អស្ចារ្យមែន! កូនខ្មែរបញ្ចេញស្នាដៃច្នៃម៉ូដសម្លៀកបំពាក់ បង្ហាញឲ្យពិភពលោកបានស្គាល់

  • 2019-09-12 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកនាង Natacha Van ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ ​​បាន​កើត​​នៅ​លើ​ទឹក​ដី​នៃ​ទី​ក្រុង​ហុង​កុង ធំ​ដឹង​ក្តី​នៅ​ទី​ក្រុង​ឡុងដ៍ និង​បច្ចុប្បន្ន​មាន​ទី​លំនៅ​​ក្នុងប្រទេស​កម្ពុជា។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ នៅ​ទី​ក្រុង​ឡុងដ៍ ​ប្រទេស​​អង់គ្លេស​រួច​មក នាង​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​ក្នុង​ចំណោម​អ្នក​ច្នៃ​ម៉ូដ​អន្តរជាតិ​ដទៃ​ទៀត ទាំង​នៅ​ប៉ែក​អឺរ៉ុប​និង​អាស៊ី។

​កូន​ខ្មែរ​រូប​នេះ បាន​រៀប​រាប់​ប្រាប់​មក​កាន់​គេហទំព័រ កញ្ញា​ ថា " ដោយ​សារ​តែ​ខ្ញុំ​មាន​ដុង​ផ្នែក​សិល្បៈ​និង​ចូលចិត្ត​ថត​រូប​តាំ​ង​ពី​តូច​មក ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​វិស័យ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ ហើយ​ក៏​បាន​​ចាប់​ផ្តើម​មាន​គំនិត​ច្នៃ​ប្រឌិត​​និង​បង្កើត​ស្ទីល​ប្លែកៗ​។ "

ក្រៅ​ពី​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​ Natacha ក៏​មាន​​បុគ្គល​ល្បី​ជា​គំរូ​ប្រចាំ​បេះដូង​​​គឺ Tim Walker ដែល​ជា​អ្នក​ថត​រូប​បែប​រឿង​ព្រេង​បុរាណ និង​ជា​អ្នក​ច្នៃ​ម៉ូដ​​ឲ្យ Christian Dior និង​​ Jacques Fath ។ មួយ​វិញ​ទៀត ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ែក​អាស៊ី​និង​អឺរ៉ុប​ បាន​​ជំរុញ​ទឹក​ចិត្ត​នាង​កាន់​តែ​ខ្លាំង ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ប្រពៃណី​វប្បធម៌​ខុស​ៗ​គ្នា​ក្នុង​ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ក្នុង​រឿង​ព្រេង ទេវកថា​ផ្សេងៗ ដែល​សុទ្ធ​តែ​បាន​ច្នៃ​ប្រឌិត​​ឡើង​​លាយ​ឡំ​នឹង​ទម្រង់​ធម្មជាតិ។

​ថ្វី​ដ្បិតនៅ​ប្រទេស​កម្ពុជា​ វិស័យ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​មិន​ទាន់​ទូលំទូលាយ​ខ្លាំង​ពិត​មែន ប៉ុន្តែ ​​Natacha Van បាន​បញ្ជាក់​​ទៀត​ថា "ធ្វើ​ជា​អ្នក​ច្នៃ​ម៉ូដ​ ប្រៀប​បាន​ដូច​ជា​អ្នក​សិល្បៈ​មួយ​រូប ដែល​អាច​បើក​ផ្លូវ​ឲ្យ​ខ្ញុំ​រៀន​ពី​អ្វី​ថ្មីៗ ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក បំផុស​គំនិត​ មាន​ឱកាស​ជួប​មនុស្ស​ជា​ច្រើន និង​អាច​​ចែក​​រំលែក​ផ្លាស់​​ប្តូរ​គំនិត​ល្អៗ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។"

Natacha បន្ត "ជាពិសេស ការ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ អាច​ធ្វើ​ឲ្យ​ខ្ញុំ​​ស្គាល់​ច្បាស់​​ពី​ខ្លួន​ឯង មាន​ទំនុក​ចិត្ត​ ​អាច​បង្ហាញ​ពី​អារម្មណ៍ និង​គំនិត​ថ្មីៗ ទៅ​ឲ្យ​ពិភព​លោក​​​បាន​ដឹង។" ។

គួរ​បញ្ជាក់​ដែរ​ថា គិត​ចាប់​ពី​ឆ្នាំ ២០១៨-២០១៩ អ្នក​ច្នៃ​ម៉ូដ​ដ៏​ប៉ិន​ប្រសប់​រូប​នេះ បាន​ចូល​រួម​​ក្នុង​កម្មវិធី​បង្ហាញ​​ម៉ូដ​សម្លៀក​បំពាក់​ ១៥​ លើក​មក​ហើយ រួម​បញ្ចូល​ទាំង​នៅ​អាស៊ី​និង​អឺរ៉ុប។ អ្វី​ដែល​គូរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​ជាង​នេះ​ទៅ​ទៀត នាង​គឺ​ជា​កូន​ខ្មែរ​តែ​ម្នាក់​គត់ ដែល​នឹង​យក​ស្នាដៃ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ ទៅ​បង្ហាញ​នៅ​ទីក្រុង​ឡុងដ៍ ​ប្រទេស​អង់គ្លេស ក្នុង​សណ្ឋាគារ Hilton នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា និង នៅ​ទីក្រុង​ប៉ារីស Eiffel Tower ប្រទេស​បារាំង នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា​ខាង​មុខ។

ជា​ចុង​ក្រោយ Natacha Van ចង់​ផ្តាំ​ផ្ញើ​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​គ្នា ជាពិសេស​អ្នក​ចាប់​អារម្មណ៍​លើ​ផ្នែក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ឲ្យ​​មាន​ភាព​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​គិត​ថា​ស័ក្តិសម​ត្រឹម​ត្រូវ ហើយ​ផ្នែក​នេះ​ទៀត​សោត​វា​មិន​មែន​ងាយ​ស្រួល​ឡើយ​ ដូច្នេះ​ហើយ​​អ្នក​ត្រូវ​តែ​ពង្រឹង​ខ្លួន​​​​ឯង​ឲ្យ​រឹង​មាំ ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ។​ ត្រូវចាំថា ការជ្រើសរើសមុខជំនាញមួយនេះ គឺផ្តើមចេញពីក្តីស្រលាញ់និងអារម្មណ៍៕

រូបភាពផ្តល់ឲ្យ៖ Natacha Van

ចុចអានបន្ត៖ គួរឲ្យសរសើរ! កូនខ្មែរមានគំនិតផ្សព្វផ្សាយពីតម្លៃស្ត្រីតាមរយៈសិល្បៈ

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម