ស្អាត​​យ៉ាង​ណា​ក៏​ដោយ បើ​​មាន​ចរិត ៦​យ៉ាង​​នេះ​​ប្រាកដ​គ្មាន​អ្នក​ចង់​​​​រាប់​អាន​ទេ

  • 2019-04-04 03:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

បើ​ទោះ​បី​​មាន​មនុស្ស​ច្រើន​ព្រម​​ទទួល​​យក​​នូវ​ចរិត​​ពិត​របស់​យើង ប៉ុន្តែ​ក៏​មាន​ទង្វើ​មួយ​ចំនួន​​ដែរ​ដែល​អាច​ឲ្យ​ពួក​គេ​ចង់​នៅ​ឆ្ងាយ​ពី​យើង ឬ​មិន​ចង់​រាប់​អាន​តែ​ម្ដង។ ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​ពី​ទង្វើ​ ឬ​ទម្លាប់​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​អ្នក​មាន​អារម្មណ៍​នឿយណាយ ទើសទាល់ រហូត​លែង​ហ៊ាន​រាប់​អាន​អ្នក។

១. ចូល​ចិត្ត​រើស​ដាក់​ខ្លួន

ជីវិត​​ពិត​ជា​លំបាក ប៉ុន្តែ​ការ​​យក​គ្រប់​យ៉ាង​មក​គិត​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់​តែ​លំបាក​លើស​ដើម ដូច​ជា ចៅហ្វាយ​នាយ​បាន​ផ្ដល់​ការងារ​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​ទៅ​មិត្ត​រួម​ការងារ​របស់​អ្នក ហើយ​អ្វី​ដែល​អ្នក​គិត​ចំពោះ​ហេតុការណ៍​នោះ​គឺ អ្នក​គឺ​ជា​​បុគ្គលិក​មិន​ល្អ ឬ​ការ​ដែល​មិត្ត​របស់​អ្នក​​សុំ​ការ​ណែនាំ​ពី​អ្នក​ដទៃ គឺ​បង្ហាញ​ថាអ្នក​គឺ​ជា​មិត្ត​ដែល​មិន​អាច​ទុក​ចិត្ត​បាន​ជា​ដើម។

ដំណោះស្រាយ៖

  • ថយ​ក្រោយ​មួយ​ជំហាន​ហើយ​​ពិចារណា​ឡើង​វិញ​ឲ្យ​ល្អិត​ល្អន់

  • កុំ​ប្រញាប់​វាយ​តម្លៃ

  • សាក​ល្បង​សម្លឹង​មើល​បញ្ហា​ដោយ​យក​ចិត្ត​អ្នក​ដទៃ​ដាក់​ក្នុង​ចិត្ត​អ្នក

  • បើ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ និង​ធ្វើ​ចិត្ត​ឲ្យ​ស្រស់​ថ្លា។

២. ពូកែ​ច្រណែន

ការ​ច្រណែន​​បន្តិចបន្តួច​ដែល​កសាង​កម្លាំង​ចិត្ត​អ្នក​ឲ្យ​ខំ​ប្រឹង​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​ច្រណែន​ខ្លាំង​ពេក​នោះ​គឺ​មិន​ល្អ​ឡើយ ជា​ពិសេស​ការ​ច្រណែន​បង​ប្អូន និង​មិត្តភ័ក្ដិ​របស់​ខ្លួន​តែ​ម្ដង។ ក្រៅ​ពី​នេះ​ការ​ច្រណែន​ធ្វើ​ឲ្យ​​យើង​ក្លាយ​ជា​មនុស្ស​​មិន​ល្អ​បាត់​ហើយ​ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ។

ដំណោះស្រាយ៖

  • ស្មោះ​ត្រង់​នឹង​ខ្លួន​​ឯង ហើយ​ស្វែង​រក​ថា​ឬស​គល់​នៃ​ការ​ច្រណែន​នោះ​កើត​ចេញ​ពី​ណា

  • កត់​ត្រា​រឿង​រ៉ាវ​ផ្សេង​ៗ​ក្នុង​ជីវិត​ដែល​ធ្វើ​ឲ្យ​អ្នក​​សប្បាយ​ចិត្ត

  • ផ្លាស់​ប្ដូរ​ភាព​ច្រណែន​មក​ជា​កម្លាំង​ជំរុញ​ចិត្ត​ដើម្បី​​អភិវឌ្ឍ​ខ្លួន​ឯង

  • ស្វែង​រក​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​មក​​​ជួយ​ប្រឹក្សា​ពាក់ព័ន្ធ​អារម្មណ៍​របស់​អ្នក

៣. ត្រូវ​ការ​​ចំណាប់​អារម្មណ៍​​ពី​អ្នក​ដទៃ​​គ្រប់​ពេល

ចំនួន Like និង Comment លើ​ Status ដែល​អ្នក​ផុស​មិន​បាន​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​ប៉ុណ្ណា​នោះ​ទេ។ អ្នក​អាច​ទទួល​បាន​ក្ដី​ស្រឡាញ់ និង​ការ​ទទួល​ស្គាល់​ពិត​ប្រាកដ​​គឺ​អាស្រ័យ​ថា​តើ​​អ្នក​មាន​អារម្មណ៍​ចំពោះ​ខ្លួន​ឯង​យ៉ាង​ណា ជា​ជាង​គិត​ថា​អ្នក​ដទៃ​គិត​ចំពោះ​អ្នក​យ៉ាង​ណាឡើយ។

ដំណោះស្រាយ៖

  • ស្វែង​រក​ការ​កម្សាន្ត​ថ្មី​ៗ ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ពី​បណ្ដាញ​សង្គម

  • មាន​សមាធិ​ជាមួយ​ការងារ​ផ្សេង​ៗ​ដែល​​​មាន​សារ​សំខាន់​​សម្រាប់​អ្នក​ ជំនួស​ឲ្យ​ការ​ស្វែង​រក​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ

  • ចងចាំ​អារម្មណ៍​ខ្លួន​​​ឯង​ថា​ពិបាក​ប៉ុណ្ណា​ពេល​​ចង់​ពឹង​អ្នក​ដទៃ ហើយ​ជម្រុះ​​គំនិត​អវិជ្ជមាន​ចេញ។

៤. និយាយ​យក​ឈ្នះ មិន​ព្រម​ទទួល​យក​​ការ​រិះគន់​បែប​កែ​លម្អ

គ្មាន​នរណា​ម្នាក់​លើ​លោក​នេះ​ដែល​ល្អ​គ្រប់​យ៉ាង​នោះ​ទេ។ ការ​ឈឺចាប់​ដែល​កើត​ចេញ​ពី​ការ​ទទួល​យក​​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឯង​ចាត់​ទុក​ថា​ជា​​ភាព​រឹង​មាំ​មួយ។ ការ​បដិសេធ​ការ​រិះគន់​នឹង​រារាំង​​ការ​រីក​ចម្រើន​របស់​ខ្លួន។ ​ភាព​ជោគជ័យ​​នៃ​ទំនាក់ទំនង​គ្រប់ប្រភេទ​គឺ​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​ទាក់ទង និង​ការ​ទទួល​យក​យោបល់​គ្នា​ទាំង​យោបល់​វិជ្ជមាន និង​យោបល់​អវិជ្ជមាន។

ដំណោះស្រាយ៖

  • ត្រូវ​ចងចាំ​ថា​ការ​រិះគន់​ក្នុង​ផ្លូវ​អវិជ្ជមាន​មាន​ប្រយោជន៍​ច្រើន​​

  • ត្រូវ​ពិចារណា​ស្ថានភាព​ជារួម និង​បរិបទ​នៃ​ការ​សន្ទនា​មុន​នឹង​ឆ្លើយ​តប​ទៅ​វិញ

  • ប្រុងប្រយ័ត្ន​​ឥរិយាបថ​របស់​ខ្លួន​ឯង​ពេល​ទទួល​យក​ពាក្យ​រិះគន់

  • តាំង​ចិត្ត​ស្ដាប់ និង​​ធ្វើ​ការ​ផ្លាស់​ប្ដូរ ប្រសិន​បើ​ចាំបាច់។

៥. ចូល​ចិត្ត​ធ្វើ​ខ្លួន​ជា​ជនរងគ្រោះ

អ្នក​អាច​នឹង​ជួប​បញ្ហា​មិន​ឈប់​មិន​ឈរ ហើយ​ការ​រវល់​តែ​រអ៊ូ​ក៏​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង​តស៊ូ​​ជាមួយ​បញ្ហា​បន្ត។ ដូច្នេះ​ត្រូវ​ដឹង​ថា​ការ​គិត​អវិជ្ជមាន​គឺ​ជា​អ្វី​ដែល​គ្រប់គ្រង​ការគិត​ និង​រារាំង​មិន​ឲ្យ​អ្នក​រីក​ចម្រើន​បាន​ឡើយ។ ​នៅ​ពេល​ជួប​បញ្ហា មិន​ប្រាកដ​ថា​​មាន​តែ​អ្នក​ឡើយ​ដែល​ជួប​ការ​ពិបាក ឬ​ជា​ជន​រងគ្រោះ ប៉ុន្តែ​អ្នក​ដទៃ​ក៏​ដូច​គ្នា ដូច្នេះ​បើ​អ្នក​ព្យាយាម​យក​ត្រូវ​តែ​ម្នាក់​ឯង​រហូត​ គឺ​ពិបាក​ហើយ។

ដំណោះស្រាយ៖

  • បណ្ដោយ​ឲ្យ​ខ្លួន​កើត​ទុក្ខ​មួយ​រយៈ បន្ទាប់​មក​ត្រូវ​គ្រោង​ចាប់​ផ្ដើម​ធ្វើ​អ្វី​ម្យ៉ាង

  • ឈប់​បន្ទោស​អ្នក​ដទៃ​ពេល​ខ្លួន​ជួប​​បញ្ហា​អាក្រក់

  • ជឿ​ថា​ខ្លួន​ឯង​អាច​កែប្រែ​ស្ថានការណ៍​បាន មិន​ថា​​លើស​ពី​ការ​គ្រប់គ្រង​របស់​អ្នក​ឬ​អត់​ក៏​ដោយ។

៦. ចូលចិត្ត​និយាយ​អាក្រក់​ពី​​អ្នក​ដទៃ

មនុស្ស​ដែល​មាន​ការ​គិត​វិជ្ជមាន​នឹង​មិន​​​ឆ្កឹះឆ្កៀល ជាន់​ពន្លិច​​អ្នក​ដទៃ​ដើម្បី​ឲ្យ​ខ្លួន​ឲ្យ​ខ្លួន​ឯង​ឡើង​ខ្ពស់​នោះ​ទេ។ ដូច្នេះ​អ្នក​គួរ​យក​ពេល​មក​ផ្ដោត​លើ​គោលដៅ​របស់​ខ្លួន​ឯង និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​កំពុង​ប្រឹងប្រែង​ដូច​គ្នា​វិញ មិន​យូរ​មិន​ឆាប់​អ្នក​នឹង​ដឹង​ថា អ្នក​គ្មាន​ពេល​វេលា​និយាយ​ដើម​អ្នក​ដទៃ​ឡើយ ដោយ​សារ​អ្នក​រវល់​តែ​មមាញឹក​នឹង​ការងារ​សំខាន់ៗ​របស់​ខ្លួន​ឯង។  

ដំណោះស្រាយ៖

  • រក្សា​ភាព​ស្ងៀមស្ងាត់ ឬ​និយាយ​ដោយ​ត្រង់​ថា​ខ្ញុំ​​សុំ​មិន​និយាយ​ពី​អ្នក​ដទៃ

  • ស្វែង​រក​មូលហេតុ​ថា​ហេតុ​អ្វី​អ្នក​មិន​ចូលចិត្ត​​និយាយ​ដើម​អ្នក​ដទៃ

  • ព្យាយាម​ផ្លាស់​ប្ដូរ​ប្រធានបទ​សន្ទនា

  • និយាយ​ពី​​ចំណុច​ល្អ​របស់​មនុស្ស​ដែល​ត្រូវ​គេ​និយាយ​ដើម ជំនួស​ឲ្យ​ការ​ចាក់​ចេក​ចាក់​ស្ករ ៕

ចុចអាន៖ការស្រាវជ្រាវ ៖ មើល​ស្នាម​ញញឹម​​​ក៏​ដឹង​ថា​អ្នក​​​នោះ​ជោគជ័យ​ ឬ​បរាជ័យ​ក្នុងពេល​អនាគត​ដែរ

អត្ថបទ៖ ផេង ផលធិតា