ប្រវត្តិពិតអតីតក្មេងស្រីរើសសំរាម រ៉ុន សុភី តស៊ូបានអាហារូបករណ៍សិក្សាក្រៅប្រទេស ដឹងហើយរំជួលចិត្ត
- 2019-06-10 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិពិតអតីតក្មេងស្រីរើសសំរាម រ៉ុន សុភី តស៊ូបានអាហារូបករណ៍សិក្សាក្រៅប្រទេស ដឹងហើយរំជួលចិត្ត
ធ្លាប់ជាអតីតក្មេងស្រីរើសសំរាមនៅតំបន់ស្ទឹងមានជ័យ គ្មានផ្ទះសម្បែងច្បាស់លាស់ ហើយអាយុ១១ឆ្នាំ ទើបបានចូលរៀន ពេលនេះកញ្ញា រ៉ុន សុភី បានធ្វើឲ្យគ្រប់គ្នាកោតសរសើរដោយទទួលបានអាហារូបករណ៍សិក្សាពេញពីសាកលវិទ្យាល័យមែលប៊ន (Melbourne)ប្រទេសអូស្ត្រាលី។
បើត្រលប់ទៅកាលពីកុមារភាព ដោយសារតែគ្រួសារសុភីជំពាក់បំណុលគេច្រើនពេក ហើយគ្មានលទ្ធភាពសង ពួកគេក៏ចាកចេញពីភូមិស្រុកទាំងគ្រួសារ នៅកណ្ដាលយប់តែម្ដង។ ជិះកង់កញ្ចាស់ផង ដើរផងក្នុងចម្ងាយរាប់គីឡូម៉ែត្រ ទីបំផុតគ្រួសាររបស់សុភីរសាត់មកដល់គំនរសំរាមស្ទឹងមានជ័យ ទាំងគ្មានជំរកពិតប្រាកដ។ បងប្អូនទាំង៧នាក់ រួមនឹងឪពុកម្ដាយចាស់ៗទៅហើយរស់ក្រោមដំបូលតង់ ហ៊ុំព័ទ្ធដោយគំនរសំរាមក្លិនស្អុយជូរផ្អូម។ កាលនោះ សុភីនិងបងស្រីនាង រួមទាំងឪពុកផ្លាស់គ្នាដើររើសសំរាម ហើយពេលខ្លះឃើញផ្លែឈើរលួយៗនៅលើឡានដែលដឹកពីផ្សារដើមគរ ម្នាក់ៗស្ទុះទៅរើសយកផ្លែឈើណាល្អៗ ទុកហូប។ ថ្ងៃខ្លះក៏គ្មានបាយហូប គេងយំម្នាក់ឯងក៏មាន ហើយពេលភ្លៀងម្ដងៗ គ្រប់គ្នារងាញ័រញាក់ ជួនកាលត្រូវគេដេញពីកន្លែងមួយទៅកន្លែងមួយ ដោយសារគ្រួសារនាងគ្មានទីជម្រកពិតប្រាកដឡើយ ជាហេតុធ្វើឲ្យគ្រួសារនាងមានបន្ទុកកាន់តែច្រើន។ ពេលខ្លះ សុភីរើសសំរាមបណ្ដើរប៊ិះត្រូវឡានចាក់សំរាមកិនក៏មាន។ បើនិយាយពីខោអាវវិញ រយ៉េរយ៉ៃក្លិនផ្អូមជាប់ខ្លួន ហើយមួយកំប្លេនាងពាក់ច្រើនថ្ងៃណាស់។
ថ្វីត្បិតរស់ក្នុងជីវភាពក្រកម្សត់ តែសុភី ចង់រៀនណាស់។ ពេលទៅរើសអេតចាយឃើញគ្រូបង្រៀនសិស្ស នាងលួចមើលគេតាមបង្អួចរហូតភ្លឹក ហើយគ្រូអាណិតឲ្យនាងរៀនជាមួយ។ ថ្ងៃមួយ នាងនិងមិត្តភក្កិបានឃើញលោក Scott ប្រធានអង្គការ CCF នៅគំនរសំរាមស្ទឹងមានជ័យ ហើយសួរនាងថាចង់រៀនទេ? នាងឆ្លើយវិញដោយមិនស្ទាក់ស្ទើរថាចង់ ទោះពេលនោះមិត្តរបស់សុភីប្រាប់ថាប្រយ័ត្នចាញ់បោកគេ ព្រោះបារាំងច្រមុះស្រួចមិនអាចទុកចិត្តបានទេ ដោយសារមិនដែលស្គាល់ពីមុន។ ដោយសារចង់ចេះ ចង់រៀន សុភីអត់ខ្វល់ឡើយ សំខាន់ពេលនោះនាងប្រាប់មិត្តភក្កិថាចង់រៀន ហើយពេលបាននាមប័ណ្ណពីលោក Scott ហើយនាងប្រញាប់ប្រាប់អ្នកផ្ទះ រួចក៏សម្រេចចិត្តថារៀននៅអង្គការ CC F តែម្តង ។ ក្នុងមុខវិជ្ជាទាំងអស់ ភាសាអង់គ្លេស គឺសុភីពូកែជាងគេ មិននាងថែមទាំងជួយបង្រៀនបងប្អូនក្នុងភូមិជាមួយគ្នាថែមទៀត យ៉ាងសប្បាយរីករាយ។ សូម្បីក្តាខៀនព្យួរនៅផ្ទះរហែក ប៊ិះជ្រុះមកដីក៏ដោយ ក៏នាងប្រឹងសរសេរ ដោយសារស្រលាញ់ការសិក្សាពេក។
ឆ្លងកាត់ច្រើនឆ្នាំ ឪពុកសុភីក៏រើមកជួលផ្ទះគេក្នុងតំបន់ព្រៃសវិញ ព្រោះកូនៗធំៗអស់ទៅហើយ ។ ចំណែកម្ដាយរបស់នាងមានជំងឺសន្លាក់មិនអាចឈរបានយូរ ហើយប្អូនៗនាងនៅតូច និងប្អូនម្នាក់ទៀតមិនសូវស្ដាប់បង្គាប់ទេ វក់នឹងលេងហ្គេមពេក។ គ្រួសាររបស់នាងឈប់រើសសំរាមទៀតហើយ ដោយឪពុកបានបង់រំលោះ ទិញរឺម៉ក់ឥណ្ឌា ហើយគ្រួសារទាំងមូលពឹងផ្អែកចំណូលទាំងស្រុងពីឪពុកនាងម្នាក់គត់។ សុភីជាក្មេងស្រីដំបូងសម្រាប់អង្គការ CCF ដែលទទួលអាហាររូបករសិក្សានៅក្រៅប្រទេសផងដែរ។
បច្ចុប្បន្ន សុភី បានបញ្ចប់ការសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន និងចាប់ផ្តើមថ្នាក់បរិញ្ញាបត្របន្តទៀត។ កន្លងមក សុភី ធ្លាប់ទៅប្រទេសអាមេរិក តាមរយៈកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីផងដែរ ដែលនេះកើតចេញពីការខំប្រឹងប្រែងរបស់នាង ទោះជាក្មេងស្រីក្រីក្រក៏ដោយ។ ថ្ងៃអនាគត កញ្ញា រ៉ុន សុភី ចង់ក្លាយជាជំនួញម្នាក់ដ៏ជោគជ័យ៕
ចុចអាន៖ ឃើញសប្បាយមែន តែដឹងប្រវត្តិបុរសល្បី Live FB រហស្សនាម "តារាប៉ោតធុង" កម្សត់ខ្លាំងទប់ទឹកភ្នែកលែងជាប់