កំហុសធំៗ៥ ធ្វើឲ្យរន្ធញើសលើមុខរីកកាន់តែធំទៅៗ
- 2019-09-09 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសធំៗ៥ ធ្វើឲ្យរន្ធញើសលើមុខរីកកាន់តែធំទៅៗ
រន្ធញើសធំនៅលើផ្ទៃមុខគឺជាក្តីព្រួយបារម្ភរបស់មនុស្សស្រីគ្រប់គ្នា។ ការផាត់ម្សៅក្រាស់ៗ អាចជួយបិទបាំងបានមួយរយៈពេល ប៉ុន្តែវាមិនអាចព្យាបាលឡើងវិញបានឡើយ មានតែធ្វើឲ្យរន្ធញើសកាន់តែរីកធំលើសដើម។ ហេតុនេះហើយស្រីៗ ត្រូវតែទប់ស្កាត់ការពារឲ្យហើយ មុនរន្ធញើសបែកសាចពេញមុខ មើលទៅខូងៗមិនម៉ដ្ឋរលោង។
១. បណ្តោយឲ្យមុខត្រូវពន្លឺថ្ងៃ ដោយមិនប្រើរបស់ការពារ
អ្នកដឹងហើយថា ពន្លឺថ្លៃបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ស្បែក ជាសត្រូវដ៏ធំដែលចូលទៅបំផ្លាញជាតិខូឡាជែនក្នុងស្បែក។ ពេលស្បែកបាត់បង់ខូឡាជែន នោះស្បែកនឹងប្រែទៅជាឆាប់យារធ្លាក់ និងបណ្តាលឲ្យរន្ធញើសរីកធំខ្លាំង ស្បែកមានសភាពរឹង។ គួរជ្រើសរើសឡេឬគ្រីម ការពារកម្តៅថ្ងៃណា ដែលមិនធ្វើឲ្យស្ទះរន្ធញើសនិងកើតមុន។
២. ប្រើផលិតផលមិនត្រូវជាមួយប្រភេទស្បែក
សម្រាប់អ្នកស្បែកស្ងួតមិនសូវជាមានបញ្ហាប៉ុន្មានទេ តែសម្រាប់ស្បែកខ្លាញ់វិញ ទើបពិបាកខ្លាំង។ បើមិនប្រុងប្រយ័ត្ន ជ្រើសរើសឲ្យត្រូវនឹងប្រភេទស្បែកទេ នោះមុខអាចនឹងឡើងរោលរមាស់ ធ្វើឲ្យរន្ធញើសរីកកាន់តែខ្លាំង។
៣. ញ៉ាំអាហារបំពងច្រើនពេក
អាហារបំពង តែងតែមានរសជាតិឆ្ងាញ់ ប៉ុន្តែវាមិនល្អសម្រាប់សុខភាពស្បែកសូម្បីតែបន្តិច។ ដោយសារអាហារដែលមានជាតិខ្លាញ់ច្រើន អាចបណ្តាលឲ្យមុខឡើងមុន ស្បែកមិនស្រស់ថ្លា និងរន្ធញើសរីកធំឡើងបន្តិចម្តងៗ។
៤. មិនលាងជម្រះគ្រឿងសម្អាងឲ្យបានស្អាតល្អ
ដឹងហើយថាពេលខ្លះរវល់ខ្លាំង មិនមានពេលច្រើនដើម្បីថែរក្សាសម្រស់ តែបើមិនឆ្លៀតមួយភ្លែត ពេលបាក់សម្រស់អ្នកច្បាស់ជាស្តាយក្រោយ។ ដាច់ខាតហាមគេងទាំងមុខនៅមានគ្រឿងសម្អាត ឬគ្រាន់តែលុបជាមួយទឹកល្មមៗក៏ហើយស្រេចនោះ។ ជាតិកង្វក់ទាំងអស់នឹងធ្វើឲ្យស្បែកមុខគ្មានសុខភាពល្អ កើតមុន ពង្រីករន្ធញើសជាក់ជាមិនខាន។
៥. ចូលចិត្តយកដៃអង្អែលឬញេចមុនលើមុខ
ពេលឃើញមុននៅលើមុខ ទ្រាំមិនបានទេ ចង់តែយកដៃញេចឲ្យចេញមកខាងក្រៅ។ នេះជាទម្លាប់អាក្រក់ខ្លាំងណាស់ ព្រោះការញេចមុនឬយកដៃទៅស្ទាបអង្អែលចុះឡើងៗ គ្មានបានអ្វីមកវិញក្រៅពីធ្វើឲ្យមុនតែរីករាលដាល មានស្នាមសម្លាក និងរន្ធញើសបែកធំទេ។ គួររកផលិតផលនិងវិធីព្យាបាលឲ្យបានត្រឹមត្រូវ មិនមែនចេះតែញេចៗពាលវាលពាសកាលទេ៕