ស្បែកមុខទន់រលោងក្នុងរយៈពេលខ្លី ដោយវិធីធ្វើម៉ាស់បិទមុខនៅផ្ទះ

  • 2019-08-23 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ស្អាត​មាន​សុខភាព​ល្អ មិន​មែន​សំដៅ​ទៅ​​លើ​ពេល​ផាត់​ម្សៅ​ ប៉ុន្តែ​បើ​​ស្បែក​នៅ​តែ​ស្រស់​ថ្លា​ចែង​ចាំង​ទោះ​​បី​មិន​តុប​តែង ទើប​ជា​អ្វី​ដែល​មនុស្ស​ស្រី​ប្រាថ្នា​ចង់​បាន​ពិត​ប្រាកដ។ អ្នក​មិន​ចាំ​បាច់​ចំណាយ​លុយ​​ទៅ​លើ​ផលិតផល​គីមី​ច្រើន​ពេក​ក៏​បាន ព្រោះ​វិធី​ធម្មជាតិ​មួយ​ចំនួន ក៏​មាន​ប្រសិទ្ធភាព អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ទន់​រលោង​ និង​អាច​ធ្វើ​នៅ​ផ្ទះ​បាន​ដោយ​ខ្លួន​ឯង​ទៀត​។

​១. ម៉ាស់​ស្រ្តបឺរី

គ្រឿងផ្សំ៖ ស្រ្តបឺរី ៦-១០ ផ្លែ ទឹក​ឃ្មុំ​១ស្លាប​ព្រា​បាយ

របៀប​ធ្វើ៖ យក​ផ្លែ​ស្ត្របឺរី​ស្រស់​មិន​កិន​ចូល​គ្នា​ជាមួយ​នឹង​ទឹក​ឃ្មុំ​ឲ្យ​បាន​ម៉ដ្ឋ​ល្អ បន្ទាប់​មក​យក​វា​មក​បិទ​លើ​មុខ​ប្រមាណ ២០នាទី រួច​ហើយ​ទើប​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ និង​លាង​ទឹក​ត្រជាក់​ចុង​ក្រោយ​គេ។

២​​. ម៉ាស់​ប្រទាល​កន្ទុយ​ក្រពើ

គ្រឿងផ្សំ៖ ​ប្រទាល​កន្ទុយ​ក្រពើ​១​​ស្លាប​ព្រា​បាយ ទឹកដោះគោ​ស្រស់​២ស្លាបព្រាបាយ និង​ម្សៅ​រមៀត​បន្តិច។

របៀប​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​​ទាំង​អស់​បញ្ចូល​គ្នា ឲ្យ​ខាប់​ល្មម ហើយ​យក​ទៅ​លាប​លើ​មុខ ឬ​ក​ក៏​បាន។ បន្ទាប់​មក​ទុក​ចោល​ពី ២០-៣០នាទី សឹម​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ។

៣. ទឹក​ឃ្មុំ​និង​ទឹក​ដោះ​គោ

គ្រឿងផ្សំ៖ ទឹក​ដោះ​គោ​ស្រស់​៤​ស្លាប​ព្រា​កាហ្វេ ទឹក​ឃ្មុំ​២​ស្លាបព្រា​កាហ្វេ និង​សំឡី​សម្រាប់​ជូត​មុខ។

របៀប​ធ្វើ៖ យក​ទឹក​ដោះ​គោ​ស្រស់​និង​ទឹក​ឃ្មុំ​លាយ​ចូល​គ្នា ហើយ​កម្តៅ​ឲ្យ​ក្តៅ​តិចៗ បន្ទាប់​មក​ប្រើ​សំឡី​ដើម្បី​ជ្រលក់​ជូត​មុខ ហើយ​ទុក​ចោល​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១០​-២០ នាទី ទើប​ទៅ​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ និង​លាង​ទឹក​ត្រជាក់​តាម​ក្រោយ។

៤. ម៉ាស់​ចេក

គ្រឿងផ្សំ៖ ចេក​ទុំ​១ផ្លែ ទឹក​ឃ្មុំ​១​ស្លាប​ព្រា​កាហ្វេ

របៀប​ធ្វើ៖ កិន​ចេក​និង​ទឹក​ឃ្មុំ​ចូល​គ្នា​ឲ្យ​បាន​​​សព្វ​ល្អ ហើយ​យក​ទៅ​លាប​ឲ្យ​ពេញ​ផ្ទៃ​មុខ​ ទុក​ចោល​១៥​នាទី ទើប​ទៅ​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ និង​លាង​ទឹក​ត្រជាក់​តាម​ក្រោយ។

៥. ម៉ាស់​ផ្លែបឺរ

គ្រឿងផ្សំ៖ ផ្លែ​បឺរ​ទុំ​១ ទឹក​ឃ្មុំ​១​ស្លាប​ព្រា​បាយ

របៀប​ធ្វើ៖ យក​តែ​សាច់​ផ្លែ​បឺរ​មក​កិន​លាយ​គ្នា​ជាមួយ​ទឹក​ឃ្មុំ បន្ទាប់​មក​លាប​នៅ​លើ​ផ្ទៃ​មុខ ទុក​ចោល​ពី​ ១០-១៥ នាទី ហើយ​ត្រូវ​លាង​ចេញ​ជាមួយ​នឹងទឹក​ក្តៅ​ឧណ្ណៗ។

ម៉ាស់ធម្មជាតិ​ធ្វើ​នៅ​ផ្ទះ តម្រូវ​ឲ្យមាន​ការ​អត់​ធ្មត់​បន្តិច​ ប៉ុន្តែ​អ្នក​នឹង​មិន​ខក​​បំណង ហើយ​វា​ក៏​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​​ដែរ​។ ព្យាយាម​ប្រើ​វិធី​ណា​មួយ​ក្នុង​ចំណោម​អ្វី​ដែល​បាន​រៀបរាប់​ខាង​លើ ក្នុង​រយៈពេល​២-៣​សប្តាហ៍ អ្នក​សង្កេត​​ឃើញ​ស្បែក ទន់ ភ្លឺ​រលោង​ប្លែក​​ជាក់​ជា​មិន​ខាន​៕​

ចុចអានបន្ត​​​​​​៖ ពិតទេ លាបឡេការពារកម្តៅថ្ងៃ២មុខខុសគ្នាក្នុងពេលតែមួយ ទទួលប្រសិទ្ធភាពខ្លាំង?

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី