Kylie សេដ្ឋីនីក្មេងជាងគេលើពិភពលោក ចែករំលែកគំនិតល្អៗនៃភាពជោគជ័យ

  • 2019-09-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Kylie Jenner បាន​ក្លាយ​ជា​សេដ្ឋី​នី​​មួយ​រូប ដែល​អាច​រក​លុយ​បាន​ដោយ​ឯង​និង​មាន​វ័យ​ក្មេង​ជាង​គេ​លើ​ពិភពលោក។ នាង​ធ្លាប់​បាន​បង្ហាញ​ខ្លួន ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​និយាយ​អំពី​ក្រុម​គ្រួសារ Kardashian-Jenner មិន​នឹក​ស្មាន​ថា​ក្មេង​ស្រី​អាយុ​ ៩​ឆ្នាំ នា​ពេល​នោះ មិន​ត្រឹម​តែ​ជោគជ័យ​ផ្នែក​បង្ហាញ​ម៉ូដ ជា​តារា Instragram ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​អ្នក​បង្កើត​ស្ទីល​ប្រចាំ​សហស្សវត្សរ៍​ទៀត​ផង ត្រឹម​​វ័យ​១៨​ឆ្នាំ​។

តើ​អ្វី​ទៅ​ដែល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ Kylie Jenner?

ដោយ​សារ​​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​​មនុស្ស​​ជា​ច្រើន​​ជុំវិញ​ពិភព​លោក​មក​លើ​ Instagram របស់​នាង ទើប​ធ្វើ​ឲ្យ​ប្រជា​ប្រិយភាព​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ និង​មាន​​ចំនួន​អ្នក​តាម​ដាន​គាំ​ទ្រ (Follower) រហូត​ដល់​ទៅ ១៤៥លាន​នាក់។ ប្រជាប្រិយ​ភាព ដែល​បាន​មក​ពី​ការ​បង្ហោះ​រូប និង​នៅ​ក្នុង​ Story ស្តាប់​ទៅ​ហាក់​ដូច​​ជា​​រឿង​ធម្មតា​ ប៉ុន្តែ​​វា​បង្កប់​ទៅ​ដោយ​​ភាព​វៃ​ឆ្លាត​​និង​គន្លឹះ​​ផ្ទាល់​ខ្លួន ដែល​​អាច​ក្លាយ​ទៅ​ជា​ឱកាស​ល្អ​សម្រាប់​​បង្កើត​លុយ ដោយ​​ការ​ផ្សព្វ​ផ្សាយ​លក់​ផលិតផល​​​​យី​ហោ​ផ្ទាល់​ខ្លួន​រួម​ទាំង​ម៉ាក​ដទៃ​ជា​ច្រើន​ទៀត​។

ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​អ្នក​ម្តាយ​កូន​មួយ​រូប​នេះ កាន់​តែ​ទាក់​ទាញ​ទ្វេ​ដង គឺ​នាង​តែង​តែ​បង្ហាញ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ដោយ​បើក​ចំហ បង្ហាញ​ពី​ផលិត​ផល​ដែល​​នាង​ប្រើប្រាស់ ​តិចនិក​នៃ​ការ​ស្លៀក​ពាក់ ភាព​ស៊ីវិល័យ ស្ទីល​ថ្មី​ប្លែក​ៗ និងរូបរាងដ៏ស្រស់ស្អាត ព្រមទាំង​ការចូល​រួម​លើក​ទឹក​ចិត្ត​​ដល់​អ្នក​ដែល​មាន​វ័យ​ប្រហាក់​ប្រហែក​គ្នា ឲ្យ​ចេះ​ប្រើ​សេចក្តី​ស្រលាញ់ ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​រីករាយ​ជាមួយ ដើម្បី​សម្រេច​ក្តី​សុបិន​។ នេះ​ជា​មូលហេតុ​មួយ​ ដែល​ធ្វើ​ឲ្យ​អ្នក​តាម​ដាន មើល​ហើយ​ចង់​​បាន​​រាល់​​ផលិតផល​​យក​មក​ប្រើ​​ដូច​ជា​នាង​ដែរ។

ទន្ទឹម​នឹង​ភាព​ជោគជ័យ​ សេដ្ឋី​នី​វ័យ២២​ឆ្នាំ​រូប​នេះ ក៏​បាន​បង្កើត​សម្រង់​សម្តី​មួយ​ចំនួន​ ​ផ្តែផ្តាំ​មនុស្ស​គ្រប់​គ្នា ដើម្បី​អាច​ពង្រឹង​អំណាច​ ​ជឿជាក់​លើ​ខ្លួន​ឯង និង​មិន​ខ្វល់​ពី​អ្នក​ដែល​ស្អប់​យើង។

  • គ្មាន​អ្វី​អាច​យក​ឈ្នះ​ភាព​ជា​ខ្លួន​ឯង​នោះ​ទេ បើ​អ្នក​ផ្សេង​មិន​​​អាច​ទទួល​យក​បាន​ វា​ជា​រឿង​របស់​គេ។

  • អ្នក​ដែល​​មិន​​សូវ​​ស្គាល់​យើង​ច្បាស់ គឺ​ជា​មនុស្ស​ដែល​ឆាប់​វាយ​តម្លៃ​​យើង​បំផុត។

  • ខ្ញុំ​​ដឹង​ថា​កំហុស​គឺ​ជា​អ្វី​មេរៀន ប៉ុន្តែ​វា​ផ្ទុយ​ពី​គំនិត​របស់​ខ្ញុំ តាំង​ពី​ធំ​ដឹង​ក្តី​ ខ្ញុំ​មិន​​ដែល​​ធ្វើ​អ្វី​​ឲ្យ​​ខុស​ទេ ព្រោះ​មាន​ភ្នែក​ច្រើន​ណាស់​កំពុង​មើល​ខ្ញុំ​គ្រប់​រឿង​ទាំងអស់​។

  • ​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​​វាយ​តម្លៃ​គេ​ច្បាស់​ណាស់ គ្រាន់​តែ​ឃើញ​វីដេអូ ៤នាទី​ នៅ​លើ Snapchat Blogs ក្លែង​ក្លាយ​ Stories ឬ​នៅ​​លើ​គម្រប​​ទស្សនាវដ្ដី​ជា​ដើម​។ តាម​ការ​ពិត​មាន​តែ​ក្រុម​គ្រួសារ មិត្ត​ជិតស្និទ្ធ​តែ​ប៉ុណ្ណោះ ទើប​ដឹង​ថា​អ្នកជា​នរណា​ពិត​ប្រាកដ​។

  • ​ពេល​ខ្លះ​ខ្ញុំ​ភ្ញាក់​ស្ទុះ​ឡើង​ភ្លាមៗ គិត​ពី​នេះ​ពី​​នោះ​មិន​ឈប់​ឈរ ប៉ុន្តែ​ត្រូវ​ចាំ​ថា អ្នក​មិន​គួរ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​កើត​ទុក្ខ​​ដោយ​សារ​​រឿង​កំប៉ិកកំប៉ុក​ទាំង​នោះ​ដាច់​ខាត ព្រោះ​នៅ​ទី​បំផុត​វា​គ្មាន​បាន​អ្វី​មក​វិញ​ទេ​។

  • គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ មិន​ថា​ពណ៌​សក់ ការ​តុប​តែង​មុខ ឬ​អ្វី​ផ្សេង​ៗ​ទៀត ​តែង​តែ​មាន​គេ​ ​ចង់​ធ្វើ​តាម​ច្រើន ទាំង​ដែល​ពេល​ខ្លះ ខ្ញុំ​មិន​បាន​កត់​សម្គាល់​ថា ខ្ញុំ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាង​នេះ​សោះ។

  • ខ្ញុំ​មិន​ដែល​មាន​សម្ពាធ​ ក្នុង​ការ​ធ្វើ​ជា​គំរូ​ល្អ​ដល់​គេ​ទេ​។ ខ្ញុំ​តែង​ព្យាយាម​ធ្វើ​រឿង​ល្អ​និង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​គេ​យក​គំរូ​តាម ប៉ុន្តែ​ជីវិត​របស់​ខ្ញុំ​មិន​មែន​រស់​នៅ​​សម្រាប់​តែ​ធ្វើ​ជា​គំរូ​រហូត​ទេ ខ្ញុំ​ក៏​ត្រូវ​ការ​បំពេញ​ចិត្ត​ខ្លួន​ឯង​ដែរ។

  • ក្តី​សុខ​អាច​កើត​ឡើង​បាន​ លុះ​ត្រា​តែ​អ្នក​មិន​យក​គំនិត​អវិជ្ជមាន​របស់​អ្នក​ដទៃមកដាក់ក្នុងចិត្ត។​

គួរបញ្ជាក់ដែរថា Kylie Jenner អាច​រកចំណូល​ប្រចាំឆ្នាំសរុបបានដល់ទៅ ៩០០រយលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩៕

ចុចអានបន្ត៖ មិនដឹងថារាល់ថ្ងៃរស់នៅដើម្បីអ្វី? គួរអានហេតុផលទាំងនេះឡើងវិញ

ប្រភព៖ Vogue | frivolette ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម