គ្មានអ្នកណាអាចធ្វើចិត្តបាន ព្រមជាមិត្តនឹងមនុស្សដែលធ្លាប់ធ្វើឲ្យខ្លួនឈឺចាប់នោះទេ
- 2019-03-12 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានអ្នកណាអាចធ្វើចិត្តបាន ព្រមជាមិត្តនឹងមនុស្សដែលធ្លាប់ធ្វើឲ្យខ្លួនឈឺចាប់នោះទេ
គេធ្វើឲ្យឈឺប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ឬយ៉ាងម៉េច បានចង់ផុងខ្លួនទៅចងមិត្តនឹងគេ ដើម្បីឲ្យបានឈឺម្ដងទៀតឬយ៉ាងម៉េច?
ថ្ងៃដែលពួកខ្ញុំបែកគ្នា គាត់បាននិយាយថា៖ "ថ្ងៃក្រោយជួបគ្នា"។ ទេ គ្មានពាក្យថាថ្ងៃក្រោយទៀតឡើយ គ្មានហេតុផលអ្វីត្រូវជួបគ្នាទៀតទាំងអស់។ “កុំអាត្មានិយមពេក! ពួកយើងនៅតែអាចជាមិត្តភ័ក្ដិនឹងគ្នាបានតើ" គាត់និយាយ។ តែនៅក្នុងចិត្តខ្ញុំវិញ គ្មានកូនចិត្តសូម្បីបន្តិចដើម្បីរាប់គាត់ធ្វើជាមិត្ត។ គ្មានអ្នកណាចង់រាប់មិត្តនឹងមនុស្សដែលធ្លាប់ឲ្យខ្លួនឈឺដូចធ្លាក់ឋាននរកទាំងរស់នោះទេ។
ខ្ញុំនិយាយហើយក៏បែរខ្នងចេញ។ ខ្ញុំគិតថារវាងពួកខ្ញុំ មិនគួរជួបគ្នាទៀតឡើយ ហើយក៏គ្មានហេតុផលអ្វីឲ្យជួបទៀតដែរ។ មនុស្សដែលខ្ញុំធ្លាប់ស្រលាញ់ស្មើកែវភ្នែក បែរជាមនុស្សដែលធ្វើឲ្យខ្ញុំអស់សង្ឃឹមបំផុត ដូចនេះតើជួបទៀតបានការអ្វីទៀតទៅ?
បញ្ចប់មនោសញ្ចេតនាមួយ គេអាចធ្វើជាមិត្តភ័ក្ដិនឹងគ្នាលុះត្រាតែស្នេហានោះមិនជ្រាលជ្រៅពេក។ តែចំពោះខ្ញុំ មនុស្សដែលបានដាក់ទាំងចិត្តទាំងកាយលើស្នេហាបែបនេះគឺមិនអាចមើលមុខគ្នាបានទៀតឡើយ។ បើជួបទៀត ស្នាមរបួសនេះនឹងរើឡើងវិញ ហើយឈឺលើសដើម។ ក៏មានតែបន្ទោសខ្លួនឯងដែលស្រលាញ់គេខ្លាំងពេក។
នៅក្នុងបេះដូង អាចនៅមនោសញ្ចេតនាខ្លះ តែកុំធ្វើឲ្យខ្លួនឯងដូចផ្ទះគ្មានម្ចាស់ គេចង់ចូលពេលណាក៏បានឲ្យសោះ។ ខ្លួនឯងត្រូវធ្វើជាម្ចាស់ផ្ទះ កាន់សោឲ្យជាប់។ ចាប់ពីពេលនេះតទៅ កុំជឿសម្ដីអ្នកណាដែលធ្លាប់សាងកំហុសលើយើងទៀតឲ្យសោះ។ ព្រោះឈឺលើកទី១ គឺជាកំហុសរបស់គេ តែបើយើងបណ្ដាលឲ្យគេធ្វើឲ្យយើងឈឺលើកទី២បាន នោះគឺមកពីល្ងង់។
ហេតុនេះហើយ ទើបនៅពេលដែលបែកគ្នានោះ ខ្ញុំបានដាក់ចិត្តដាក់កាយរួចជាស្រេចហើយថា គ្មានថ្ងៃឲ្យឱកាសគេចូលមកច្របាច់បេះដូងដែលបានខ្ទាំរបស់ខ្ញុំម្ដងទៀតជាដាច់ខាត៕
ចុចអាន៖មនុស្សស្រីឆ្លាតដឹងទាំងអស់ថា អ្វីៗដែលមនុស្សប្រុសឲ្យសុទ្ធតែមានដឺឡេទាំងអស់