មិនដឹងថារាល់ថ្ងៃរស់នៅដើម្បីអ្វី? គួរអានហេតុផលទាំងនេះឡើងវិញ

  • 2019-09-04 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​ជា​ឆ្ងល់​ខ្លួន​ឯង​ណាស់ តើ​សព្វ​ថ្ងៃ​រស់​នៅ​ដើម្បី​ទៅ​? គ្រាន់​តែ​ឭ​សំណួរ​​មួយ​នេះ​ ធ្វើ​ឲ្យ​អារម្មណ៍​ញាប់​ញ័រ មិន​ដឹង​ត្រូវ​ឆ្លើយ​តប​ទៅ​វិញ​​បែប​ណា​ទេ​។ អង្គុយ​គិត​យូរ​ៗ​ទៅ ជីវិត​ដូច​ជា​តែលតោល គ្មាន​គោលដៅ​ច្បាស់​លាស់​សោះ​ឡើយ​។ គិត​បារម្ភ​ជ្រុល​ខ្លាំង​ពេក មិន​អាច​ជួយ​អ្វី​ដល់​អ្នក​ទេ​។ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​មាន​ន័យ អ្នក​ត្រូវ​​បង្កើត​យុទ្ធសាស្រ្ត មាន​គោលដៅ​ជាក់​លាក់ និង​ព្យាយាម​ធ្វើ​វា​ចាប់ពី​ថ្ងៃ​នេះ​​ត​ទៅ​។

ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ ធ្វើ​ឲ្យ​អ្នក​ចង់​រស់​នៅ ដោយ​មិន​នឿយណាយ​នឹង​ជីវិត តស៊ូ​ឆ្ពោះ​ទៅ​កាន់​ចំណុច​មួយ​ដែល​ខ្លួន​ឯង​បាន​កំណត់​ទុក​។

​​១. ត្រូវ​ចាំ​ថា​គ្រប់​យ៉ាង​ក្នុង​ជីវិត​គឺ​ជា​មេរៀន

កើត​មក​មិន​មែន​សម្រាប់​តែ​ដក​ដង្ហើម​ចេញ​ចូល ហើយ​ចង់​រស់​ស្រួល​បាន​ដូច​ចិត្ត​នោះ​ទេ​។ គ្រប់​យ៉ាង​ដែល​​បាន​កើត​ឡើង​​ក្នុង​ជីវិត​គឺ​សុទ្ធ​តែ​ជា​មេរៀន​សម្រាប់​អ្នក​ដើម្បី​លូត​លាស់​ទៅ​មុខ​​។ គ្រាន់​តែ​ពេល​ខ្លះ​ អ្នក​មិន​បាន​រៀប​ចំ​ឲ្យ​បាន​​ត្រឹម​ត្រូវ​​តាម​ដំណាក់​កាល មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់ មិន​ហ៊ាន​សាក​ល្បង​អ្វី​ថ្មីៗ ខ្លាច​ភាព​បរាជ័យ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​​​មិន​អាច​សម្រេច​កិច្ច​ការ​ធំ​ដុំ​បាន​។ ឧបសគ្គ​ ការ​ខាត​បង់ កំហុស បញ្ហា​នានា​ ប្រៀប​បាន​ដូច​​​​ជា​តេស្ត​សាក​ល្បង​ពី​កម្រិត​នៃ​ការ​តស៊ូ​អត់​ធ្មត់​របស់​អ្នក។ ជីវិត​អាច​ប្រសើរ​ឡើង គ្មាន​ពាក្យ​ថា​ចុះ​ចាញ់ កាល​ណា​អ្នក​មិន​ស្តាយ​ក្រោយ និង​ចង់​យល់​ដឹង​បន្ថែម​ពី​បញ្ហា​ទាំង​អស់​ក្នុង​ជីវិត​។

២. ជ្រើស​រើស​យក​ក្តី​សុខ​និង​ចេះ​​ស្កប់​ចិត្ត

ក្តី​សុខ​និង​ភាព​ជោគជ័យ​មិន​អាស្រ័យ​លើ​ទ្រព្យ​ធន សំខាន់​លើ​ចិត្ត​គំនិត​។ រស់​នៅ​ជាមួយ​បច្ចុប្បន្នកាល មិន​ខ្វល់​ពី​អតីតកាល មិន​បារម្ភ​ពី​អនាគតកាល​​ហួសហេតុ​។ នេះ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​ស្កប់ មិន​រវើរវាយ​ទៅ​លើ​របស់​​ណា​មួយ​ មនុស្ស​​ណា​ម្នាក់ ឬ​ក្តី​សុបិន​អ្វី​ឡើយ ព្រោះ​វា​គ្រាន់​តែ​​ផ្សែង​អ័ព្ទ​ក្នុង​ខួរក្បាល​ប៉ុណ្ណោះ​។ ជីវិត​អាច​ស្រឡះ​ល្អ​ ប្រសិន​បើ​អ្នក​រស់​នៅ​ជាមួយ​ការពិត​ ទទួល​យក​អ្វី​ដែល​ខ្លួន​កំពុង​មាន​ នោះ​​ឱកាស​ល្អ​នឹង​ចូល​មក​តាម​ក្រោយ​។

៣. បន្សល់​ទុក​កេរ្តិ៍​ដំណែល​

ពេល​វេលា​ដែល​អ្នក​បាន​ចំណាយ​ នឹង​មិន​អសារបង់ ប្រសិន​បើ​អ្នក​អាច​បន្សល់​ទុក​​​កេរ្តិ៍​ដំណែល​​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ ស្តាប់​ទៅ​ដូច​ជា​ធំធេង​ពិបាក​ធ្វើ​ណាស់​ ប៉ុន្តែ​ត្រង់​ន័យ​នេះ​ ចង់​សំដៅ​ទៅ​លើ​រឿង​តូច​តាច​មួយ​ចំនួន ដែល​នរណា​ក៏​អាច​ចូលរួម​ចំណែក​បាន​ដែរ​ដូច​ជា ការ​ចេះ​ជួយ​​គ្នា ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ដទៃ ធ្វើ​អំពើ​ល្អ​ដោយ​មិន​រំពឹង​ចង់​បាន​​សំណង​មក​វិញ​។ ​

៤. មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង

មនុស្ស​ម្នាក់​ៗ​មាន​បទពិសោធន៍ គំនិត បំណង​ប្រាថ្នា ភាព​ភ័យ​ខ្លាច និង​ការ​តស៊ូ​ខុស​ៗ​គ្នា។ ហេតុ​នេះ​ហើយ កុំ​ព្យាយាម​បង្ខំ​ខ្លួន​ឯង ប្រើ​ជីវិត​រស់​នៅ​ដូច​អ្នក​ដទៃ ទាំង​ដែល​មិន​អាច​ទៅ​រួច​។ គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ដែន​កំណត់ កុំ​រំពឹង​ខ្ពស់​ពេក នាំ​តែ​ខក​ចិត្ត​លើស​ដើម។ រៀន​សូត្រ​បន្ថែម​ និង​លូត​លាស់​ទៅ​មុខ​ដោយ​ភាព​ម្ចាស់​ការ​​មិន​ចម្លង​នរណា​ម្នាក់​។

៥. មាន​ជីវិត​គឺ​មាន​តម្លៃ

​តម្លៃ​នៃ​ជីវិត​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក​។ អ្នក​រស់​នៅ​ដោយ​ភាព​ឯករាជ្យ ពឹង​លើ​សមត្ថភាព​ខ្លួន​ឯង មិន​ផ្តេក​ផ្តួល រង​សម្ពាធ​ពី​របត់​ក្នុង​សង្គម​ទំនើប​។ អ្នក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​អាច​ជ្រើស​រើស​និយម​ន័យ​​ក្នុង​ជីវិត​។ មិន​ចាំ​បាច់​​មាន​អ្វី​ធំ​ដុំ​ពេក ពេល​ខ្លះ​​សូម​ត្រឹម​មាន​សុខភាព​ល្អ ក៏​ជីវិត​មាន​តម្លៃ​លើស​លប់​ណាស់​ទៅ​ហើយ​ សំខាន់​អ្នក​អាច​រក​ឃើញ​​ចំណុច​ពិសេស​​របស់​ខ្លួន​ឯង​។

កុំទាន់អាលធុញទ្រាន់នឹងជីវិត​ ពិភពលោកនេះមាន​រឿង​រ៉ាវជាច្រើនទៀតដែលអ្នកដឹងមិនទាន់អស់៕

ចុចអានបន្ត៖ ៥យ៉ាង​ត្រូវ​​ជៀស​​ដាច់​​ខាត​​ បើ​មិន​ចង់​មាន​​​វិប្បដិសារី​​ក្នុង​ជីវិត

ប្រភព៖ everydaypower ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម