បើអ្នកជាដើមស្មៅ ទោះបីគ្មានអ្នកស្រលាញ់ ក៏អ្នកត្រូវរីកលូតលាស់
- 2019-06-12 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកជាដើមស្មៅ ទោះបីគ្មានអ្នកស្រលាញ់ ក៏អ្នកត្រូវរីកលូតលាស់
បើអ្នកគឺជាឥន្ទ្រី ទោះបីគ្មានអ្នកទះដៃឲ្យ ក៏អ្នកត្រូវហោះហើរ បើអ្នកគឺជាដើមស្មៅ ទោះបីគ្មានអ្នកស្រលាញ់ ក៏អ្នកត្រូវរីកលូតលាស់ បើអ្នកគឺជាផ្កាក្នុងព្រៃជ្រៅ ទោះបីគ្មានអ្នកណាសរសើរ ក៏អ្នកត្រូវរីកស្គុះស្គាយនិងផ្ដល់ក្លិនក្រអូប
គុណតម្លៃ និងភាពស្រស់ស្អាតរបស់យើង ទោះបីគ្មានអ្នកណាមើលឃើញ ក៏វានៅតែជាគុណតម្លៃ និងជាភាពស្រស់ស្អាតដដែល។ ជីវិតយើងរស់នៅមិនចាំបាច់ទាល់តែមនុស្សគ្រប់គ្នាសរសើរចូលចិត្តនោះទេ ប៉ុន្តែយើងត្រូវបើកចិត្តទូលាយ និងចេះចែករំលែកប្រយោជន៍ដល់អ្នកដទៃ។ ទោះបីមានរបួសពេញខ្លួន យើងក៏ត្រូវរស់នៅដោយមានភាពរីករាយនិងស្រស់ស្អាត។ ជីវិតដែលមានតម្លៃ ទោះបីគ្មានអ្នកណាមើលឃើញ វាក៏នៅតែជាតម្លៃរបស់យើង។
និទានខ្លីពីតម្លៃមនុស្ស មានព្រិលមួយដុំ កំពុងតែត្រូវបានកម្ដៅថ្ងៃនៃសមុទ្រខ្សាច់សាហារ៉ាដុតកម្ដៅស្ទើរតែរលាយ។ វាដកដង្ហើមធំហើយពោលថា “សមុទ្រខ្សាច់គឺជានរកសម្រាប់ខ្ញុំ តំបន់ប៉ូលទឹកកកខាងជើងឯណោះទេ ទើបជាឋានសួគ៌សម្រាប់ខ្ញុំ”។ នៅពេលសមុទ្រខ្សាច់ឮដូច្នេះ ក៏លាន់មាត់ថា៖ “ឯងធ្លាក់មកទីនេះ ឯងក្លាយជារបស់ដ៏មានតម្លៃ តែបើឯងធ្លាក់ទៅតំបន់ទឹកកក ឯងនឹងក្លាយជារបស់ធម្មតាដែលគ្មានតម្លៃ ព្រោះទីនោះមានព្រិលទឹកកកពាសពេញ!”។
របស់ខ្លះ ទោះបីមានច្រើនក៏នៅតែមានតម្លៃ ប៉ុន្តែរបស់ខ្លះអាចមានតម្លៃព្រោះវាមានតិច។ សម្រាប់មនុស្ស ទោះបីមានតម្លៃតិច ឬច្រើន យើងត្រូវមើលឃើញតម្លៃរបស់ខ្លួនឯងជាមុនសិន មិននឹងឲ្យអ្នកដទៃមើលឃើញតម្លៃរបស់យើង។ បើសូម្បីតែយើងក៏មើលមិនឃើញតម្លៃខ្លួនឯង អ្នកដទៃនឹងចាត់ទុកយើងជារបស់គ្មានតម្លៃដូចគ្នាដែរ។ កុំរវល់តែអង្គុយខូចចិត្ត យើងមិនដឹងទេថា ជីវិតបន្តទៅនេះនឹងមានអ្វីកើតឡើងគួរឲ្យភ្ញាក់ផ្អើលខ្លះ? នៅថ្ងៃស្អែកអាចមានអ្វីជាច្រើនឲ្យយើងធ្វើ អាចមានរបស់ឆ្ងាញ់ជាច្រើនរង់ចាំឲ្យយើងភ្លក់ មានមនុស្សម្នាជាច្រើនដែលយើងនឹងត្រូវជួប មានក្ដីសុខជាច្រើនទៀតដែលនឹងចូលមកក្នុងជីវិតយើង មានមនុស្សល្អៗរង់ចាំជួបយើង។ល។
លើលោកនេះ មានទាំងសុខ មានទាំងទុក្ខនៅឡូកឡំគ្នា។ នេះហើយដែលគេហៅថារសជាតិជីវិតដែលមានទាំងផ្អែម ល្វីង ប្រៃ ជូរចត់។ ទោះបីថ្ងៃនេះយើងទុក្ខធំប៉ុណ្ណា គេងលក់មួយយប់ ក្រោកឡើងយើងនឹងអាចភ្លេចបាន។ កុំទូលរែកបញ្ហាដែលយើងមិនអាចដោះស្រាយបាននៅលើស្មាឲ្យហត់នឿយទទេៗ។ សាកល្បងធ្វើជាមនុស្សបាត់ការចងចាំខ្លះក៏ល្អដែរ។ អភ័យទោសឲ្យគ្នានៅពេលនេះ ល្អជាងគុំក្នុងចិត្តដល់ថ្ងៃស្លាប់។ អ្នកដទៃគិតអ្វី យើងមិនអាចដឹង យើងគ្រប់គ្រងគេមិនបានទេ អ្នកដទៃធ្វើអ្វី យើងក៏មិនអាចបង្ខំគេបានដែរ រឿងតែមួយដែលយើងអាចធ្វើបានគឺ ដើរលើផ្លូវរបស់ខ្លួនឯង ធ្វើជាខ្លួនឯងឲ្យបានល្អបំផុត គឺគ្រប់គ្រាន់ហើយ ៕
ចុចអាន៖ តាមពិតទើបខ្ញុំដឹងថាមនុស្សគួរស្រលាញ់មិនមែនអ្នកទេ គឺខ្ញុំគួរស្រលាញ់ខ្លួនឯង