ចង់បានមុខរលោងស្រិលគ្មានមុន កុំភ្លេច ៤ ជំហាននេះ

  • 2019-09-13 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ក្រៅ​ពី​ចង់​បាន​​ស្បែក​ស​ភ្លឺ​ថ្លា និង​ការពារ​មិន​ឲ្យ​ឆាប់​​ចាស់ បញ្ហា​មុន​ក៏​ជា​មូល​ហេតុ​មួយ​ ដែល​ប៉ះ​​ពាល់​ដល់​អារម្មណ៍​និង​សម្រស់​របស់​អ្នក​។ ដើម្បី​ទទួល​បាន​សាច់​មុខ​រលោង​ស្អាត គ្មាន​មុន កាន់​តែ​មាន​ទំនុក​ចិត្ត មិន​គួរ​ភ្លេច​របៀប​ថែទាំ​ប្រចាំ​ថ្ងៃ ៤​ ជំហាន​ដូច​ខាង​ក្រោម។

១. ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ

ពន្លឺ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត មិន​អាច​ទប់​ជាតិ​ប្រេង ជា​ហេតុ​បណ្តាល​ឲ្យ​ស្បែក​ប្រែ​ជា​ខ្សោយ ចេញ​មុន​​បាន​គ្រប់​ពេល​វេលា​​។ មុន​ចេញ​ទៅ​ណា​មក​ណា គួរ​លាប​ឡេ​ការពារ​ស្បែក​ឲ្យ​បាន​​មុន​ពី​២០-៣០​នាទី ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​។ ជា​ពិសេស​ត្រូវ​ជ្រើស​រើស​ផលិតផល​ណា ដែល​មាន​គុណ​ភាព​ល្អ ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​អ្នក​។

២. លាង​សម្អាត​ ២​ ដំណាក់​កាល

ទោះ​បី​ជា​អ្នក​មិន​បាន​ផាត់​មុខ​ក្រាស់​ៗ​ក៏​​ដោយ ប៉ុន្តែ​ជាតិ​កខ្វក់​ ធូលី និង​សារធាតុ​អាក្រក់​ផ្សេង​ៗ​បាន​ទុំ​ជាប់​ស្អិត​នៅ​លើ​ស្បែក។ ការ​លាង​ជាមួយ​​ហ្វូម​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ ត្រូវ​ប្រើ​ប្រេង​​​សម្រាប់​​ជូតជាមួយ​សំឡី ដើម្បី​សម្អាត​បាន​ស្អាត​ល្អ មិន​បង្ក​​ឲ្យ​ស្ទះ​រន្ធ​ញើស​ទៅ​ជា​ការ​កើត​មុន​។ បន្ទាប់​មក​ទើប​លាង​ជាមួយ​ហ្វូម​តាម​ក្រោយ។

៣. ប្រើ​ហ្វូម​ដែល​ស្រាល​ស្រទន់​គ្មាន​ជាតិ​កាត់

​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​សារធាតុ​ផ្សំ​ខ្លាំង​ពេក ឬ​មាន​ពពុះ​ច្រើន​ពេក ពេល​ប្រើ​ទៅ​​មាន​អារម្មណ៍​ថា​ស្អាត​ល្អ​ពិត​មែន ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​រោល​រមាស់ ឆាប់​ប្រតិកម្ម​ និង​ចេញ​មុន​បាន​យ៉ាង​ងាយ​។ គួរ​ប្រើ​ផលិត​ផល ស្រាល​ស្រទន់​សម្រាប់​ស្បែក​មុខ គ្មាន​ក្លិន​​ខ្លាំង​ គ្មាន​ធាតុផ្សំ​អាក្រក់​ដែល​​នាំ​ឲ្យ​ខូច​សុខភាព​ស្បែក​។

៤. លាប​ឡេ​ផ្តល់​សំណើម (ទោះ​បី​​ជា​ប្រភេទ​ស្បែក​ប្រេង​ក៏​ដោយ​)

មនុស្ស​ភាគ​​ច្រើន​ដែល​​មាន​ប្រភេទ​ស្បែក​មុខ​​ឡើង​ប្រេង តែង​តែ​គិត​ថា​ ការ​លាប​ឡេ​ផ្តល់​សំណើម​ គ្មាន​បាន​អ្វី​មក​វិញ​ក្រៅ​ពី​ធ្វើ​ឲ្យ​សភាព​ស្បែក​កាន់​តែ​យ៉ាប់យ៉ឺន​។ តាម​ការ​ពិត កាលណា​ផ្ទៃ​​មុខ​ខ្វះ​ជាតិ​សំណើម​ ស្បែក​នឹង​ខំ​ប្រឹង​បញ្ចេញ​ជាតិ​ប្រេង​កាន់​តែ​ខ្លាំង​។ នេះ​ជា​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​ស្ទះ​រន្ធ​ញើស​និង​បង្ក​ឲ្យ​កើត​មុន​ឥត​ឈប់ឈរ។ គួរ​ព្យាយាម​ប្រើ​ឡេ​ផ្តល់​សំណើម​ទាំង​ពេល​ព្រឹក​និង​យប់ ដើម្បី​បញ្ចៀស​ពី​បញ្ហា​ទាំង​នោះ​។

***ចំណាំ៖ គួរ​លាង​មុខ​ជាមួយ​ទឹក​ត្រជាក់ មិន​មែន​ទឹក​ក្តៅ​ឧណ្ណ​ៗ​ ព្រោះ​សីតុណ្ហភាព​ខ្ពស់​ពេក ធ្វើ​ឲ្យ​មុខ​បាត់​បង់​ជាតិ​​ប្រេង​ធម្មជាតិ​ដែល​មាន​នៅ​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​មិន​ម៉ដ្ឋ​ស្អាត ហើយ​កុំ​ភ្លេច​ធ្វើ​ការ​ម៉ាស្សា​ថ្នមៗ ជា​រង្វង់​ ​នៅ​លើ​មុខ​រាល់​ថ្ងៃ ដើម្បី​ទទួល​បាន​ស្បែក​​តឹង​ណែន​ស្អាត​ មិន​ងាយ​ចាស់​៕​

ចុចអានបន្ត៖ កំហុស​ធំៗ​​​៥​ ធ្វើ​ឲ្យ​​​រន្ធញើស​​​​​​លើ​មុខ​រីក​​កាន់​​តែ​ធំ​ទៅៗ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី