ចង់ឲ្យបរទេសស្គាល់និងអភិរក្សម្ហូបខ្មែរ ចុងភៅនារីម្នាក់ខំធ្វើរឿងច្រើនយ៉ាងគួរឲ្យរំភើបចិត្ត​ (វីដេអូ)

  • 2019-09-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

អ្នក​ស្រី ​រស់​ រតនៈ ​ជា​ចុង​ភៅ​ខ្មែរ​ម្នាក់​ដែល​​តែង​ទៅ​ក្រៅ​ប្រទេស​ញឹក​ញាប់។ ​ប៉ុន្តែ​ពេល​ទៅ​ដល់​បរទេស​ម្ដង​ៗ ​ជន​ជាតិ​គេ​ស្គាល់​​ម្ហូប​របស់​ប្រទេស​ផ្សេង​ៗ​យ៉ាង​​ច្បាស់ ​សូម្បី​ម្ហូប​នៅ​ជុំវិញ​ប្រទេស​ជិត​ខាង​យើង​ដូច​ជា​ថៃ វៀត​ណាម​ជា​ដើម ​ក៏​បរទេស​ជា​ច្រើន​ស្គាល់​ដែរ។ ​ដោយ​ឡែក​ម្ហូប​ខ្មែរ​ហាក់​ឯកោ មិន​សូវ​មាន​អ្នក​ណា​ស្គាល់​នោះ​ឡើយ។ ​

​​​ឃើញ​ដូច្នេះ ចុង​ភៅ​រូប​នេះ​បាន​សាក​ល្បង​ធ្វើ​ម្ហូប​ខ្មែរ​ឲ្យ​បរទេស​ភ្លក់ ​ហើយ​ពួក​គេ​លាន់​មាត់​ថា​ឆ្ងាញ់​និង​​ប្រាប់​ថា​រស​ជាតិ​ពិសេស​បែប​នេះ ​កន្លង​មក​ពួក​គេ​មិន​ធ្លាប់​ហូប​ទាល់​តែ​សោះ។ ​​ពួក​គេ​សរសើរ​ថា ​ម្ហូប​ខ្មែរ​ឆ្ងាញ់​ថ្មី​ស្រស់ គួរ​ឲ្យ​ចង់​ទទួល​ទាន​ណាស់។ ​ដោយ​សារ​តែ​​មិន​ចង់​បាត់​បង់​ម្ហូប​ខ្មែរ និង​ចង់​អភិរក្ស​​ម្ហូប​​ខ្មែរ​​ឲ្យ​មាន​គេ​ស្គាល់​ច្រើន ដូច្នេះ​ចុង​ភៅ​រតនៈ ​សម្រេច​ចិត្ត​ចង​ក្រង​សៀវ​ភៅ​​មាន​ឈ្មោះ​ថា ​​"​ញ៉ាំ​" ​ដែល​ប្រមូល​ម្ដុំ​ដោយ​ម្ហូប​ខ្មែរ​​​ច្រើន​មុខ​។ ​អ្នក​ស្រី ​​ខំ​ស្រាវ​ជ្រាវ​​​ហើយ​ជួប​ការ​លំបាក​ច្រើន​ដោយសារ​ពិបាក​រក​ឯក​សារ។ ​ទម្រាំ​សរសេរ​មួយ​មុខ​ម្ហូប​ឡើង​គឺ​ស្មុគ​ស្មាញ​ ​​ ​មិន​ថា​ទាំង​គ្រឿង​ផ្សំ រង្វាស់​រង្វាល់​គ្រឿង​ផ្សំ ​ការ​រចនា ​រូប​ភាព ​​និង​ស្វែង​រក​​អ្នក​ជំនាញ​ឲ្យ​ត្រួត​ពិនិត្យ​ជា​ដើម។ ​​​

ចំណាយ​ពេល​ជាង​២​ឆ្នាំ ​ឆ្លង​កាត់​ការ​លំ​បាក​ជា​ច្រើន​ទាំង​ថវិកា​និង​កម្លាំង​ញើស​ឈាម ​ជួន​កាល​រហូត​ស្រក់​ទឹក​ភ្នែក​ទៀត ​ចុង​ភៅ​រតនៈ ​បាន​សម្រេច​បោះ​ពុម្ព​​ផ្សាយ​សៀវ​ភៅ​នេះ​ឡើង ​ដោយ​​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន ​សូម្បី​នៅ​ក្រៅ​ប្រទេស​ដោយ​លក់​អស់​ជាង​ពីរ​ពាន់​ក្បាល ពិសេស​​​នៅ​​អាមេរិក​និង​អូស្ត្រាលី​លក់​ដាច់​ជាង​គេ។ លើស​ពី​នេះ ​តាម​រយៈ​ការ​ទិញ​សៀវ​ភៅ​ "ញ៉ាំ" ​​អ្នក​ស្រី​បាន​ទុក​មួយ​ចំណែក​សម្រាប់​ការ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ដែល​លោក​អ្នក​អាច​ទិញ​បាន​នៅ​តាម​បណ្ណាគារ​ផ្សេងៗ​។

ចុង​ភៅ​សម្បូរ​​វោហារ​សព្ទ​​បន្ត​ថា ដើម្បី​ផ្សព្វ​ផ្សាយ​ម្ហូប​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់​តែ​ទូលាយ ​អ្នក​ស្រី​ក៏​បាន​បង្កើត​បេសកកម្ម​មួយ ក្នុង​ការ​លើក​ស្ទួយ​និង​ថែរក្សា​រូបមន្ត​ម្ហូប​ខ្មែរ ។ ដោយ​ជាក់​ស្ដែង​អ្នក​ស្រី​ក៏​ជួយ​រក​កម្រៃ​ដើម្បី​ស្រាវ​ជ្រាវ​មុខ​ម្ហូប​ខ្មែរ លើស ​១​​៥,០០០ ដុល្លារ​ដោយ​​ទទួល​បាន​ជោគ​ជ័យ​លើស​ការ​រំ​ពឹង​ទុក។

សម្រាប់​សៀវ​ភៅ​ ​"​ញ៉ាំ" ​លោក​អ្នក​អាច​ទិញ​បាន​ក្នុង​តម្លៃ ២៩​ដុល្លារ ក្នុង១ក្បាល។ ​សម្រាប់​ប្រិយ​មិត្ត​ Kanha ​និង Sabay ​នឹងទទួលបានតម្លៃ​ពិសេស ត្រឹម​តែ​ ២៥​ដុល្លារ​ ប៉ុណ្ណោះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ​ម្យ៉ាង​ទៀត ថវិកា ​១ ,​៥០ ​ដុល្លារ ពី​ការ​ទិញ​សៀវ​ភៅ​ "ញ៉ាំ​" ​នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា។ លោក​អ្នក​​អាច​ទិញ​សៀវ​ភៅ​មុខ​ម្ហូប​នេះ​តាម​រយៈ​តំណ Link ​នេះ​ ៕

ចុចអាន៖ ​​ និស្សិតស្រីម្នាក់ប្រាប់គុណសម្បត្តិរៀនជំនាញដែលខ្លួនស្រលាញ់ ទោះក្នុងថ្នាក់មានស្រីតែម្នាក់ក៏ដោយ

​​​​​

អត្ថបទ៖ លឹម សុនា