របស់​ត្រៀម​​សំខាន់ៗ​សម្រាប់​ ពេល​លេង​បាញ់​ទឹក​ថ្ងៃ​ចូល​ឆ្នាំ

  • 2019-04-11 08:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី​ មហា​សង្ក្រាន្ត​ច្បាស់​ជា​មាន​ការ​លេង​ល្បែង​បាញ់​ទឹក ឬ​ជះ​ទឹក​តាម​ផ្លូវ​ជា​មិន​ខាន។ ត្បិត​តែ​វា​ជា​ល្បែង​សប្បាយ តែ​ស្រីៗ​យើង​អាច​នឹង​ពិបាក ព្រោះ​ត្រូវ​ទុក​ដាក់​របស់​របរ​ដូច​ជា ទូរសព្ទ កាបូប​លុយ ​និង​ត្រូវ​ការ​របស់​ផ្សេង​ទៀត​ដើម្បី​ការពារ​ស្បែក​កុំ​ឱ្យ​ខូច​ជា​ដើម។

អ៊ីចឹង ​ថ្ងៃ​នេះ ​កញ្ញា​នឹង​រៀបរាប់​ពី​របស់​សំខាន់ៗ​មួយ​ចំនួន​ដែល​គួរ​ត្រៀម និង​ដាក់​តាម​ខ្លួន​ ពេល​ទៅ​ចូល​រួម​លេង​​បាញ់​ទឹក។

មួក​ផ្លាស្ទិក ឬ​មួក​ធម្មតា

សម្រាប់​ស្រីៗ​សក់​វែង​ពិត​ជា​ពិបាក​ ពេល​ទទឹក​សក់ ដូច្នេះ​គួរ​ត្រៀម​មួក​ ឬ​បើ​អាច​ប្រើ​មួក​ផ្លាស្ទិក​អាច​ជួយ​មិន​ឱ្យ​សក់​សើម ឬ​ត្រូវ​ទឹក​សាប៊ូ​ដែល​នាំ​ឱ្យ​​សក់​ទៅ​ជា​រឹង រមាស់​ក្បាល និង​កណ្ដាញ់​ជា​ដើម។

ថង់​ផ្លាស្ទិក​សម្រាប់​ដាក់​ទូរសព្ទ និង​លុយ

បើ​មិន​ចង់​កាន់​កាបូប​ផ្លាស្ទិក​ធំ រញ៉េរញ៉ៃ ជាប់​ដៃ​ជើង​ លេង​ទឹក​មិន​សប្បាយ ថង់​សម្រាប់​ដាក់​ទូរសព្ទ និង​លុយ​បន្តិចបន្តួច​គួរ​តែ​មាន​ជាប់​ខ្លួន ព្រោះ​វា​ស្រាល និង​​មិន​ភ័យ​ខ្លាច​បាត់។ តែ​ទោះ​យ៉ាង​ណា គួរ​ឧស្សាហ៍​មើល ក្រែង​លោ​ខ្សែ​វា​ដាច់ ឬ​មាន​អ្នក​ប្រទាញ​ប្រទង់​ជ្រុះ​មិន​ដឹង​ខ្លួន។

ស្បែក​ជើង​ផ្ទាត់ ឬ​ស្បែក​ជើង​ក្រវាត់​រាប​ស្មើ

គ្រប់​គ្នា​ដឹង​ហើយ​ថា ពេល​លេង​បាញ់​ទឹក​​មិន​អាច​ពាក់​ស្បែក​ជើង​ប៉ាតា ឬ​ស្បែក​ជើង​កែង​ទេ។ អ៊ីចឹង​​គួរ​ពាក់​ស្បែក​ជើង​ផ្ទាត់​ដែល​មាន​ក្រឡា​ជ្រៅ​ៗ ជៀស​វាង​ករណី​រអិល​ពពុះ​សាប៊ូ ឬ​ទឹក​លើ​ឥដ្ឋ។ ម្យ៉ាង​ទៀត ស្បែក​ជើង​ក្រវាត់​រាប​ស្មើ​ក៏​អាច​ជួយ​​ឱ្យ​អ្នក​លេង​ទឹក​បាន​យ៉ាង​សប្បាយ និង​មាន​ម៉ូដ​ទាន់​សម័យ​ផង​ដែរ។

ពាក់​អាវ​រលុង​ៗ

កុំ​ពាក់​អាវ​រឹប​ពេក​ ព្រោះ​ពេល​ត្រូវ​ទឹក​ វា​នឹង​រួញ ដែល​ធ្វើ​ឱ្យ​យើង​មិន​ស្រួល​ខ្លួន។ គួរ​ពាក់​អាវ​យឺត ឬ​អាវ​សាច់​ក្រណាត់​ទន់​ តែ​មាន​សភាព​រលុង​ៗ ដើម្បី​ឱ្យ​ខ្យល់​ចេញ​ចូល ហើយ​មិន​រឹប​ជាប់​ខ្លួន។

វ៉ែនតា​ការពារ​ទឹក ឬ​កម្ដៅ​ថ្ងៃ

រូបភាព៖ iTravel Channel TV

បើ​អ្នក​លេង​ទឹក​ពេល​ថ្ងៃ គួរ​ត្រៀម​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ព្រោះ​កម្ដៅ​ត្រូវ​នឹង​ទឹក​បង្កើត​បាន​ជា​ចំណាំង​ខ្លាំង ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក។ តែ​បើ​អ្នក​លេង​ទឹក​ពេល​យប់ គួរ​ត្រៀម​វ៉ែនតា​កញ្ចក់​ថ្លា ហើយ​ប្រភេទ​ជ័រ​ដើម្បី​ការពារ​​កុំ​ឱ្យ​ទឹក​ចូល​ភ្នែក​ផ្សារ ឬ​រកាំ។

​ ក្រៅ​ពី​របស់​សំខាន់ៗ​ដូច​ខាង​លើ គ្នា​យើង​ក៏​គួរ​ប្រយ័ត្ន​មួយ​ទៀត​រឿង​ខ្សែ​ភ្លើង ឬ​បង្គោល​ភ្លើង​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ​ណា​មួយ។ ហេតុ​នេះ គួរ​ឈរ ឬ​លេង​ឱ្យ​ឆ្ងាយ​ពី​តំបន់​ទាំង​នោះ ហើយ​មិន​ត្រូវ​ដើរ​ជើង​ទទេ​ដាច់​ខាត ជៀស​វាង​ដើរ​ជាន់​ខ្សែ​ភ្លើង​ដែល​ដាច់ ឬ​តំណ​ដោយ​មិន​ដឹង​ខ្លួន។

ចុចអាន៖ ​​ទៅ​​​​ដើរ​លេងនៅ​​​កន្លែង​ធម្មជាតិ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ គួរ​ចេះ​​ជ្រើស​រើស​ពណ៌​​​សម្លៀក​​​បំពាក់​​ឲ្យ​​ស៊ី​គ្នា​​ជាមួយ​​​​ទេសភាព​​

ជូន​ពរ​លេង​​បាញ់ ឬ​ជះ​ទឹក​បាន​សុខ​សប្បាយ​ទាំង​អស់​គ្នា!!

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម