ទម្លាប់ប្រើប្រាស់កង្ហារក្នុងរដូវក្ដៅដែលគួរជៀសវាង បើមិនចង់គ្រោះថ្នាក់ដល់ជីវិត
- 2019-04-19 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ប្រើប្រាស់កង្ហារក្នុងរដូវក្ដៅដែលគួរជៀសវាង បើមិនចង់គ្រោះថ្នាក់ដល់ជីវិត
ខណៈកង្ហារគឺជាវត្ថុដែលមនុស្សជាច្រើនមិនអាចរស់ខ្វះបានក្នុងរដូវក្ដៅនោះ វាក៏នាំមកនូវគ្រោះថ្នាក់យ៉ាងច្រើនដែលអ្នកនឹកស្មានមិនដល់ដែរ។
វេជ្ជបណ្ឌិត Osamu Nishikazhi អគ្គនាយកនៃមន្ទីរពេទ្យ Nishizaki ប្រទេសជប៉ុនបានឲ្យដឹងថា ការប៉ះទង្គិចជាមួយនឹងខ្យល់កង្ហារយូរនឹងធ្វើឲ្យប៉ះពាល់ដល់សីតុណ្ហភាពធម្មជាតិរបស់រាងកាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ “កង្ហារគ្រាន់តែធ្វើឲ្យសីតុណ្ហភាពលើស្បែកចុះតែប៉ុណ្ណោះ តែនឹងធ្វើឲ្យមនុស្សដែលប៉ះខ្យល់កង្ហារហត់ អស់កម្លាំង តឹងតែង ឈឺក្បាល និងញ៉ាំអ្វីមិនចូល”។ នេះបើតាម វេជ្ជបណ្ឌិតខាងលើបញ្ជាក់ឲ្យដឹង។
ខាងក្រោមនេះគឺជាទម្លាប់ប្រើកង្ហារដែលនឹងជះឥទ្ធិពលអាក្រក់ដល់សុខភាពលោកអ្នក៖
១. កង្ហារបាញ់ខ្យល់ចំខ្លួន និងក្បាល
ខ្យល់បាញ់ជិតរាងកាយខ្លាំងពេក នឹងធ្វើឲ្យសីតុណ្ហភាពលើស្បែកធ្លាក់ចុះ បាត់ចំហាយទឹកលឿន ប្រព័ន្ធឈាមត្រូវជ្រួលច្របល់ ងាយកើតផ្ដាសាយ។ កង្ហារបាញ់ចំក្បាល ធ្វើឲ្យអ្នកឈឺក្បាល វិលមុខ។ អ្នកប្រើប្រាស់គួរដាក់កង្ហារ ព្យួរលើជញ្ជាំង ជាជាងការដាក់ជិតខ្លួនពេក។
២. ប្រើកង្ហារពេលគេង
នៅពេលគេង ប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងឈប់សម្រាក។ ការត្រូវខ្យល់កង្ហារយូរម៉ោង នឹងធ្វើឲ្យច្រមុះរបស់អ្នកប្រតិកម្ម ហើយស្ងួតបំពង់ក។ ប្រសិនបើត្រូវប្រើកង្ហារយូរ គួរដាក់កង្ហារឃ្លាតឆ្ងាយពីខ្លួន ប្រហែល២ម៉ែត្រ។
៣. ប្រើកង្ហារពេលរាងកាយបែកញើសខ្លាំង
នៅពេលរាងកាយមានសីតុណ្ហភាពខ្ពស់ បែកញើសច្រើន ជាពិសេសគឺទើបមកពីក្រៅ អ្នកមិនគួរអង្គុយ ឬឈរមុខកង្ហារឡើយ។ ដោយអ្នកត្រូវជូតញើសឲ្យស្ងួតជាមុនសិន ព្រមទាំងបំប៉នជាតិទឹកឡើងវិញ រួចគួរប្រើកង្ហារពីចម្ងាយដើម្បីបន្ថយកម្ដៅរាងកាយ។
៤. ដាក់កម្រិតខ្យល់កង្ហារខ្លាំងពេក
អាកាសធាតុកាន់តែក្ដៅ មនុស្សកាន់តែបើកកង្ហារឲ្យខ្លាំង។ ការធ្វើដូចនេះនឹងធ្វើឲ្យជាតិទឹកលើស្បែកអ្នកហួតខ្លាំង បិទរន្ធរោមញើស ធ្វើឲ្យខ្លួនកាន់តែក្ដៅជាងមុន នាំឲ្យហត់ ឬសន្លប់តែម្ដង។ ដូចនេះហើយ ទោះក្ដៅយ៉ាងណាក៏គួរប្រើកម្រិតខ្យល់នៅមធ្យម ល្មមបែបត្រជាក់ មិនគួរប្រើខ្យល់ខ្លាំងពេកឡើយ៕