រាងកាយ​ខ្វះ​​វីតាមីន D ធ្ងន់ធ្ងរហើយ បើ​មាន​អាការៈជ្រុះ​សក់ អស់​កម្លាំង និង​ឈឺ​ប៉ុន្មាន​មុខ​នេះ​

  • 2019-08-13 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វីតាមីន​ D គឺ​ជា​ប្រភេទ​វីតាមីន​មួយ​មុខ​គត់​ដែល​រាងកាយ​អាច​ទទួល​បាន​ដោយ​មិន​ចាំបាច់​ទាល់​តែ​ញ៉ាំ​ចំណី​អាហារ​ដូច​វីតាមីន​ផ្សេង​ទៀត ពោល​គឺ​ត្រឹម​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​ រាងកាយ​នឹង​ទទួល​បាន​វីតាមីន​នេះ​គ្រប់​គ្រាន់​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​នៅ​តែ​ក្នុង​ម្លប់ មិន​សូវ​ចេញ​ឱ្យ​ត្រូវ​កម្ដៅ​ថ្ងៃ រាងកាយ​របស់​អ្នក​នឹង​ខ្វះ​វីតាមីន D ហើយ​លទ្ធផល​នៃ​កង្វះ​នេះ​នឹង​បង្ក​ឱ្យរាងកាយ​មាន​បញ្ហា​ដូច​ខាង​ក្រោម៖

អស់​កម្លាំង

អាការៈ​អស់​កម្លាំង​អាច​បណ្ដាល​មក​ពី​ការ​ងងុយ​ដេក ការ​ធ្វើ​ការ​ច្រើន​ ឬ​កង្វះ​វីតាមីន D។ គ្រូ​ពេទ្យ​បាន​ណែនាំ​ថា បញ្ហា​នៃ​ការ​អស់​កម្លាំង​ភាគ​ច្រើន​គឺ​ជា​រោគ​សញ្ញា​នៃ​ការ​ខ្វះ​វីតាមីន D ក្នុង​រាងកាយ ដូច្នេះ​អ្នក​គួរ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​វីតាមីន​ដូច​ជា ថ្លើម​គោ ស៊ុត​ក្រហម​ជា​ដើម​ដើម្បី​បង្កើន​កម្លាំង​ឡើង​វិញ។

ឈឺ​ខ្នង

អាការៈ​ឈឺ​ខ្នង​អាច​បង្ក​មក​ពី​ការ​អង្គុយ​ ឬ​ពត់​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ ឬ​ការ​អង្គុយ​យូរ​ពេក​។ ប៉ុន្តែ​នៅ​មាន​មូលហេតុ​មួយ​ទៀត គឺ​ការ​ខ្វះ​វីតាមីន​ D ក្នុង​រាងកាយ ដែល​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​មាន​ការ​ឈឺចាប់​ផ្នែក​ខ្នង​រ៉ាំរ៉ៃ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​គួរ​តែ​ឧស្សាហ៍​ចេញ​ទៅ​ខាង​ក្រៅ​ទទួល​កម្ដៅ​ថ្ងៃ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ឬ​ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន​ D​​។ ​​ ​

ឈឺ​សាច់​ដុំ

ជាទូទៅ ការ​ឈឺ​សាច់ដុំ​កើត​ឡើង​ក្រោយ​ជួប​ប្រទះ​គ្រោះថ្នាក់ ឬ​ការ​រងគ្រោះ​អ្វី​មួយ​។ ប៉ុន្តែ​បើ​អ្នក​នៅ​សុខៗ​ស្រាប់​តែ​ឈឺ​សាច់​ដុំ​ ឬ​ឈឺ​ក្នុង​ឆ្អឹង​ដោយ​គ្មាន​មូលហេតុ​ គួរ​តែ​ប្រញាប់​គិត​ពី​ការ​បំពេញ​វីតាមីន D ដល់​រាងកាយ​បន្ថែម​។

បាក់​ទឹក​ចិត្ត

ការ​ចេញ​ទៅ​ក្រៅ​ញឹកញាប់​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​បាន​ជ្រះ​ស្រឡះ​និង​រីករាយ។ ចំណែក​អ្នក​ដែល​មិន​សូវ​ចេញ​ក្រៅ​ អាច​មាន​ភាគរយ​នៃ​ការ​កើត​ជំងឺ​ធុញថប់ ឬ​បាក់​ទឹក​ចិត្ត​ខ្ពស់​។ ឧទាហរណ៍ មិន​ថា​មនុស្ស​ចាស់​​ ជំទង់​ដែល​នៅ​តែ​ក្នុង​ផ្ទះ មើល​ថែកូន ឬ​មិន​ចូល​ចិត្ត​ចេញ​ក្រៅ​សោះ អារម្មណ៍​នឹង​ចេះ​តែ​ស្រងេះស្រងោច រឹត​តែ​មិន​ចង់​ទៅ​ណា​ទាំង​អស់​។ បញ្ហា​ទាំង​នេះ វីតាមីន​ D អាច​ដោះ​ស្រាយ​បាន​។

របួស​ក្រ​ជា​សះ

ជា​ធម្មតា​ របួស​ដែល​មុត​ឬ​ដាច់​រលាត់​អាច​នឹង​ជា​សះ​បន្ទាប់​១ទៅ​២​សប្ដាហ៍។ ប៉ុន្តែ​បើ​អ្នក​សង្កេត​ឃើញ​ថា មុខ​របួស​របស់​អ្នក​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​នេះ​ដើម្បី​ក្រៀម​ឬ​ជា​សះ បាន​ន័យ​ថា​រាងកាយ​កំពុង​ខ្វះ​ជាតិ​វីតាមីន​ D ហើយ ព្រោះ​វីតាមីន​ D មាន​តួនាទី​ជួយ​បង្កើន​ល្បឿន​កោសិកា​ក្នុង​ការ​បណ្ដុះ​សាច់​ថ្មី​ដើម្បី​បិទ​ផ្ជិត​មុខ​របួស​ឱ្យ​ជា​សះ​ស្បើយ។

ជ្រុះ​សក់

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា វីតាមីន​ D ជួយ​បង្កើត​ឫស​សក់​ថ្មីៗ​បាន​ច្រើន និង​ឆាប់​រហ័ស ដូច្នេះ​បើ​អ្នក​កំពុង​ជួប​បញ្ហា​ជ្រុះ​សក់​ ប្រហែល​អាច​ជួប​ប្រទះ​នូវ​កង្វះ​វីតាមីន​មួយ​នេះ​ហើយ។

សម្ពាធ​ឈាម​ឡើង​ខ្ពស់

របាយការណ៍​មក​ពី​គ្លីនិក​ Mayo បាន​ឱ្យ​ដឹង​ថា មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ធំៗ​នៃ​ជំងឺ​បេះដូង និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា បណ្ដាល​មក​ពី​កង្វះ​វីតាមីន​ D៕

ប្រភព៖ healthline ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម