មកដឹងត្រួសៗពីប្រទេសម៉ាឡេស៊ី សម្រាប់អ្នកមានគម្រោងទៅដើរលេងថ្ងៃក្រោយ
- 2019-04-24 07:41:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងត្រួសៗពីប្រទេសម៉ាឡេស៊ី សម្រាប់អ្នកមានគម្រោងទៅដើរលេងថ្ងៃក្រោយ
ប្រទេសម៉ាឡេស៊ីជារាជាណាចក្រសហព័ន្ធអាស្រ័យរដ្ឋធម្មនុញ្ញមួយនៅអាស៊ីអាគ្នេយ៍។ ម៉ាឡេស៊ីមានផ្ទៃដីសរុប ៣២៩ ៨៤៧ គ.ម២។ ម៉ាឡេស៊ីមានរដ្ឋ ១៣ និងដែនដីសហព័ន្ធ៣។ ភូមិសាស្ត្រម៉ាឡេស៊ីបែងចែកជា២តំបន់គឺ ឧបទ្វីបម៉ាឡេស៊ី (ឬម៉ាឡេស៊ីខាងលិច) និងម៉ាឡេស៊ីបរនេអូ (ឬម៉ាឡេស៊ីខាងកើត) ដែលតំបន់ទាំង២នេះត្រូវខណ្ឌចែកដោយសមុទ្រចិនខាងត្បូង។
ម៉ាឡេស៊ីមានព្រំដែនគោកជាប់ប្រទេសថៃ ឥណ្ឌូណេស៊ី និងប្រ៊ុយណេ ហើយជាប់ព្រំដែនទឹកជាមួយសិង្ហបុរី វៀតណាម និងហ្វីលីពីន។ ដោយសារម៉ាឡេស៊ីស្ថិតនៅក្បែរខ្សែអេក្វាទ័រ ប្រទេសនេះមានអាកាសធាតុត្រូពិចដូចកម្ពុជាដែរ។ រដ្ឋធានីគឺនៅទីក្រុងកូឡាឡាំពួរ ចំណែកទីក្រុងរដ្ឋបាល(កន្លែងការិយាល័យរដ្ឋាភិបាលតាំងនៅ)គឺនៅពុត្រាចាយ៉ា ដែលមានចម្ងាយប្រហែល២៥គ.មពីកូឡាឡាំពួរ។
គិតត្រឹមឆ្នាំ២០១៩នេះ ម៉ាឡេមានប្រជាជនជាង៣២លាននាក់ ដែលភាគច្រើននៃប្រជាជនម៉ាឡេស៊ីជាជនជាតិម៉ាឡេ។ ក្រៅពីនេះមានជនជាតិចិន និងឥណ្ឌា។ សាសនាឥស្លាមជាសាសនាធំជាងគេនៅម៉ាឡេស៊ី និងជាសាសនារបស់រដ្ឋ។ ភាសាប្រើប្រាស់ផ្លូវការគឺភាសាម៉ាឡេ។
តាមឯកសារប្រវត្តិសាស្ត្រ ប្រទេសនេះធ្លាប់ត្រូវបានពួកប៉ទុយហ្គាល់ដាក់អាណានិគមមុនគេនៅឆ្នាំ១៥១១ ហើយបន្ទាប់មកក៏ត្រូវបានដាក់អាណានិគមដោយពួកហូឡង់នៅឆ្នាំ១៦៤១ បន្ទាប់មកក៏មានចក្រភពអង់គ្លេស និងឯកសារខ្លះក៏ថាមានជប៉ុនចូលមកលុកលុយនៅសម័យសង្គ្រាមលោកលើកទី២ដែរ។
និយាយពីសេដ្ឋកិច្ច ប្រទេសនេះមានវត្ថុធាតុដើម៣សំខាន់ៗគឺ ប្រេងដូង កៅស៊ូ និងសំណប៉ាហាំងដែលអាចនាំឱ្យខ្លួនមានសេដ្ឋកិច្ចរីកចម្រើននៅពាក់កណ្ដាលស.តទី២០។ ហេតុនេះហើយ ពេលជិះលើយន្តហោះ ឬធ្វើដំណើរតាមដងផ្លូវ ជាពិសេសតាមផ្លូវចេញពិក្រុង អ្នកនឹងបានឃើញដើមដូងប្រេង និងកៅស៊ូដាំត្រៀបត្រាស្ទើរតែគ្រប់ផ្នែកនៃប្រទេសតែម្ដង។ មួយទៀត ការធ្វើពាណិជ្ជកម្មអន្តរជាតិតាមច្រកម៉ាឡាកាក៏ជាផ្នែកសំខាន់នៃសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីដែរ។
ប្រទេសម៉ាឡេមានអាកាសយានដ្ឋានច្រើនតាមរដ្ឋនីមួយៗ និយាយទៅស្ទើរតែទូទាំងប្រទេសតែម្ដង។ ប៉ុន្តែអាកាសយានដ្ឋានដែលមមាញឹកជាងគេ គឺអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរដែលជាចំណត និងកន្លែងដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងជាតិនិងអន្តរជាតិ។
តាមរបាយការណ៍ត្រួសៗ អាកាសយានដ្ឋានមួយនេះមានអ្នកដំណើរដែលហោះឆ្លងកាត់ប្រមាណជាង៥៨លាននាក់ក្នុងមួយឆ្នាំៗ ដែលចំនួននេះចាត់ទុកថាច្រើន និងធ្វើឱ្យអាកាសយានដ្ឋានមួយនេះជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានដ៏មមាញឹកជាងគេនៅអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនអាកាសចរណ៍ Air Asia របស់ម៉ាឡេស៊ី បម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរក្នុងតម្លៃថោកជាងគេក្នុងតំបន់។ អូនិយាយពី រូបិយប័ណ្ណ ម៉ាឡេស៊ីប្រើរីងហ្គីតជារូបិយប័ណ្ណជាតិ។ ចំណែកល្វែងម៉ោង ម៉ាឡេស៊ីដើរលឿនជាងកម្ពុជាយើង១ម៉ោង ឯកូដទូរស័ព្ទគឺ +៦០៕
ចុចអាន៖ ម៉ាឡេស៊ីអញ្ជើញអ្នកសារព័ត៌មាន និង Blogger ពី១០ប្រទេសទៅភ្លក់អាហារប្រចាំតំបន់ច្រើនកន្លែង
ចង់ដឹងលម្អិតបន្ថែម សូមតាមដានវីដេអូខាងក្រោម៖