បង្កើនភាពស៊ាំដល់កូនៗកុំឲ្យឧស្សាហ៍ផ្តាសាយ ពេលអាកាសធាតុផ្លាស់ប្តូរញឹកញាប់

  • 2019-09-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ជាក់​ថា គ្រប់​ឪពុក​​ម្ដាយ​ទាំង​អស់​តែង​ព្រួយ​បារម្ភ​​ពេល​ឃើញ​កូន​ឈឺ ក្ដៅ​ខ្លួន គ្រប់​ពេល​ដែល​អាកាស​ធាតុ​ផ្លាស់​ប្ដូរ ពិសេស​​រដូវ​ភ្លៀង។ ​អាកាសធាតុ​ច្រើន​តែ​ត្រជាក់ និង​សើម​​ដែល​ធ្វើ​ឲ្យ​កុមារ​ងាយ​នឹង​ផ្ដាសាយ​​ជាង​ពេល​ណា​ទាំង​អស់។ ​ប៉ុន្តែ ​កុំ​បារម្ភ​អី កញ្ញា ​សូម​ណែ​នាំ​ពី​វិធី​បង្កើន​ភាព​ស៊ាំ​ដល់​សុខភាព​កុមារ ​ដែល​អ្នក​អាច​អនុវត្ត​បាន​តាម​វិធី​ខាង​ក្រោម​៖ ​​

១. ​​បង្វឹក​កូន​ឲ្យ​​ញ៉ាំ​ផ្លែ​ឈើ​និង​បន្លែ

គុណ​ប្រយោជន៍​របស់​បន្លែ​ផ្លែ​ឈើ គឺ​សំបូរ​វី​តាមីន ​និង​សារធាតុ​រ៉ែ​សំខាន់​ដែល​រាង​កាយ​មិន​អាច​បង្កើត​ដោយ​ខ្លួន​ឯង​បាន។ សារប្រយោជន៍​មួយ​ទៀត ​វា​ក៏​បង្កើត​ប្រព័ន្ធ​​ភាព​ស៊ាំ​ដល់​​កុមារ​ផង​ដែរ។ ​ដូច្នេះ ​ឪពុក​ម្ដាយ​​គួរ​តែ​រក​វិធី​បញ្ចុះ​បញ្ចូល​ឲ្យ​កូន​ៗ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​ច្រើន។ លើស​ពី​នេះ ​អាហារ​ទាំង​៥​ក្រុម​ផង​ដែរ។ ​អ្នក​ម្ដាយ​អាច​សាក​ល្បង​​ងាក​មក​កិន​ផ្លែ​ឈើ​ជា​ទឹក​ផ្លែ​ឈើ​វិញ ​និង​ចិត​បន្លែ​ជា​ចំណិត​តូច​ៗ ​ដើម្បី​ឲ្យ​កូន​ងាយ​ស្រួល​ញ៉ាំ​។

២. ​​លំហាត់​ប្រាណ

​ក្មេង​ៗ​ដែល​តែង​ធ្វើ​លំហាត់​ប្រាណ ​ឬ​សកម្មភាព​បញ្ចេញ​ញើស​ច្រើន ​នឹង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​ជាង​​ក្មេង​ដែល​មិន​សូវ​ហាត់​ប្រាណ។ ​ម្ល៉ោះ​ហើយ ​ឪពុក​ម្ដាយ​គួរ​តែ​ឧស្សាហ៍​នាំ​កូន​ធ្វើ​សកម្មភាព​ខាង​ក្រៅ​ខ្លះ ​ដោយ​មិន​ត្រឹម​បាន​លេង​សប្បាយ​ទេ ​តែ​ក៏​ជួយ​សុខភាព​ដល់​ពួក​គេ​ផង​ដែរ។

៣. យក​ចិត្ត​ទុក​ដាក់​លើ​ចំណី​អាហារ

ម្ហូប​ដែល​កុមារ​ទទួល​ទាន ត្រូវ​តែ​ប្រាកដ​ថា​បាន​លាង​សម្អាត​ត្រឹម​ត្រូវ និង​មាន​អនាម័យ​ខ្ពស់។ ​បើ​សិន​​អ្នក​ខំ​ជ្រើស​រើស​ចំណី​​អាហារ​មាន​ជីវជាតិ​ខ្ពស់​ តែ​បែរ​ជា​គ្មាន​អនាម័យ​ទៅ​វិញ ​នឹង​ធ្វើ​ឲ្យ​កូន​រាគ និង​ឧស្សាហ៍​ឈឺ​ទៀត​ផង​។

៤. ​ពាក់​ខោអាវ​ឲ្យ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ

​អំ​ឡុង​រដូវ​ភ្លៀង ​​អាណាព្យាបាល​​គួរ​ជ្រើស​រើស​សម្លៀកបំពាក់​ណា​ដែល​សក្ដិសម​​សម្រាប់​កូន ។ ​ការ​ស្លៀក​ពាក់​ឲ្យ​កក់​ក្ដៅ ​និង​មាន​ផាសុក​ភាព​ក៏​ជួយ​បង្កើន​ភាព​ស៊ាំ ព្រម​ទាំង​កាត់​បន្ថយ​ជំ​ងឺ​របស់​កុមារ​បាន​​ខ្លះ​ផង​ដែរ។

ដំបូន្មាន​ខាង​លើ អាច​ចាត់​ទុក​ថា​ចាំ​បាច់​សម្រាប់​ឪពុក​ម្ដាយ។ ​ដូច្នេះ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​កូន​ៗ ​កុំ​ឲ្យ​ឈឺ​នៅ​ពេល​អាកាស​ធាតុ​ផ្លាស់​ប្ដូរ​ញឹក​ញាប់។ ​បើ​សិន​អ្នក​បាន​ធ្វើ​រឿង​ទាំង​អស់​នេះ សុខភាព​កូន​ៗ​នឹង​រឹង​មាំ និង​ចៀស​ឆ្ងាយ​ពី​ជំ​ងឺ​ផ្ដាសាយ​បាន​យ៉ាង​ពិត​ប្រាកដ៕

​ចុចអាន៖ ​​ អាហារ ៥ ប្រភេទ អ្នកម្តាយគួរឈប់ញ៉ាំ ក្នុងអំឡុងពេលបំបៅដោះកូន

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម