និស្សិតស្រីម្នាក់ប្រាប់គុណសម្បត្តិរៀនជំនាញដែលខ្លួនស្រលាញ់ ទោះក្នុងថ្នាក់មានស្រីតែម្នាក់ក៏ដោយ

  • 2019-08-27 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា និស្សិត​ភាគ​ច្រើន​ត្រូវបន្ត​មុខ​ជំនាញ​នៅ​ថ្នាក់​មហាវិទ្យាល័យ​​។ ការ​រើស​​ជំនាញ​សិក្សា​នៅថ្នាក់​មហាវិទ្យាល័យ​ពិតជា​មិនងាយ​ស្រួល​ឡើយ។ ដោយ​ឡែក និស្សិត​មួយ​ចំនួន​រើស​ជំនាញ​សិក្សាដោយ​ខ្លួន​ស្រលាញ់ ហើយ​មួយ​ចំនួន​ទៀត​រើស​ជំនាញ​សិក្សា​តាម​ឪពុក​ម្តាយ​។

កញ្ញា មិន តាំងលីវ ជា​និស្សិត​ស្រី​មួយ​រូប​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ សព្វថ្ងៃ​កំពុង​សិក្សា​ជំនាញ​អគ្គិសនី​និង​ថាមពល​ផ្នែក​អគ្គិសនី​និង​ស្វ័យ​ប្រវត្តិ​កម្ម​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឆ្នាំ​ទី ៤។

អ្វី​ដែល​គួរឲ្យ​ស្ងើច​សរសើរ​ចំពោះ​និស្សិត​ស្រី​រូបនេះ គឺដោយ​សារ ​តាំងលីវ ជា​សិស្ស​ស្រីតែ​មួយ​រូប​បាន​ជ្រើស​រើស​រៀន​ជំនាញ​អគ្គិសនី​និងស្វ័យប្រវត្តិកម្មមក​សិក្សា​ក្នុង​ថ្នាក់​បរិញ្ញាបត្រ​របស់​ខ្លួន។ ជា​សិស្ស​ស្រី​តែ​ម្នាក់​នៅ​ក្នុង​ថ្នាក់រៀន លើស​ពីនេះ​កញ្ញា​ក៏ជា​សិស្ស​ពូកែ​មួយ​រូប ព្យាយាម​ តស៊ូ​អំណត់ក្នុង​ការ​សិក្សា​មុខ​ជំនាញ​អគ្គិសនី​ផង​ដែរ។

ទោះ​បីជា​មានការជំ​ទាស់​បន្តិច​បន្តួចពី​សំណាក់​គ្រួសារ​របស់​កញ្ញា​ពេល​រើស​ជំនាញ​អគ្គិសនី​ក៏កញ្ញា​រូប​នេះ​ព្យាយាម​ពន្យល់​និងជម្នះ​តស៊ូរៀន​ឲ្យ​ទាល់តែ​បាន​ដោយ​ហេតុ​តែ​ខ្លួន​ស្រលាញ់​និង​ចាប់​អារ​ម្មណ៍​​ខ្លាំង។ នៅក្នុង​ថ្នាក់រៀន​ទៀត​សោត ថ្វីត្បិតតែ​មាន​ស្រី​តែម្នាក់​ឯង​ក៏​ពិត​មែន និស្សិត​រូប​នេះមិន​ដែល​អាក់​អន់ស្រពន់​ចិត្ត​ឡើយ ព្រោះ​ជាមុខ​ជំនាញ​ដែល​ខ្លួន​ចង់ចេះ​ចង់ដឹង។ ​

ស្តែងចេញ​ឲ្យ​ឃើញ​អំឡុង​ពេល​សិក្សា​ជំនាញ​អគ្គិសនី តាំង​លីវ ក៏បាន​ធ្លាប់​ចូល​ខ្លួន​ប្រឡូក​ក្នុង​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​បាន​ចំនួន​ពីរ​ដង​រួម​មក​ហើយ។ តាម​រយៈ​កិច្ច​សម្ភាសន៍ កញ្ញា​បាន​ប្រាប់​ឲ្យ​ដឹង​ថា លើក​ទី១ ក្រុម​របស់​ខ្លួន​ទទួល​បាន​ជយ​លាភី​លេខ ១ ដោយ​បាន​ទៅ​ប្រកួត​បន្ត​នៅ​ប្រទេស​វៀត​ណាម​កាល​ពី​ខែ​ ឧសភា ​ឆ្នាំ ២០១៨ និង​លើកទី ២ ក្រុម​របស់​ខ្លួន​មិន​បាន​ទទួល​បាន​ជយ​លាភី​ក៏ពិត​មែន​តែក៏​ទទួល​បាន​ពាន​រង្វាន់​ខាង​រចនា​រ៉ូបូត​ស្អាត​ក្នុង​ការ​ប្រកួត​នា​ឆ្នាំ ២០១៩​នេះ។

ចុចមើលវីដេអូសម្ភាស៖

ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី៥ ឆ្នាំ២០១៨ (ជយលាភីលេខ ១)
ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៩ (ទទួលបានពានរចនា)

រូបភាពផ្តល់ឲ្យដោយ៖ កញ្ញា មិន តាំងលីវ

ចុចអានបន្ត៖

រៀនពូកែ អត្តចរិតល្អ ជម្រុញឲ្យនិស្សិតស្រីខ្មែរជាប់អាហារូបករណ៍ដ៏កម្រទៅបារាំង

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម