ស្រីៗមិនគួរប្រហែស! សញ្ញាមហារីកដំណាក់កាលដំបូង ដាច់ខាតត្រូវតែតាមដានព្យាបាល
- 2019-04-22 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗមិនគួរប្រហែស! សញ្ញាមហារីកដំណាក់កាលដំបូង ដាច់ខាតត្រូវតែតាមដានព្យាបាល
រាងកាយមនុស្សស្រីតែងតែផ្លាស់ប្ដូរគ្រប់ពេលវេលា ប៉ុន្តែបម្រែបម្រួលខ្លះ ជាសញ្ញាប្រឈមនឹងជំងឺមហារីកដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។ វិធីដ៏ប្រសើរនោះគឺ ថែរក្សាការពាររាងកាយរបស់អ្នក ជាពិសេសពេលឃើញមានសញ្ញាអ្វីមិនស្រួល គួរទៅពិនិត្យតាមដានឲ្យទាន់ពេលវេលា។
វេជ្ជបណ្ឌិតជនជាតិអាមេរិក Dr. Robyn Andersen បាននិយាយថា បើអ្នកសង្កេតឃើញរាងកាយមានសញ្ញាប្រែប្រួលផ្សេងៗដូចខាងក្រោមនេះ ដាច់ខាតកុំប្រហែសឲ្យសោះ។
១. សុដន់ប្រែប្រួលខុសធម្មតា
ថ្វីត្បិតតែមានដុំសាច់ក្នុងសុដន់ មិនមែនសុទ្ធតែជាសញ្ញានៃជំងឺមហារីកក៏ដោយ ប៉ុន្តែយល់ ល្អអ្នកគួរទៅរកគ្រូពេទ្យជំនាញ ដើម្បីពិនិត្យមើលឲ្យបានច្បាស់លាស់។
រូបភាពខាងក្រោមនេះបង្ហាញពីសញ្ញាប្រឈមនឹងជំងឺមហារីកសុដន់
២. ធ្លាក់ឈាមចេញពីប្រដាប់ភេទ
ប្រសិនបើអ្នកធ្លាក់ឈាម មិនមែនក្នុងអំឡុងពេលមករដូវនោះទេ គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃមហារីកស្រទាប់ស្បូន ដែលបណ្តាលទៅជាមហារីកមាត់ស្បូនជាដើម។ ម្យ៉ាងទៀតបើអ្នកនៅមានហូរឈាមក្រោយពេលអស់រដូវ វាអាចជាសញ្ញា មហារីកស្បូន មហារីកមាត់ស្បូន មហារីកអង់ស៊ីម និងមហារីកក្រពេញអូវែ។
៣. ស្បែកប្រែប្រួល
ការប្រែប្រួលពណ៌ ទម្រង់ មានស្នាមអុជដុំ ៗ ឬបញ្ហាផ្សេងៗកើតមានលើស្បែក គឺជារោគសញ្ញានៃជំងឺមហារីកស្បែក។ អ្នកត្រូវតែទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យឲ្យបានច្បាស់លាស់។
៤. នោមឬបន្ទោបង់ចេញឈាម
គួរទៅជួបវេជ្ជបណ្ឌិតកុំបីខាន បើអ្នកមានសញ្ញានេះលើសពី១ឬ ២ថ្ងៃ។ មានឈាមនៅក្នុងលាមក គឺជាសញ្ញានៃជំងឺឫសដូងបាត តែវាក៏អាចជាសញ្ញានៃមហារីកពោះវៀនផងដែរ។ ចំណែកឯមានឈាមនៅក្នុងទឹកនោមវិញ តែងតែជាសញ្ញានៃមហារីកប្លោកនោមឬក្រលៀន។ នេះបើតាមការអះអាងរបស់វេជ្ជបណ្ឌិត Herbert Lepor មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យញូវយ៉ក សហរដ្ឋអាមេរិក។
៥. កូនកណ្តុរប្រែប្រួល
កូនកណ្តុរមានរាងតូចល្មមហើយស្ទាបទៅក្រឡេចក្រឡុចជារឿងធម្មតា ប៉ុន្តែបើវាមានសភាពហើម គឺបណ្តាលមកពីការឆ្លងមេរោគអ្វីមួយ។ យ៉ាងណាមិញមូលហេតុដែលធ្វើឲ្យហើមកូនកណ្តុរ អាចជាសញ្ញានៃការកើតមហារីកឈាម ហើយបើហើមរហូតលើសពីមួយខែ អ្នកគួរទៅពិនិត្យឬពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
៦. ពិបាកលេបអាហារ
ពេលខ្លះញ៉ាំអាហារពិបាកលេប មិនមែនជារឿងគួរឲ្យបារម្ភនោះទេ ប៉ុន្តែបើអ្នកមានអារម្មណ៍ចង់ក្អួតចង្អោរ ស្រកគីឡូខុសប្លែក គួរប្រុងប្រយ័ត្ន ព្រោះអ្នកអាចកំពុងប្រឈមនឹងជំងឺមហារីកបំពង់អាហារ។ ពេលទៅមន្ទីរពេទ្យ វេជ្ជបណ្ឌិតនឹងធ្វើការឆ្លុះមើល ឬប្រើកាំរស្មីបារីស្យូម ( barium X-ray )។ ក្នុងអំឡុងពេលថតកាំរស្មីនេះដែរ គ្រូពេទ្យតម្រូវឲ្យអ្នកផឹកប្រភេទទឹកម្យ៉ាង ដើម្បីមើលឲ្យបានច្បាស់ និងស្វែងរកកោសិកាមហារីកផងដែរ។
៧. ស្រកគីឡូឡើងខុសពីធម្មតា
មនុស្សស្រីភាគច្រើនចង់ស្រកទម្ងន់ មានរាងស្លីមស្អាត ក៏ប៉ុន្តែបើនៅសុខៗស្រាប់តែស្រកអស់ចាប់ពី៥គីឡូឬលើសពីនេះ ដោយមិនបានតមអាហារ ឬហាត់ប្រាណអ្វីទាំងអស់ មានន័យថាសុខភាពរបស់អ្នកកំពុងតែប្រឈមនឹងគ្រោះថ្នាក់បំផុត។
ស្រកគីឡូលឿនប្លែកមិនមែនបណ្តាលមកពីការកើតមហារីកនោះទេ ប៉ុន្តែដោយសារតែអ្នកមានជំងឺស្រ្តេស អស់កម្លាំង ឬបញ្ហាក្រពេញទីរ៉ូអ៊ីត។ យ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត Marleen Mayer បាននិយាយថា ការស្រកគីឡូលឿនចម្លែក អាចជាសញ្ញានៃមហារីកលំពែង។
៨. ប្រែប្រួលក្នុងមាត់
មនុស្សស្រីដែលចេះជក់បារីញឹកញាប់ ក្នុងមាត់អាចមានការប្រែប្រួលដូចជា ឡើងដុំសៗ ស្នាមអុជក្រហមនៅក្នុងមាត់ឬលើបបូរមាត់ ដែលជាសញ្ញានៃជំងឺមហារីកមាត់។ ទោះបីជាបែបនេះក្តី អ្នកត្រូវរួសរាន់ទៅពិនិត្យឲ្យបានឆាប់រហ័ស ដើម្បីដឹងកាន់តែច្បាស់ មិនមែនអង្គុយស្មានភ័យព្រួយឡើយ៕
ចុចអានបន្ត៖