នារីម្នាក់ទៅវះកាត់កែត្របកភ្នែកពីរជាន់ តែបែរជាជួបរឿងខកចិត្ត
- 2019-06-10 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ទៅវះកាត់កែត្របកភ្នែកពីរជាន់ តែបែរជាជួបរឿងខកចិត្ត
កាលពីពេលថ្មីៗនេះ នារីវ័យ១៩ឆ្នាំម្នាក់ មកពីទីក្រុង Thai Nguyen ប្រទេសវៀតណាម ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីនាងវះកាត់ត្របកភ្នែក នៅហាងស្ប៉ាមួយកន្លែង ក្នុងទីក្រុងហាណូយ។ ក្រោយពីកាត់ត្របកភ្នែករួចមក ឈាមហូរមិនឈប់ អស់រយៈពេលប្រមាណ៨ម៉ោង។
មូលហេតុគឺដោយសារតែនារីកែសម្ផស្សរូបនេះ ធ្វើការវះកាត់មិនត្រូវតាមក្បួនខ្នាត ធ្វើឲ្យខូចទម្រង់ត្របកភ្នែក មើលទៅលែងប្រក្រតីដូចមុន។
កាលពី២ឆ្នាំមុន នាងបានឃើញហាងស្ប៉ាដែលនាងបានទៅធ្វើការវះកាត់ បង្ហោះរូបជាច្រើនពីភ្ញៀវដែលបានកែត្របកភ្នែកនៅទីនោះ ធ្វើឲ្យនាងទប់អារម្មណ៍មិនជាប់ក៏សម្រេចចិត្តទៅដោយមិនស្ទាក់ស្ទើរ។ គួរឲ្យស្តាយ ដោយសារតែលទ្ធផលមិនសមតាមបំណង ធ្វើឲ្យនាងខកចិត្តជាខ្លាំង។
ពិតណាស់ ភ្នែកគឺជាចំណុចដ៏សំខាន់មួយនៅលើផ្ទៃមុខ។ ហេតុនេះហើយ មុនសម្រេចចិត្តចង់វះកាត់កែទម្រង់ អ្នកគូរពិចារណា ប្រុងប្រយ័ត្នឲ្យបានខ្ពស់និងគួរដឹងពីហានិភ័យមួយចំនួនសិន។
អាចប្រឈមជាមួយនឹងការហូរឈាមច្រើន ឬមិនអាចបិទភ្នែកបាន
យោងតាម វេជ្ជបណ្ឌិត Son បាននិយាយថា ការកែត្របកភ្នែក២ជាន់ អាចធ្វើឲ្យមានឈាមហូរច្រើនប្រសិនបើត្របកភ្នែកធំ អាចមើលទៅគ្មានលក្ខណៈជាធម្មជាតិ អាចបណ្តាលឲ្យស្រវាំងប្រសិនបើកាត់ជ្រៅពេក ឬបង្កទៅជាបញ្ហាផ្សេងៗ។ នៅពេលដែលអ្នកជួបប្រទះការវះកាត់មិនជោគជ័យ វាពិតជាបង្កផលវិបាក និងមិនងាយប្រែមកដូចជាសភាពដើមវិញបាន។
ការកាត់ត្របកភ្នែកឲ្យចេញរាងពីរជាន់ ត្រូវចំណាយពេលប្រហែល៣០នាទីប៉ុណ្ណោះ បន្ទាប់មកភ្នែកនឹងហើមបន្តិចម្តងៗជារឿងធម្មតា គ្មានអ្វីត្រូវបារម្ភទេ។ វេជ្ជបណ្ឌិតបានបន្តទៀតថា ភាគច្រើនអ្នកមកវះកាត់ គឺដោយសារតែពួកគេមានត្របកភ្នែកលឹប ឬធ្លាក់យារជាដើម។ យ៉ាងណាក៏ដោយ ដំណើរការកែសម្ផស្ស បានជោគជ័យឬបរាជ័យអាស្រ័យលើជំនាញវិជ្ជាជីវៈរបស់អ្នកវះកាត់៕
ចុចអានបន្ត៖