មិនខ្វះអ្នកស្រឡាញ់ចូលចិត្តទេ ឲ្យតែមានចំណុចនេះជាប់ខ្លួន
- 2019-03-25 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្វះអ្នកស្រឡាញ់ចូលចិត្តទេ ឲ្យតែមានចំណុចនេះជាប់ខ្លួន
ការផ្លាស់ប្ដូរទម្លាប់ និងលក្ខណៈខាងក្រៅរបស់ខ្លួនឯងគឺជាវិធីឆាប់រហ័សបំផុតដែលនឹងធ្វើឲ្យអ្នករីកចម្រើន ហើយជោគជ័យលើទំនាក់ទំនងផ្សេងៗ។ វាអាចជាការបណ្ដាក់ទុនដែលចំណាយដើមទុនតិចប៉ុន្តែហុចផលខ្ពស់ (Low investment, High return)។ បើសិនជាអ្នកចង់បានជោគជ័យលើទំនាក់ទំនងនានា ហើយមានមនុស្សស្រលាញ់ឲ្យតម្លៃច្រើន សូមកុំមើលរំលងនូវចំណុចតូចៗខាងក្រោមនេះ៖
១. យកចិត្តទុកដាក់ខ្លួនឯង មើលថែទាំងសម្រស់ និងអនាម័យផ្ទាល់ខ្លួនឲ្យស្រស់ថ្លាជានិច្ច ព្រមទាំងហាត់ប្រាណ និងញ៉ាំអាហារណាដែលមានប្រយោជន៍។
២. យកចិត្តទុកដាក់អ្នកដទៃ ហាត់សង្កេតមើលអ្នកនៅជុំវិញខ្លួនខ្លះថា គេមានបញ្ហាអី កំពុងទុក្ខ ឬសុខ ហើយផ្ដល់ក្ដីស្រលាញ់ និងកម្លាំងចិត្តឲ្យគេតាមការគួរ។
៣. ធ្វើជាអ្នកឲ្យ កាន់តែឲ្យច្រើន អ្នកកាន់តែទទួលបានច្រើន។ ការផ្ដល់ឲ្យមិនមែនត្រឹមតែទ្រព្យសម្បត្តិរបស់របរនោះទេ ប៉ុន្តែគឺអាចជាចំណេះដឹង ការសរសើរ ដែលសុទ្ធតែជាការឲ្យដ៏មានតម្លៃ។
៤. មានស្នាមញញឹម ស្នាមញញឹមគឺជារបស់ដំបូងដែលយើងត្រូវផ្ដល់ឲ្យអ្នកដទៃ ព្រោះវាបញ្ជាក់ពី អារម្មណ៍ល្អ និងមិត្តភាពរបស់អ្នកចំពោះគេ។ ស្នាមញញឹមនេះហើយដែលធ្វើឲ្យអ្នកមើលទៅស្រស់ថ្លាគ្រប់ពេល។
៥. សម្លៀកបំពាក់សមរម្យ ការតែងខ្លួនមិនត្រឹមតែធ្វើឲ្យខ្លួនយើងមើលទៅស្រស់ស្អាតនោះទេ ប៉ុន្តែវាក៏បានបង្ហាញពីអ្វីផ្សេងៗទៀតដែរ ដូចជាការផ្ដល់កិត្តិយសឲ្យខ្លួនឯង និងអ្នកដទៃជុំវិញខ្លួន។
៦. ធ្វើមុខ ធ្វើសក់ ផ្ទៃមុខ និងសក់ចាត់ទុកថាជាផ្នែកសំខាន់ ដែលយើងត្រូវថែរក្សាឲ្យដិតដល់ និងត្រូវរៀបចំវាឲ្យបានស្អាតជានិច្ច។
៧. សាងមន្តស្នេហ៍ឲ្យខ្លួនឯង វិធីដែលអាចបង្កើតមន្តស្នេហ៍បានងាយគឺ ការដែលយើងនិយាយស្ដីពីរោះពិសា គិតវិជ្ជមានពីអ្នកដទៃ ចេះជួយយកអាសាអ្នកដទៃដោយស្នាមញញឹមជាដើម។
៨. មើលកាលៈទេសៈ អ្វីដែលសំខាន់ មិនថាអ្នកធ្វើអ្វី គឺត្រូវគិតមុនគូរជានិច្ច ថាវាត្រូវពេល ត្រូវវេលា ត្រូវកន្លែង ដែលត្រូវធ្វើឬក៏អត់។
៩. កិរិយាមារយាទ ការដែលយើងមានមារយាទល្អនោះគឺចាត់ទុកថាមានជោគជ័យពាក់កណ្ដាលហើយ។ បើទោះបីពេលខ្លះ យើងមិនអាចបង្ហាញវាចេញមកដោយផ្ទាល់ ប៉ុន្តែអ្នកនៅជុំវិញខ្លួននឹងអាចយល់បាន បើសិនអ្នកពិតជាមនុស្សល្អពិតមែន។
១០. ចេះដាក់ខ្លួន ចំណុចនេះបើមាន គឺចាត់ទុកថាមានប្រៀបមួយ ព្រោះក្រៅពីធ្វើឲ្យយើងក្លាយជាមនុស្សដែលអ្នកដទៃស្រលាញ់ចូលចិត្តហើយ វាក៏ធ្វើឲ្យយើងក្លាយជាមនុស្សដែលគួរឲ្យចង់ទាក់ទង ចង់រាប់អានថែមទៀត។
១១. ឥរិយាបថល្អ មិនថាការដើរ ការអង្គុយ ការឈរ។ អ្វីទាំងនេះគឺសុទ្ធតែសំខាន់ខ្លាំង ព្រោះនៅពេលអ្នកមានឥរិយាបថល្អ មិនថាអ្នកធ្វើអ្វី ក៏មើលទៅទំនង មានរាសីជានិច្ច។
១២. គ្មានគំនិតអាក្រក់ មិននិយាយអាក្រក់ មិនគិតអាក្រក់ មិនបៀតបៀន ឬចាំយកប្រៀបអ្នកដទៃ ទាំងកាយ វាចា ចិត្ត។
១៣. យកចិត្តទុកដាក់ចាប់ពីរឿងតូចៗ ដូចជាការហុចក្រដាសជូតមាត់ឲ្យមិត្តភ័ក្ដិពេលញ៉ាំអាហារ ដួសអាហារឲ្យមនុស្សដែលខ្លួនស្រលាញ់... រឿងទាំងអស់នេះ គឺជាការបន្ថែមមន្តស្នេហ៍ឲ្យខ្លួនអ្នកបានច្រើនមិនគួរឲ្យជឿឡើយ។
១៤. ខ្សែភ្នែក មិនមែនតែពាក្យសម្ដីទេដែលអាចបញ្ជាក់ពីអារម្មណ៍របស់យើងចំពោះគេ ប៉ុន្តែខ្សែភ្នែកគឺអាចបង្ហាញឲ្យគេដឹងច្រើនជាងហ្នឹងទៅទៀត។ ព្យាយាមសម្លឹងកែវភ្នែកគេឲ្យបានច្រើននៅពេលអ្នកនិយាយជាមួយនរណាម្នាក់ ប៉ុន្តែជាខ្សែភ្នែកដែលបង្ហាញពីមិត្តភាព និងការចាប់អារម្មណ៍ មិនមែនសម្លឹងសំឡក់ឡើយ។
១៥. ធ្វើជាខ្លួនឯង ត្រូវរស់នៅតាមរបៀបរបបរបស់ខ្លួនឯង ដោយមិនចាំបាច់ធ្វើតាមអ្នកណា។ ធ្វើអ្វីក៏ដោយដែលយើងគិតថាល្អ មានប្រយោជន៍ ហើយមិនប៉ះពាល់ដល់អ្នកដទៃ។
១៦. មើលឃើញតម្លៃខ្លួនឯង ជីវិតគ្រប់គ្នាសុទ្ធតែមានតម្លៃ ដូច្នេះយើងត្រូវមើលឃើញតម្លៃរបស់ខ្លួន និងមានមោទនភាពនឹងខ្លួនឯង។ នៅពេលមើលឃើញតម្លៃរបស់ខ្លួន យើងនឹងអាចធ្វើអ្វីដែលមានតម្លៃឲ្យខ្លួនឯងបាន។
១៧. ធ្វើអ្វីត្រូវធ្វើឲ្យអស់ពីចិត្ត នៅពេលដែលយើងដាក់ចិត្តថាធ្វើអ្វីហើយ សូមធ្វើវាឲ្យអស់ពីសមត្ថភាប កុំធ្វើលំៗ ឲ្យរួចពីដៃពីជើង ព្រោះអ្វីគ្រប់យ៉ាងដែលយើងធ្វើគឺនឹងឆ្លុះបញ្ចាំងពីខ្លួនយើងថាជាមនុស្សបែបណា ៕
ចុចអាន៖
ធំហើយ ត្រូវធ្វើខ្លួនឲ្យរឹងមាំ ៥ចំណុចនេះ ទើបចូលសង្គម គ្មានអ្នកមើលងាយ
អាយុ ៣០ឡើងទៅត្រូវរៀនយល់រឿងទាំងនេះ តែបើយល់បានមុននេះ កាន់តែល្អ