ទិដ្ឋភាពចម្ការផ្លែឈើ និងសួនទឹកនៅម៉ាឡេ ឃើញហើយចង់តែទៅលេង
- 2019-05-08 06:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពចម្ការផ្លែឈើ និងសួនទឹកនៅម៉ាឡេ ឃើញហើយចង់តែទៅលេង
ថ្ងៃនេះ កញ្ញានឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅដើរកម្សាន្តក្នុងចម្ការនិងកសិដ្ឋាន រួមជាមួយសួនទឹក Desaru ដែលមានទីតាំងស្ថិតក្នុងក្រុង Johor Bahru រដ្ឋ Johor ប្រទេសម៉ាឡេស៊ីវិញម្ដង។
ចម្ការ និងកសិដ្ឋាន Desaru
លាតសន្ធឹងលើផ្ទៃដីជាង៧០ហិចតា ចម្ការ Desaru មានដំណាំ បន្លែ និងផ្កាជាង១០០មុខ ហើយបានបើកដំណើរការជាង១០ឆ្នាំមកហើយ។ នៅទីនេះ អ្នកទេសចរអាចរីករាយនឹងទេសភាពបែបធម្មជាតិ ជាមួយការដើរទស្សនាការដាំដុះផ្លែឈើត្រូពិចច្រើនជាង១០០មុខ ដូចជា ស្វាយ ខ្នុរ ម្កាក់ ជម្ពូ ត្របែក ផាសិន ស្រកានាគ សាវម៉ាវ ទុរេន មង្ឃុត និងស្ពឺជាដើម។
ចុចអាន៖ មកដឹងត្រួសៗពីប្រទេសម៉ាឡេស៊ី សម្រាប់អ្នកមានគម្រោងទៅដើរលេងថ្ងៃក្រោយ
ក្រៅពីនេះ ក៏មានដាំបន្លែបន្លុកច្រើនមុខទៀតដូចជា ជីគ្រប់ប្រភេទ ពពាយ ម្ទេស ត្រកួន ស្ពៃជាដើម។ ក្រៅពីដើរទស្សនានិងភ្លក់រសជាតិបន្លែ ផ្លែឈើដែលដាំដោយមិនប្រើជីគីមីហើយនោះ ទេសចរក៏អាចបន្តទៅឱ្យចំណីត្រីក្នុងស្រះដែលមានចម្រុះពូជ និងពណ៌មើលទៅគួរឱ្យរីករាយ។
ធ្វើដំណើរហួសពីចម្ការផ្លែឈើ និងឱ្យចំណីត្រី អ្នកនឹងបានទៅដល់កសិដ្ឋានចិញ្ចឹមសត្វ មានដូចជា ទន្សាយ ពពែ មាន់ និងអណ្ដើកជាដើម ហើយអាចឱ្យចំណីពួកវាស៊ី និងថតរូបតាមចិត្ត។
អ្វីដែលកាន់តែពិសេស អ្នកនឹងបានរីករាយនឹងការញ៉ាំផ្លែឈើជាលក្ខណៈប៊ូហ្វេ និងភ្លក់អាហារដែលចម្អិនដោយផ្លែឈើ និងបន្លែដែលដាំក្នុងចម្ការនេះតែម្ដង។ សម្រាប់មុខម្ហូបដែលល្បីជាងគេក្នុងកសិដ្ឋាននេះគឺ សម្ល Asam Pedas ដែលប្រើផ្លែផាសិន និងសម្ល Masak Lemak Nangka ដែលប្រើផ្លែខ្នុរខ្ចីជាបន្លែគោល។
សួនទឹក Desaru Coast Adventure Waterpark
សួនទឹក Desaru ចាប់បើកដំណើរការនៅថ្ងៃទី១៥ វិច្ឆិកា ២០១៨ ដែលជាសួនទឹកទើបបង្កើតថ្មីនិងមានកន្លែងលេងទឹកច្រើនប្រភេទ ទាំងសម្រាប់មនុស្សធំ និងក្មេងចាប់ពី៣ឆ្នាំឡើងទៅ។
មានទីតាំងស្ថិតនៅលើឆ្នេរ Desaru ក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី លាតសន្ធឹងលើផ្ទៃដីជាង១០ម៉ឺនម៉ែត្រការេ បើកពីម៉ោង១០ព្រឹក ដល់៦ល្ងាច។ ចំពោះតម្លៃសំបុត្រវិញ៖
-សម្រាប់មនុស្សធំគឺ S$៥០ (៣៧ដុល្លារអាមេរិក) សម្រាប់ការទិញសំបុត្រភ្លាមចូលភ្លាម និងនៅសល់តែ ៣០ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ការកក់តាមអនឡាញជាមុន។
-សម្រាប់ក្មេងក្រោម១១ឆ្នាំឡើង ២៧ដុល្លារអាមេរិក សម្រាប់ការទិញភ្លាមចូលភ្លាម និង ២៣ដុល្លារអាមេរិកសម្រាប់ការកក់តាមអនឡាញ។
សម្រាប់ឧបករណ៍លេងទឹកសប្បាយៗ និងរំភើបញាប់ញ័រមានដូចជា Roller Coaster ដែលជិះក្នុងល្បឿន៧០គ.ម/ម៉ ចុះកាត់ពីលើទឹកបែកខ្ចាយ, ទូកហោះដែលអាចហោះបានដល់១៨០ដឺក្រេ, កន្លែងរលកយក្ស ឬជិះពោងបណ្ដែតលើទឹកមើលទេសភាព និងមានលក់អាហារ-ភេសជ្ជៈច្រើនជម្រើសផងដែរ៕
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ៖