់ហ៊ានទៅបំពានឬលេបខាយពាក្យសម្ដីទៅលើបុគ្គលម្នាក់ដោយធ្វើឲ្យបុគ្គលនោះមានអារម្មណ៍ខ្លាចឬមិនពេញចិត្តជាដើម។
«ការបៀតបៀនផ្លូវភេទ សំដៅទៅលើឥរិយាបថ កាយវិការ ពាក្យសម្ដីទាក់ទងទៅនឹងសកម្មភាពផ្លូវភេទ ដែលធ្វើឲ្យយើងមានអារម្មណ៍មិនពេញចិត្ត មិនចង់បាន មិនស្វាគមន៍ អាប់ឱន និងមានភាពអាម៉ាស់នឹងសកម្មភាពទាំងនោះ»។ តាមការលើកឡើង អ្នកស្រី ឃួន ច័ន្ទទេវី
អ្នកស្រី ឃួន ច័ន្ទទេវី ជាប្រធានក្រុមការងារសិទ្ធិស្រ្តីនៃអង្គការអាក់សិនអេតកម្ពុជា បានបន្តថាយើងអាចកំណត់សម្គាល់ការបៀតបៀនផ្លូវភេទបានតាម ៣ទម្រង់។
ទម្រង់ទី១ យើងងាយស្រួលមើលជាងគេ ដោយសារតែវាស្ដែងចេញតាមរយៈការប៉ះពាល់រូបរាងកាយជនរងគ្រោះផ្ទាល់ ដូចជាការស្ទាបអង្អែល ការលូកលាន់ ការថើប ព្រោះសាម៉ីខ្លួនដឹងតែម្ដងថាត្រូវគេបៀតបៀន។ ដោយឡែកទម្រង់ទី២ និង៣ យើងពិបាកសម្គាល់បន្តិច។
ទម្រង់ទី២ ស្ដែងចេញតាមរយៈពាក្យសម្ដី ហើយនេះជាអ្វីដែលយើងជាជនរងគ្រោះមិនបានដឹងថាខ្លួនត្រូវបានគេបៀតបៀន។ តួយ៉ាង ការនិយាយលេបខាយ ការហួចដាក់ ការនិយាយកំប្លុកកំប្លែងអាសអាភាស ដែលចំណុចទាំងនោះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវចិត្តជនរងគ្រោះ ហើយពេលខ្លះ យើងមិនបានដឹងខ្លួនឯងថាវាការជាបៀតបៀននោះទេ។
ចំណែកឯទម្រង់ទី៣ ស្ដែងចេញតាមរយៈការថតរូបអាសអាភាសឬការបញ្ចេញរូបអាសអាភាសជាដើម។
តាមរបាយការណ៍ការិយាល័យស្ថិតិអូស្ត្រាលី( Australian Bureau of Statistics) បង្ហាញថាក្នុងចំណោមមនុស្សស្រី 2នាក់ មានមនុស្សស្រី ១នាក់ ទទួលរងនូវការបៀតបៀនផ្លូវភេទក្នុងជីវិតរបស់ពួកគេ។
បញ្ហានេះផងដែរ ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្តជនរងគ្រោះ។ សម្រាប់បញ្ហាផ្លូវចិត្ត ធ្វើឲ្យជនរងគ្រោះបាក់ទឹកចិត្ត បាក់ស្បាត ភ័យខ្លាច មិនហ៊ានដើរចេញក្រៅ ព្រមទាំងមិនហ៊ានជួបអ្នកដទៃ ប្រសិនបើគាត់ជួបករណីធ្ងន់ធ្ងរ ជនរងគ្រោះអាចឈានដល់ការសម្លាប់ខ្លួនបាន។
ដោយឡែកផ្លូវកាយវិញ ជនរងគ្រោះអាចគ្រោះថ្នាក់ខ្លាំងមែនទែន ប្រសិនបើឈានដល់ការរំលោភបំពាន។ ព្រោះវាឲ្យមានរបួសស្នាម ការមានកូនដោយមិនចង់បាន និងប៉ះពាល់ដល់សុខភាពបន្តពូជរបស់គាត់ផ្ទាល់តែម្ដង។ អ្នកស្រីបានបន្ថែម
អ្នកស្រី ឃួន ច័ន្ទទេវី បានរៀបរាប់ថា បើយើងដឹងថា យើងត្រូវបានគេបៀតបៀនផ្លូវភេទ សូមឲ្យអ្នកនិយាយវាចេញមកឬនិយាយជាមួយអ្នកដែលអ្នកអាចទុកចិត្តបាន ព្រោះថា បើអ្នកមិននិយាយពីបញ្ហានេះទេ នោះយើងមិនអាចរកឬសគល់នៃបញ្ហានេះបានឡើយ។ នៅពេលយើងពួកគាត់និយាយវាចេញ សូមស្ដាប់រឿងគាត់ឲ្យចប់សិន កុំទាន់ធ្វើការវិនិច្ឆ័យទៅលើបញ្ហាពួកគាត់។
ចុចអានបន្ត៖អស្ចារ្យមែន! កូនខ្មែរបញ្ចេញស្នាដៃច្នៃម៉ូដសម្លៀកបំពាក់ បង្ហាញឲ្យពិភពលោកបានស្គាល់