ដើរលេងចូលឆ្នាំបានសប្បាយទាំងចិត្តទាំងកាយ កុំភ្លេចធ្វើរឿងទាំងនេះមុនចេញដំណើរ
- 2019-04-12 06:43:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងចូលឆ្នាំបានសប្បាយទាំងចិត្តទាំងកាយ កុំភ្លេចធ្វើរឿងទាំងនេះមុនចេញដំណើរ
មានបានត្រៀមគម្រោងសម្រាប់ដើរកម្សាន្តថ្ងៃចូលឆ្នាំខាងមុខនៅ? មិនថាទៅដើរលេងជាលក្ខណៈលំហែកាយ ឬត្រឡប់ទៅស្រុកកំណើតនៅខេត្តឆ្ងាយទេ គ្នាយើងគួរយកចិត្តទុកដាក់រឿងសុវត្ថិភាពជានិច្ច ជាពិសេសមុនចេញពីផ្ទះ គួរពិនិត្យចំណុចខាងក្រោមឱ្យបានល្អិតល្អន់សិន ទើបទៅដើរលេងបានសុខសប្បាយ មិនភ័យព្រួយ។
ចុចអាន៖ របស់ត្រៀមសំខាន់ៗសម្រាប់ ពេលលេងបាញ់ទឹកថ្ងៃចូលឆ្នាំ
១. បិទប្រព័ន្ធទឹក
ទុយយោទឹកអាចលេចបានគ្រប់ពេល ម្ល៉ោះហើយទោះបីជាអ្នកចេញទៅតិចឬច្រើនថ្ងៃក៏ដោយ ពេលត្រលប់មកវិញអ្នកមិនចង់ឃើញទឹកជំនន់ពេញផ្ទះទេ ខាតទាំងលុយ ខាតទាំងពេល ដូច្នេះត្រូវតែប្រយ័ត្ន។
២. បិទឌីសង់ទ័រភ្លើង
មានករណីច្រើនហើយដែលបានកើតឡើង ដោយសារតែការធ្វេសប្រហែសនេះ ព្រោះអគ្គិភ័យអាចនឹងងាយឆាបឆេះបើយើងមិនបានបិទឌីសង់ទ័រឲ្យបានត្រឹមត្រូវ។
៣. ពិនិត្យមើលនៅក្នុងទូទឹកកក
កុំទុករបស់របរដែលអាចរលួយបាន ព្រោះពេលដែលគ្មានភ្លើងអគ្គិសនី វានឹងមានក្លិនស្អុយ ឬក៏ដង្កូវចេញមក ហើយកុំទិញរបស់ដាក់ក្នុងទូច្រើនពេក ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមុននឹងចេញទៅ។
៤. បោកសម្លៀកបំពាក់
កុំចាំតែមកពីដើរលេងវិញបានធ្វើ ត្រូវធ្វើអ្វីធ្វើឲ្យហើយ ព្រោះអ្នកមិនចាំបាច់មានបន្ទុកក្រោយដំណើរកម្សាន្ត ហើយក៏អាចជៀសវាងកុំឲ្យខោអាវមានក្លិននិងឡើងផ្កាអំបិលផងដែរ។
ចុចអាន៖ អាកាសធាតុក្តៅ មកលេងសម្រស់នឹងមួកស្អាតៗ ធានាត្រូវចិត្តខ្លាំង
៥. បង់ថ្លៃសេវាកម្មផ្សេងៗ
នៅពេលកំពុងតែដើរលេង អ្នកមិនចង់ឲ្យនរណាម្នាក់ខលមករំឭកពីរឿងលុយកាក់នោះទេ ដូចជាក្រុមហ៊ុន Wi-FI ធនាគារជាដើម។ ថ្លៃទឹកភ្លើងក៏ដូចគ្នា ត្រូវពិនិត្យមើលវិក្កយបត្រ កាលបរិច្ឆេទផុតកំណត់ឲ្យបានត្រឹមត្រូវ ទើបពុំអាចបង្កការរំខានដល់ដំណើរកម្សាន្តរបស់អ្នក។
៦. មានលេខសង្គ្រោះបន្ទាន់និងលេខអ្នកជិតខាង
វាជារឿងសំខាន់ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ អ្នកអាចមានមធ្យោបាយក្នុងការទំនាក់ទំនង និងដឹងស្ថានភាពពីផ្ទះសម្បែង។
៦. កត់អ្វីៗដែលត្រូវយកទៅតាម
ធ្វើដំណើរម្តងៗមានឥវ៉ាន់ជាច្រើនដែលអ្នកត្រូវយកទៅតាមខ្លួន ដូច្នេះជៀសវាងនូវការភ្លេច អ្នកគួរតែកត់ទុក ហើយផ្ទៀងឡើងវិញ។
៧. មានថ្នាំសង្កូវ
កុំភ្លេចឲ្យសោះ ដូចជាថ្នាំឈឺពោះ វិលមុខ ផ្ដាសាយ...ព្រោះពេលខ្លះវាអាចនឹងពិបាករកកន្លែងលក់ថ្នាំដូច្នេះអ្នកអាចមានវិធីទប់ស្កាត់ខ្លួនឯងបាន។
៨. កក់ទុកកន្លែងស្នាក់នៅ
អ្នកត្រូវឆែករកមើលកន្លែងស្នាក់នៅដែលខ្លួនពេញចិត្ត ហើយមានតម្លៃមួយដែលអាចទទួលយកបាន នោះអ្នកនឹងមិនចាំបាច់ពិបាកចំណាយពេលច្រើនក្នុងការដើររក ជាពិសេសបើអ្នកមិនបានកក់ពេលមានបុណ្យទាន អ្នកអាចនឹងគ្មានកន្លែងគេងក៏ថាបាន។
៩. មានគម្រោងចំពោះកន្លែងដែលត្រូវទៅ
មិនត្រូវចេះតែទៅតាមគេតាមឯងនោះទេ ត្រូវមានគោលដៅច្បាស់លាស់ថាកន្លែងណាដែលគួរតែទៅលំហែកាយ សមនឹងចំណូលចិត្ត។ អ្នកអាចចូលទៅឆែកមើលតាមវេបសាយ ពេលខ្លះអ្នកនឹងអាចរកឃើញកន្លែងថ្មីប្លែកស្អាតៗ ដែលពុំសូវមានអ្នកទៅដល់ ហើយមិនមានភាពកកកុញដូចកន្លែងដែលគេស្គាល់ច្រើននោះឡើយ។
១០. ពិនិត្យមើលយានជំនិះ
ធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ សំខាន់ណាស់ក្នុងការត្រួតពិនិត្យមើលយានយន្តរបស់អ្នកដូចជា កង់ សម្ពាធខ្យល់ សាំង...។
ជាចុងក្រោយ សង្ឃឹមថាពេលដែលអ្នកទាំងអស់គ្នាបានធ្វើប៉ុន្មានវិធីដូចរៀបរាប់ខាងលើ សូមជូនពរឲ្យដំណើរកម្សាន្តប្រកបដោយភាពរីករាយ និងមានសុវត្ថិភាពទាំងអស់គ្នា ៕