ទាយពីអត្តចរិតខ្លួនឯង តាមរយៈការចូលចិត្តថតរូប៦ប្រភេទ
- 2019-06-07 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយពីអត្តចរិតខ្លួនឯង តាមរយៈការចូលចិត្តថតរូប៦ប្រភេទ
តើអ្នកធ្លាប់កត់ចំណាំលើខ្លួនឯងថាជាមនុស្សចូលចិត្តថតអ្វីជាពិសេសដែរទេ? នៅពេលដែលអ្នកឃើញវត្ថុនោះនៅចំពោះមុខ អ្នកតែងឈប់ដើម្បីថតរូបមួយសន្លឹកសិន ហើយបន្ទាប់មកដាក់អារម្មណ៍មនោសញ្ចេតនាលើរូបនោះយ៉ាងខ្លាំង។
តាមរយៈ ការថតរូបក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់អ្នកបានដែរ។ បើសិនអ្នកចង់ដឹងថា តើវាបង្កប់នូវអារម្មណ៍ថតរូបរបស់អ្នកមកជាមួយអ្វីខ្លះ សូមអានខាងក្រោមនេះ៖
១. ចូលចិត្តថតរូបមនុស្ស
សម្រាប់អ្នកដែលចូលចិត្តថតរូបមនុស្ស ត្រូវបានគេយល់ថា ចូលចិត្តលេងសើច មានទំនាក់ទំនងល្អ ព្រមទាំងជាប្រភេទចូលចិត្តធ្វើអ្វីដែលប្លែកៗ មិនច្រំដែល។ ទន្ទឹមនឹងនេះ ក៏ជាមនុស្សមានមហិច្ឆតា ចង់ឲ្យកិច្ចការងារដែលខ្លួនធ្វើមានលទ្ធផលល្អលើសគេទៀតផង។ អ្នកក៏ជាមនុស្សឆាប់ចុះសម្រុង មិនសូវប្រកាន់ច្រើន តែពេលខ្លះក៏ជាមនុស្សឯកោ រួមទាំងមានអាថ៌កំបាំងលើការគិតផ្ទាល់ខ្លួនផងដែរ។ លើសពីនេះ អ្នកជាមនុស្សដែលមានគេចូលចិត្តច្រើន។
២. ចូលចិត្តថតរូបមេឃ
មនុស្សប្រភេទនេះ ច្រើនតែជាអ្នកចូលចិត្តភាពស្ងៀមស្ងាត់ និងលាក់អារម្មណ៍។ មួយវិញទៀត បើមើលពីសម្បកក្រៅ អ្នកជាមនុស្សរឹងមាំ មិនសូវរញ៉េរញ៉ៃច្រើន តែភាពពិតវិញជាមនុស្សទន់ភ្លន់ អៀនប្រៀនច្រើន។ អ្នកក៏ឆាប់ទទួលអារម្មណ៍ប្រតិកម្មលឿន មានគំនិតសុទិដ្ឋិនិយម មានភាពជាកណ្ដាល និងពេលខ្លះភ័យព្រួយច្រើនផងដែរ។ គុណសម្បត្តិរបស់មនុស្សជំពូកនេះគឺរួសរាយរាក់ទាក់ ដែលធ្វើឲ្យគ្រប់គ្នាចង់ជជែកលេងជាមួយដោយមិនធុញទ្រាន់។
៣. ចូលចិត្តថតរូបសត្វ
ត្រូវបានគេចាត់ទុកជាមនុស្សកំពូលឯករាជ្យ ដែលផ្ដោតខ្លាំងលើមហិច្ឆតារបស់ខ្លួន។ អ្នកក៏ជាមនុស្សចូលចិត្តសេរីភាព ចូលចិត្តដើរលេងកម្សាន្ត រហូតពេលខ្លះដើរលេង សុខចិត្តដាច់យប់ទៀតក៏បាន។ លើសពីនេះ អ្នកមិនសូវខ្វល់ខ្វាយច្រើនលើរឿងរ៉ាវជីវិតឯកជនរបស់អ្នកដទៃច្រើនពេកទេ ព្រមទាំងមានជំនឿចិត្តលើខ្លួនឯងខ្ពស់ទៀតផង។
៤. ចូលចិត្តថតរូបផ្កា
ផ្កា គឺសំដៅទៅលើភាពស្រស់ស្អាត ដូច្នេះមនុស្សនិយមថតរូបបែបនេះច្រើនជាអ្នកមានភាពទន់ភ្លន់ ចូលចិត្តភាពផ្អែមល្ហែម ក្ដីស្រលាញ់ និងប្រភេទគួរឲ្យចង់បេតី។ ភាពខាងក្រៅរបស់អ្នកមើលទៅដូចជារឹងរូសបន្តិច តែចូលចិត្តធ្វើអ្វីច្បាស់លាស់។ តែងតែជាមនុស្សមានស្មារតីផ្លូវចិត្តរឹងមាំ មិនងាយជឿអ្នកណាផ្ដេសផ្ដាស មានអត្តចរិតល្អគួរជាទីរាប់អានសម្រាប់គ្រប់គ្នា ចេះអំណត់ ពូកែស៊ូទ្រាំ និងជាមនុស្សមានក្ដីស្រមៃរ៉ូមែនទិកស្ទើរមិនគួរឲ្យជឿ នៅពេលដាក់ចិត្តស្រលាញ់អ្នកណាម្នាក់។ មនុស្សនិយមថតរូបផ្កា បើស្រលាញ់អ្នកណាហើយ សុខចិត្តលះបងគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់ ដោយមិនគិតអ្វីទាំងអស់។
៥. ចូលចិត្តថតរូបអគារ ឬ ផ្ទះ
លក្ខណៈពិសេសរបស់អ្នកគឺជាមនុស្សដែលតែងខ្វល់ខ្វាយ និងផ្ដល់ភាពកក់ក្ដៅដល់អ្នកដទៃ ប្រៀបដូចសាច់ញាតិបង្កើតរបស់ខ្លួន។ ជាញឹកញាប់ ធ្វើជាអ្នកស្ដាប់ដ៏ល្អ ព្រមទាំងឲ្យដំបូន្មានល្អៗទៅកាន់មនុស្សជុំវិញខ្លួនថែមទៀតផង។ លើសពីនេះ អ្នកជាមនុស្សរស់នៅជាមួយគោលដៅពិតប្រាកដក្នុងជីវិត ដែលតែងធ្វើឲ្យអ្នកអភិវឌ្ឍខ្លួនមិនឈប់ឈរ និងក្លាយជាទីចាប់អារម្មណ៍របស់មនុស្សទាំងពួងដោយសារភាពឆ្លាតវៃរបស់អ្នក។
៦. ចូលចិត្តថតរូបទេសភាព
ជាមនុស្សចូលចិត្ត Drama ដោយសារតែអ្នកមានរឿងរ៉ាវច្រើនក្នុងជីវិត ដែលភាគច្រើនជាមនុស្សឯកោ និងចង់បានភាពច្បាស់លាស់មួយក្នុងទំនាក់ទំនង។ យ៉ាងណាក៏ដោយ មនុស្សមានទំនោរលើការថតរូបទេសភាព ច្រើនតែមានបេះដូងស្មោះត្រង់ ភក្ដីភាព ចិត្តល្អ និងចេះយល់កាលៈទេសៈបានយ៉ាងល្អ។ ក្រៅពីនេះ អ្នកក៏ជាមនុស្សចូលចិត្តការសប្បាយរីករាយផងដែរ៕
ចុចអាន៖ រើសយកសត្វទីទុយមួយ ដើម្បីដឹងថាអ្នកជាមនុស្សមានទម្លាប់បែបណាជាមួយមិត្តភក្តិ