ឃើញសប្បាយមែន តែដឹងប្រវត្តិបុរសល្បី Live FB រហស្សនាម "តារាប៉ោតធុង" កម្សត់ខ្លាំងទប់ទឹកភ្នែកលែងជាប់
- 2019-04-09 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញសប្បាយមែន តែដឹងប្រវត្តិបុរសល្បី Live FB រហស្សនាម "តារាប៉ោតធុង" កម្សត់ខ្លាំងទប់ទឹកភ្នែកលែងជាប់
អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាស្គាល់មិនខាន បុរសពូកែ Live លក់ផលិតផលថែមឈុតធំ សុទ្ធតែនាំចូលក្រៅប្រទេសដូចជា ប៉ោត ធុង បង្គី ធុងសំរាម ចាស់ៗជាដើម។ បើមើលវីដេអូបង្ហោះតាម FB ទស្សនិកជនជាច្រើនផ្ទុះសំណើច និងគិតថា បុរសរូបនេះ ពេញដោយការសប្បាយរីករាយ តែតាមពិតលោកមានជីវភាពក្រខ្សត់ និងកំព្រាឪពុកម្ដាយយ៉ាងវេទនា។
លោកមានឈ្មោះថា ទុយ វិសុទ្ធ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ តាមពិតទៅ ភាពល្បីល្បាញដោយការ Live លក់តាម FB គឺកើតឡើងដោយចៃដន្យមែនទែន នៅពេលលោកទៅលេងផ្ទះម្ដាយធម៌ ហើយឃើញប៉ោត ធុង ចាស់ៗក្បែរពាងនៅផ្ទះឃើញទំនង លោកក៏យកថតលេងបែបអ្នកលក់ Online ។ មិននឹកស្មានថា វីដេអូនោះ ល្បីសុសសាយ មានអ្នកចូលមើល និង ចែករំលែកច្រើនដងលើបណ្ដាញសង្គម បែបនេះទេ។ បុរសសម្បុរស្រអែមរូបនេះ បន្តថា លោកមិនបានតាំងចិត្តធ្វើវីដេអូនេះឡើង ដើម្បី Troll ឲ្យអ្នកលក់ Live ផ្សេងៗនោះឡើយ គឺដើម្បីឲ្យសប្បាយតែប៉ុណ្ណោះ ព្រោះជីវិតលោកជួបរឿងស្មុគស្មាញច្រើនណាស់ ។
បើនិយាយពីប្រវត្តិរបស់ វិសុទ្ធ វិញ លោកកំព្រាឪពុកតាំងពីអាយុ១២ឆ្នាំ ហើយធ្វើកម្មករគេតាំងពីនៅតូចៗ ដើម្បីយកប្រាក់ឲ្យម៉ែទិញម្ហូប និងបង់អង្គការដែលគ្រួសារលោកជំពាក់។ រៀនផង ធ្វើកម្មករឡឥដ្ឋផង ហើយម្ដាយឧស្សាហ៍ឈឺទៀត ជីវភាពគ្រួសារទាំងមូលដុនដាបៗទៅ។ គ្រានោះ ឲ្យតែឮថាកន្លែងណាធ្វើការបានលុយ វិសុទ្ធ ទៅហើយ មិនថាកម្មករសំណង់ ជាងធ្វើតុទូ លីសែងទេ ឲ្យតែបានប្រាក់។ ជីវិតលំបាកពេក វិសុទ្ធឈប់រៀននៅថ្នាក់ទី៨ ហើយប្រឹងធ្វើការតែមួយមុខ ដើម្បីយកប្រាក់បង់អង្គការ។ កាន់តែក្ដុកក្ដួលនោះ មុនពេលខ្វះមួយខែត្រូវបង់អង្គការអស់ បុរសដែលទស្សនិកជនដាក់រហស្សនាមថា "តារាប៉ោតធុង" ប្រាប់ម៉ែថា ពេលបង់លុយគេអស់ លោកនឹងនាំម៉ែដើរលេង។ តែគ្រប់យ៉ាងបានត្រឹមស្រមៃ មិនទាន់អីផង អ្នកមានគុណតែម្នាក់រូបនេះ បែរជាអនិច្ចកម្មចោលទាំងវិសុទ្ធ មិនទាន់បានសម្រេចក្ដីស្រមៃជូនម្ដាយរបស់លោកផង។
លោកបាក់ទឹកចិត្តណាស់ ធ្វើការប្រឹងរកលុយ តែម៉ែបែរជាទៅបាត់ត្រូវរស់ម្នាក់ឯង។ ចំណែកបងប្អូនវិញក៏ក្រីក្រដូចគ្នា អត់មានអ្នកណាអាចជួយលោកបាននោះទេ។ ពេលខ្លះ បុរសកើតនៅខេត្តកណ្ដាលរូបនេះ ដេកយំហើយអត់មានម្ហូបញ៉ាំក៏មាន តែបានអ្នកជិតខាងជួយម្នាក់បន្តិចៗ ព្រោះអាណិតលោកពេក។
មានពេលមួយ លោកអស់កម្លាំងពេក ក្មួយប្រុសកម្សត់រស់នៅជាមួយមានលុយតែ១២០០រៀល ទៅជំពាក់ដូងគេ ឲ្យលោកផឹក ហើយសួរវិសុទ្ធថា ៖ "ពូៗ បើពូស្លាប់ទៅ អ្នកណាចិញ្ចឹមខ្ញុំ?”។
រឿងរ៉ាវកម្សត់នេះ លោក វិសុទ្ធ រៀបរាប់បណ្ដើរយំបណ្ដើរ ដោយសារមានមនុស្សតិចណាស់ដឹងថា លោកលំបាកវេទនា។ ក្រោយល្បីដោយសារវីដេអូ Live លក់បង្គី ធុង ប៉ោត លោក វិសុទ្ធ ចាប់ផ្ដើមមានគេហៅទៅថត Promote Page ឲ្យគេជាច្រើន និងមានការងារបន្តបន្ទាប់យ៉ាងមមាញឹក។ តែយ៉ាងណា លោកនៅតែសោកស្ដាយ ព្រោះពេលជីវភាពធូរស្រាល បែរជាបាត់អ្នកមានគុណមិននៅជិតទៅវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖