មកដឹងពីប្រាក់ខែ អ្នកបម្រើការលើយន្តហោះល្បីៗលើពិភពលោក

  • 2019-07-01 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារ​ជា​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ ជា​អាជីព​មួយ​ដែល​ស្ថិត​ក្នុង​ក្តី​ស្រមៃ​របស់​មនុស្ស​ភាគ​ច្រើន។ ដោយ​សារ​តែ​ការងារ​នេះ ផ្តល់​ប្រាក់​ខែ​ឲ្យ​ខ្ពស់ និង​ជា​ឱកាស​​ល្អ​​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ។ ទម្រាំ​បាន​ជាប់​ជា​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ អ្នក​ត្រូវ​មាន​​ទាំង​ចំណេះ​ដឹង បុគ្គលិក​លក្ខណៈ​ល្អ រូប​សម្បត្តិ​ស្រស់​សោភា និង​មាន​សុខភាព​ល្អ​ផង​ដែរ។ តម្រូវ​ការ​ច្រើន​យ៉ាង​នេះ តើ​ពួក​គាត់​ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន​ទៅ? ចង់​ដឹង​កាន់​តែ​ច្បាស់ ទៅ​តាម​ដាន ប្រាក់​ខែ​ខុស​ៗ​គ្នា របស់​ក្រុម​ហ៊ុន​អាកាសចរ​ល្បីៗ​​លើ​ពិភពលោក។

១. ជើង​ហោះ​ហើរ​​បាំង​កក (Bangkok Airways)

ជើង​ហោះ​ហើរ​​បាំង​កក (Bangkok Airway) បាន​ចាប់​ផ្តើម​បើក​ដំណើរ​ការ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​១៩៦៨ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Bangkok Aviation Co., Ltd និង​​បាន​រៀប​ចំ​​យន្តហោះ​ជា​ច្រើន​គ្រឿង សម្រាប់​​ដឹក​អ្នក​ដំណើរ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ២៤០០-៣០០០ ដុល្លារ​អាមេរិក។

២. ជើង​ហោះ​ហើរ​ អេមីរ៉េត​ (Emirate Airline)

​​​នេះ​ជា​ជើង​ហោះហើរ មក​ពី​សហភាពអារ៉ាប់រួម ដែល​បាន​ដឹក​អ្នក​ដំណើរ​ទៅ​កាន់​ទិសដៅ​ ៨៧​ កន្លែង​ផ្សេង​គ្នា ក្នុង ៥៩ ​ប្រទេស​​ជុំវិញ​ពិភព​លោក​។ ជើង​ហោះ​ហើរ​ Emirate ក៏​មាន​សេវាកម្ម​​លក់​ទំនិញ​ច្រើន​ប្រភេទ ជាមួយ​នឹង​យន្តហោះ​ថ្មី​ៗ​ រួម​ទាំង​មាន​បុគ្គលិក​ដែល​អាច​និយាយ​បាន​ច្រើន​ភាសា​ផង​ដែរ។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ២៦០០-៣៥០០ ដុល្លារ​អាមេរិក។

៣. ជើង​ហោះ​ហើរ​កាតា (Qauar Airways)

Qauar Airways ជា​ជើង​ហោះហើរ​មក​ពី​ប្រទេស​កាតា ដែល​ធ្វើ​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទៅកាន់​ទិសដៅ ជាង​ ១០០​កន្លែង​​លើ​ពិភពលោក ហើយ​វា​ក៏​មាន​ឈ្មោះ​ល្បី​ល្បាញ​លឿន​ខ្លាំង​ណាស់​ដែរ។ បច្ចុប្បន្ន​នេះ Qauar Airways បាន​ក្លាយ​ជា​ជើង​ហោះហើរ​មួយ​ក្នុង​ចំណោម​ជើង​ហោះ​ហើរ​ទាំង​៥​​ ដែល​បាន​ជាប់​ក្នុង​តារាង​​លំដាប់​ផ្កាយ​៥។ ក្នុង​មួយ​ឆ្នាំៗ មាន​អ្នក​ដំណើរ​យ៉ាង​ហោច​ណាស់ ១២​លាន​នាក់​ បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​មួយ​នេះ។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ២៦០០-៣២០០ ដុល្លារ​អាមេរិក។

៤. ជើង​ហោះ​ហើរ​សិង្ហបុរី (Singapore Airlines)

Singapore Airlines ជា​ជើង​ហោះហើរ​មក​ពី​​ប្រទេស​សិង្ហបុរី។ ជាមួយ​នឹង​​ការ​ចុះចត​នៅ​ប្រលាន​យន្តហោះ Changi ដែល​ត្រូវ​បាន​​ចាត់​ទុក​ជា​ទី​ផ្សារ​​សំខាន់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ផ្លូវ​ដែល​នាំ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី និង​អង់​គ្លេស តាម​រយៈ​អឌ្ឍគោល​ខាង​កើត រួម​ទាំង​ការ​ហោះហើរ​​ឆ្លង​កាត់​ប៉ាស៊ីហ្វិក​ផង​ដែរ។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ២៦០០-៣២០០ ដុល្លារ​អាមេរិក។

៥. ជើង​ហោះហើរ​អេត្យូពី (Etihad Airways)

Etihad Airways គឺ​ជា​ជើង​ហោះហើរ​ជាតិ មក​ពី​​សហភាព​អារ៉ាប់រួម ដែល​ចាប់ផ្តើម​ដំណើរ​ការ​ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៣។ សព្វ​ថ្ងៃ​វា​មាន​ជើង​ហោះហើរ​ជាង​១២០០​ក្នុង​មួយ​សប្តាហ៍ និង​មាន​ ៧០​ទិសដៅ​ ក្នុង​ប្រទេស​ជិត​៥០ ទូទាំង​សកល​លោក។ Etihad Airways ក៏​មាន​សេវាកម្ម​ម្ហូប​អាហារ​និង​ភេសជ្ជៈ​លំដាប់​ផ្កាយ​៥ ដែល​មាន​រសជាតិ​ឆ្ងាញ់​ទៀត​ផង។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ២៦០០-៣២០០ ដុល្លារ​អាមេរិក។

៦. ជើង​ហោះហើរ​ថៃ (Thai Airways)

នេះ​ជា​ជើង​ហោះ​ហើរ​របស់​ប្រទេស​ថៃ ដែល​ចាប់​ដំណើរ​ការ​ តាំង​ពី​ឆ្នាំ ១៩៦០​មក​ម្ល៉េះ។ កន្លែង​ចុះចត​ គឺ​នៅ​ប្រលាន Suvarnabhumi។ Thai Airways ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​ល្អ សម្រាប់​ជើង​ហោះ​ហើរ​ពី​ប្រទេស​ថៃ​ទៅកាន់​ទីក្រុង​ឡុងដុង ថែម​ទាំង​ទទួល​បាន​ពាន​រង្វាន់​​​យន្ត​ហោះ​ដែល​មាន​​អនាម័យ​ខ្ពស់ ពី​អង្គការ​សុខភាព​ពិភពលោក។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ១៤០០-២៦០០ ដុល្លារ​អាមេរិក។

៧. ជើង​ហោះហើរ​ជប៉ុន (Japan Airlines)

​​ ជើង​ហោះហើរ​ជប៉ុន ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​ឯកជន​មួយ ចាប់​មាន​ទាំង​ពី​ឆ្នាំ ១៩៥១។ វា​ជា​ជើង​ហោះ​ហើរ​ធំ​ចំណាត់​ថ្នាក់​​លេង​២ បន្ទាប់​ពី​ជើង​ហោះ​ហើរ​មួយ​ទៀត​របស់​ជប៉ុន Japan's ALL Nippon Airway ។ សម្រាប់​ការ​ហោះ​ហើរ​ក្រៅ​ស្រុក​មាន​ ៣៣​ទិសដៅ​ដូច​ជា អាស៊ី អាមេរិក អឺរ៉ុប និងអូសេអានី។

​ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ១៦០០-២៦០០ ដុល្លារ​អាមេរិក។

៨. ជើង​ហោះហើរ​អូ​ម៉ាន (Oman Air )

នេះគឺ​​ជា​ជើង​ហោះហើរ​​ជាតិ​ប្រទេស​ប្រទេស អួម៉ាន​ ដែល​​​មាន​កន្លែង​ចុះចត​នៅ​ប្រលាន​​អន្តរជាតិ Muscat។ Oman Air មាន​ទាំង​ជើង​ហោះហើរ​ក្នុង​និង​ក្រៅ​ស្រុក មាន​បុគ្គលិក​រួសរាយ​​រាក់​ទាក់ និង​បម្រើ​សេវាកម្ម​តាម​ស្តង់ដារ។

​ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ២២០០-២៩០០ ដុល្លារ​អាមេរិក។

៩. ជើង​ហោះហើរ​អាស៊ី (Air Asia)

Air Asia ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជើង​ហោះ​ហើរ​ដែល​មាន​​តម្លៃ​​​ទាប​សមរម្យ​របស់​ប្រទេស​ម៉ាឡេស៊ី។ វា​ហោះ​ហើរ​ទៅ​កាន់​ទិសដៅ​ជាង​៤០០​ទី​ក្រុង​ ក្នុង​ប្រទេស​ផ្សេងៗ​គ្នា។ ប្រលាន​ធំ​បំផុត​គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ​។​

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ២១០០-២៣០០ ដុល្លារ​អាមេរិក

១០. ជើង​ហោះហើរ​គុយវ៉ែត (Kuwait Airways)

នេះ​ជា​ជើង​ហោះ​ហើរ​ជាតិ​របស់​ប្រទេសគុយវ៉ែត។ វា​ក៏​ជា​សមាជិក​មួយ​ នៃ​ក្រុម​ហ៊ុន​អាកាសចរ​​របស់​អារ៉ាប​។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ២២០០-២៦០០ ដុល្លារ​អាមេរិក។

១១. ជើង​ហោះហើរ Nok (Nok Air)

វា​ជា​ជើង​ហោះហើរ​​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ និង​មាន​ឯកសណ្ឋាន​ពណ៌​លេច​ធ្លោ​ របស់​ប្រទេស​ថៃ ហើយ​បាន​​ចាប់​បើក​ដំណើរ​ការ​​​នៅ​ឆ្នាំ​២០០៤ ដែល​​ធ្វើ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​នៅ​ក្នុង​ស្រុក​និង​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ១៦០០-២២០០ ដុល្លារ​អាមេរិក។

១២. ជើង​ហោះហើរ JetStar (JetStar Airways)

JetStar Airways ជា​ជើង​ហោះហើរ​របស់​ប្រទេស​អូស្រ្តាលី​ដែល​មាន​តម្លៃ​ទាប។ វា​មាន​ទាំង​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ និង​តាម​តំបន់​ផ្សេងៗ។ ចំណែក​​ឯ​ការ​​ហោះ​ហើរ​​ក្រៅ​ស្រុក​វិញ តែង​ប្រើ​ប្រភេទ​យន្តហោះ​ធន AirBus A320 AirBus A330 និង Boeing 787 Dream Liner ។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ១៦០០-២២០០ ដុល្លារ​អាមេរិក។

១៣. ជើង​ហោះហើរ​ Eva (Eva Air)

នេះ​ជា​ជើង​ហោះ​ហើរ​​មក​ពី​តៃវ៉ាន់ ដែល​គ្រប់​គ្រង​​ដោយ Evergreen Group ។ Eva Air ធ្វើ​ការ​ហោះហើរ​ទៅ​កាន់ ៧០​ទិសដៅ​ក្នុង​ប្រទេស​តៃវ៉ាន់ និង​ទៅ​កាន់​តំបន់​អាស៊ី អូស្រ្តាលី​ និង​​អាមេរិក​ខាង​​ត្បូង។ ចំណែក​ឯការតុបតែងកៅអីយន្តហោះនិង​ឯកសណ្ឋានមានភាពខុសប្លែកពីគេបន្តិច ដោយសារជើងហោះហើរនេះបាន​ជ្រើសរើសរូប Hello Kitty មើល​ទៅ​គួរឲ្យស្រលាញ់ខ្លាំង​ណាស់។

ប្រាក់​ខែ​ជា​មធ្យម​របស់​ពហុនិការ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) ចាប់​ពី ១៦០០-២២០០ ដុល្លារ​អាមេរិក៕

ចុចអានបន្ត៖ មេរៀន​ជីវិត​ដែល​មនុស្ស​អាច​រៀន​ចេះ​ពី​រឿង​អកុសល​​ទាំង​៥​យ៉ាង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម