តាមពិតទើបខ្ញុំដឹងថាមនុស្សគួរស្រលាញ់មិនមែនអ្នកទេ គឺខ្ញុំគួរស្រលាញ់ខ្លួនឯង
- 2019-06-11 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតទើបខ្ញុំដឹងថាមនុស្សគួរស្រលាញ់មិនមែនអ្នកទេ គឺខ្ញុំគួរស្រលាញ់ខ្លួនឯង
នៅថ្ងៃដែលអ្នកមិនបានតបស្នងក្ដីស្រលាញ់មកខ្ញុំវិញ ទើបខ្ញុំដឹងថា តាមពិតមនុស្សដែលខ្ញុំគួរស្រលាញ់ពិតប្រាកដមិនមែនអ្នកទេ ប៉ុន្តែម្នាក់នោះគឺខ្ញុំខ្លួនឯង។
ខ្ញុំទទួលស្គាល់ថា ដំបូងខ្ញុំពិតជាស្រលាញ់អ្នកខ្លាំងណាស់ ហើយថែមទាំងធ្លាប់ស្រមៃថាពួកយើងអាចកាន់ដៃគ្នាសាងគ្រួសារទៀតផង។ លើសពីនេះ ពេលអ្នកចេញទៅណាឆ្ងាយ ខ្ញុំបារម្ភ ខ្ញុំខ្លាចអ្នកពិបាក ខ្លាចគ្មានអ្នកណាមើលថែ។ អារម្មណ៍របស់ខ្ញុំមិនដែលចាកចោលអ្នកឡើយ គឺនៅជាប់ជានិច្ច នឹកគិតរហូត។ អ្វីក៏ដោយឲ្យតែទាក់ទងនឹងអ្នក ខ្ញុំមិនរុញរា មិនដែលនិយាយ No ទេ ខ្ញុំចង់ធ្វើគ្រប់យ៉ាងដើម្បីអ្នក ព្រោះអ្នកម្នាក់គត់។ គ្រាន់តែឃើញអ្នកញញឹម បេះដូងខ្ញុំរីកធំឡើងៗ ពេញចិត្តហើយចង់អង្គុយមើលអ្នកគ្រប់នាទី។
ប៉ុន្តែកាន់តែធ្វើល្អដាក់អ្នក ខ្ញុំកាន់តែឈឺចាប់ ។ ខ្ញុំមិនដែលស្គាល់អ្វីហៅថា ក្តីស្រលាញ់ពិតចេញពីអ្នកទេ ព្រោះអ្នកគ្មានថ្ងៃឲ្យវាមកខ្ញុំ។ កាន់តែចូលជិតអ្នក ខ្ញុំកាន់តែស្រក់ទឹកភ្នែកច្រើនឡើងៗដោយមិនដឹងខ្លួន ហើយមានពេលខ្លះ ខ្ញុំមិនដឹងថា តើខ្ញុំជានរណាឲ្យប្រាកដ។ ប្រឹងរត់តាមស្នេហាដែលមានតែទុក្ខសោក ខ្ញុំមិនខុសពីមនុស្សឆ្កួត ដែលចូលហាងលក់ភ្លៅមាន់តែចង់ញ៉ាំសាច់ទានោះទេ។ ក្តីស្រលាញ់ដែលខ្ញុំមានចំពោះអ្នក គឺមានតែម្ខាងហើយកាន់តែអស់ចិត្តទៀតនោះ គឺតាំងពីទាក់ទងគ្នាមក អ្នកអាចតបស្នងខ្ញុំមកវិញត្រឹមការឈឺចាប់ប៉ុណ្ណោះ ព្រោះអ្នកអាចធ្វើវាបានត្រឹមប៉ុណ្ណឹង ហើយខ្ញុំកុហកខ្លួនឯងរហូតមកថា ថ្ងៃណាមួយអ្នកនឹងកែប្រែ អ្នកនឹងឲ្យក្តីស្រលាញ់មកខ្ញុំដែរ។
ពេលនេះ ខ្ញុំលែងចង់សួរអ្នកទៀតហើយថា អ្នកស្រលាញ់ខ្ញុំដែរអត់? ព្រោះតាមពិត មិនមែនអ្នកទេដែលខ្ញុំត្រូវស្រលាញ់។ មនុស្សដែលខ្ញុំគួរស្រលាញ់ គឺខ្ញុំខ្លួនឯង ខ្ញុំមិនដែលបានតបស្នងការយកចិត្តទុកដាក់ ការមើលថែ និងអាណិតអាសូរចំពោះខ្លួនឯងយូរណាស់មកហើយ។ ដល់ពេលដែលខ្ញុំគួរស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ដល់ពេលដែលខ្ញុំត្រូវគិតពីខ្លួនឯង និងធ្វើឲ្យជីវិតនេះឈប់នឹកបុរសម្នាក់នោះទៀតហើយ។
កុំភ្លេចស្រលាញ់ខ្លួនឯងវិញ កុំបណ្ដោយឲ្យអ្នករងទុក្ខសោកព្រោះមនុស្សម្នាក់ដែលគេមិនខ្វល់ពីអ្នកទៀត ព្រោះថ្ងៃក្រោយអ្នកនឹងស្ដាយដែលស្រលាញ់មនុស្សមិនគួរស្រលាញ់ ៕
ចុចអាន៖ ៦ វិធីជួយអ្នកក្នុងការកាត់ចិត្តពីមនុស្សដែលអ្នកកំពុងស្រឡាញ់ខ្លាំង