នៅពេលអស់ចិត្ត គេនឹងមានមួយលានហេតុផលដែលត្រូវដើរចេញ
- 2019-03-12 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលអស់ចិត្ត គេនឹងមានមួយលានហេតុផលដែលត្រូវដើរចេញ
នៅពេលមនុស្សម្នាក់អស់អារម្មណ៍ស្រឡាញ់ច្បាស់ណាស់គេគ្មានហេតុផលអីដែលត្រូវនៅទៀតនោះទេ គឺមានតែហេតុផលដែលត្រូវចាកចេញតែប៉ុណ្ណោះ។
មានគូស្នេហ៍ខ្លះព្យាយាមលន់តួម្ខាងទៀតឲ្យនៅជាមួយខ្លួន ទាំងម្ខាងទៀតប្រាប់ថាអស់ស្រឡាញ់ទៅហើយ។ ពេលខ្លះមិនមែនពួកគេចង់បន្ទាបតម្លៃខ្លួនឯងទៅអង្វរកមនុស្សដែលចង់ចាកចេញទេ តែនេះមកពីក្ដីស្រឡាញ់ដែលម្ខាងទៀតនៅ ទោះបីគេចង់ទៅក៏ខ្លួនប្រឹងឃាត់មិនចង់ឲ្យទៅដែរ។
ការពិតទៅអារម្មណ៍ស្រឡាញ់មនុស្សម្នាក់ខ្លាំង លែងគិតថាខ្លួនអន់ ឬថ្លៃថ្នូរប៉ុណ្ណាហើយ ព្រោះនៅក្នុងនិយមន័យស្នេហា គ្មានពាក្យអន់ គ្មានពាក្យថ្លៃនោះទេ គឺមានតែពាក្យថារីករាយ និងឈឺចាប់តែប៉ុណ្ណោះ។ នៅពេលដែលមនុស្សពីរនាក់កំពុងស្រឡាញ់គ្នាខ្លាំង ពាក្យរីករាយនឹងលេចឡើងមក តែនៅពេលម្ខាងណាអស់ស្រឡាញ់ ពាក្យឈឺចាប់ក៏ត្រូវធ្លាក់ទៅលើអ្នកដែលនៅស្រឡាញ់។
អ្នកដែលអស់ចិត្តគេមិនបានដឹងថាអ្នកនៅមានចិត្តឈឺចាប់ប៉ុណ្ណាឡើយ អ្វីដែលគេដឹងគឺត្រឹមថាគេចង់ចាកចេញ គេមិនចង់បន្ត។ ទោះអ្នកមាន១លានហេតុផលដែលស្រឡាញ់គេ ក៏គ្មានប្រយោជន៍ដែរ ព្រោះគេនឹងមានលើសពី១លានហេតុផលដែលត្រូវទៅ។
ការដែលបើកផ្លូវឲ្យមនុស្សដែលខ្លួនកំពុងស្រឡាញ់ចាកចេញវាឈឺចាប់ណាស់ តែវាកាន់តែឈឺចាប់ជាងនេះនៅពេលដែលយើងព្យាយាមឃាត់គេឲ្យនៅហើយគេមិនព្រមនៅទៀត។ បើត្រូវឈឺចាប់បែបនេះដូចគ្នា ក៏បើកផ្លូវឲ្យគេទៅរកអ្វីដែលគេចង់បានទៅ ព្រោះយ៉ាងណាក៏យើងអាចមើលឃើញពីភាពរីករាយរបស់គេពេលដែលចេញពីយើង។
សម្ងំឈឺចាប់តែឯងបានហើយ កុំព្យាយាមឱបគេជាប់ទ្រូងហើយឲ្យគេឈឺចាប់ដែរនោះ បើគេមិនអាចរស់នៅជាមួយយើងគេ ក៏ជូនពរគេពីចម្ងាយឲ្យបានក្ដីសុខទៅ៕