បើអ្នកលើកលែងឲ្យអ្នកក្បត់ ជួបទុក្ខកុំរកអ្នកណាជួយឲ្យសោះ
- 2019-03-15 02:22:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកលើកលែងឲ្យអ្នកក្បត់ ជួបទុក្ខកុំរកអ្នកណាជួយឲ្យសោះ
គេក្បត់លើកដំបូងជាកំហុសរបស់គេ តែបណ្ដោយឲ្យគេក្បត់បានជាលើកទី២ គឺកំហុសរបស់អ្នកហើយ។ ដូចនេះ ប្រសិនបើអ្នកជាអ្នករើសយកផ្លូវមួយនេះ កំហុសគ្រប់យ៉ាងគឺធ្លាក់លើអ្នកម្នាក់ឯងប៉ុណ្ណោះ។
ព្រឹកនេះ មើលឃើញវីដេអូឃ្លីបកូនទៅវ៉ៃប្រពន្ធចុងជួយម៉ែ។ អ្នកណាក៏បញ្ចេញមតិសរសើរថា កើតបានកូនម្នាក់ដូចនេះ ពិតជាមិនអត់ប្រយោជន៍មែន។ តែចំពោះខ្ញុំ បានត្រឹមតែឈឺចិត្ត។ ចុងបញ្ចប់ សួរថាទៅវ៉ៃគេដើម្បីអី? អ្នកមានដឹងអត់ថា ការវ៉ៃនេះគឺជាវិធីដែលលឿនបំផុត ដែលរុញមនុស្សប្រុសរបស់អ្នកចេញពីអ្នកកាន់តែឆ្ងាយ។ ប្រសិនបើអ្នកចង់លែងលះ ហើយបានចែកទ្រព្យសម្បត្តិនោះ ការវ៉ៃគេគ្រាន់តែបង្ករផលពិបាកចំពោះអ្នកនៅចំពោះមុខតុលាការតែប៉ុណ្ណោះ។ ការវ៉ៃស្រីកំណាន់នេះ នឹងធ្វើឲ្យគេរឹតតែសប្បាយចិត្ត ព្រោះបានសម្រេចចិត្តចាកចេញពីស្រីដែលហិង្សាដូចអ្នក។
ទោះមានរឿងអ្វីកើតឡើងក៏ដោយ កុំប៉ះពាល់ដល់ជនទី៣ឲ្យសោះ មិនមែនពួកគេមិនសមនឹងវ៉ៃនោះទេ តែវ៉ៃពួកគេគ្រាន់តែធ្វើឲ្យអ្នកអន់ថយជាងមុនប៉ុណ្ណោះ។ នៅពេលដែលអ្នកលើកដៃវ៉ៃ ឬជេរពួកនាង នៅក្នុងភ្នែកសង្សារ ឬប្ដីរបស់អ្នក ពួកគេជាមនុស្សគួរឲ្យអាណិត ឯអ្នកប្រៀបដូចជាយាយធ្មប់ម្នាក់ចឹង ទាំងតាមការពិត អ្នកទើបជាជនរងគ្រោះពិតប្រាកដ ហើយអ្នកចាំមើលទៅ អ្នកដែលយករបស់គេ ពូកែសម្ដែងជាតួឯកណាស់ ដែលកាន់តែធ្វើឲ្យគេអាណិតនាងលើសដើម។
គេថា មនុស្សប្រុសក្បត់ហើយ កុំអូសទាញទៀត។ ត្រូវ! បើជាខ្ញុំ ខ្ញុំមិនអូសទាញឡើយ តែសម្រាប់អ្នកផ្សេង គេអាចមានមួយលានហេតុផលដើម្បីអូសទាញគេមកវិញ។ យើងមិនគួរវាយតម្លៃគេឡើយ ព្រោះវាជាសិទ្ធិរបស់គេ តែបើគេជាមិត្តយើង យើងគួរប្រាប់ទៅវិញថា ផ្លូវមួយនេះ គេជាអ្នករើស ដូចនេះ បើឈឺលើកទី២គឺមកពីគេល្ងង់ដោយខ្លួនឯង។
ត្រូវគេក្បត់លើកទី១ គឺជាកំហុសរបស់គេដែលមានសណ្ដានមិនល្អ តែលើកលែងឲ្យគេ ហើយទ្រាំឲ្យក្បត់បានជាលើកទី២គឺជាកំហុសរបស់អ្នកទាំងស្រុង។ ចង់ដើរផ្លូវមួយណា គឺជាការសម្រេចចិត្តរបស់អ្នក៕
ចុចអាន៖នៅពេលអស់ចិត្ត គេនឹងមានមួយលានហេតុផលដែលត្រូវដើរចេញ