ឈឺ​ចាប់​បំផុត​គឺ​បែក​គ្នា​ដោយ​សារ​អំនួត​រៀង​ខ្លួន ទាំង​នៅស្រលាញ់​គ្នា​ខ្លាំង

  • 2019-03-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ចិត្ត​គឺ​ច្បាស់​ខ្លាំង​ណាស់​ថា​នៅ​ស្រលាញ់​គ្នា តែ​ដោយ​សារ​តែ​ខ្លាច​ពាក្យ​ថា “ថោក” "អន់" "ចាញ់ " ក៏​រឹង​រូស​រៀង​ខ្លួន​រហូត​ដល់​ថ្នាក់​បែក​គ្នា។

រូបតំណាង

ពេល​ស្រលាញ់​គ្នា អ្នក​ណា​ក៏​ចង់​ឲ្យ​នៅ​ក្បែរ​គ្នា​ឲ្យ​បាន​យូរ អាច​កាន់​ដៃ​គ្នា​ដើរ​ដល់​អស់​ផ្លូវ​ជីវិត​ជាមួយ​គ្នា។ តែ​បើ​គ្រប់​ចំណង​មនោសញ្ចេតនា​សុទ្ធ​តែ​បញ្ចប់​ដោយ​សុភមង្គល គឺ​មិន​អាច​ទៅ​រួច​ឡើយ។ ដោយ​សារ​ហេតុ​ផល​ណា​មួយ ពួក​យើង​នៅ​តែ​ត្រូវ​និយាយ​ពាក្យ​ថា​បែក​ដាក់​គ្នា​ដដែល។ បែក​គ្នា​ដោយ​សារ​អស់​ស្រលាញ់​គ្នា​ជា​រឿង​ធម្មតា​ទេ តែ​បែក​គ្នា​ទាំង​ស្រលាញ់ ដោយ​អត់​មាន​អ្នក​ទី​បី​សោះ​ទើប​ឈឺ​ចាប់​ខ្លាំង។ គឺ​មាន​ហេតុ​ផល​តែ​មួយ​គត់ ចិត្ត​​អំនួត​របស់​ខ្លួន​ឯង​ធំ​ពេក។

ពួក​យើង​សុទ្ធ​តែ​មាន​គំនិត ចំណង់ចំណូល​ចិត្ត និង​របៀប​រស់​នៅ​ផ្ទាល់​ខ្លួន ហើយ​ស្នេហា​គឺ​ត្រូវ​ផ្ដើម​ឡើង​ដោយ​បុគ្គល​២​នាក់ ដោយ​អ្នក​ទាំង​២​អាច​លះបង់​ចោល​គ្រប់​យ៉ាង​នៅ​ពេល​ស្រលាញ់​គ្នា​រួច​ហើយ។ ទើប​មាន​ឃ្លា​មួយ​លើក​ឡើង​ថា «ឃ្លាន​ឆ្ងាញ់​ស្រលាញ់​ល្អ»។

យ៉ាងណាក៏​ដោយ ដើម្បី​ជម្នះ​រាល់​ព្យុះភ្លៀង​បាន​នៅ​ក្បែរ​គ្នា​យូរ ភាគី​ទាំង​សង​ខាង​ត្រូវ​ចេះ​បន្ទាប​ខ្លួន​តាម​កាលៈទេសៈ ទើប​មនោសញ្ចេតនា​បាន​ស្ថិតស្ថេរ។ បើ​ខ្លាំង​ៗ​ទាំង​សង​ខាង យក​ឈ្នះ​រៀង​ខ្លួន ចង់​ស្នេហា​រឹង​មាំ​យ៉ាង​ក៏​ត្រូវ​បែក​គ្នា​ដែរ។

រូបតំណាង

ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ ទាំង​ប្រុស​ទាំង​ស្រី​សុទ្ធ​តែ​មាន​កំរិត​វប្បធម៌ និង​ចំណេះ​ដឹង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រកាន់​ជំហរ​របស់​ខ្លួន​យ៉ាង​ដាច់​អហង្ការ។ អាស្រ័យ​ហេតុ​នេះ រាល់​ពេល​ជម្លោះ​ផ្ទុះ​ចេញ​ម្ដង​ៗ ពួក​គេ​នឹង​តស៊ូ​មតិ​របស់​ខ្លួន​រហូត​ដល់​ទី​បញ្ចប់ ហើយ​លទ្ធផល​គឺ​គ្មាន​អ្វី​ក្រៅ​ពី​បែក​គ្នា​នោះ​ឡើយ។ ពេល​និយាយ​ពាក្យ​ថា​បែក​នេះ​គឺ​និយាយ​ឲ្យ​ស្រួល​មាត់​សិន​តែ​ប៉ុណ្ណោះ។ ក្រោយ​មក​ មក​ដល់​ផ្ទះ​វិញ​ទើប​ស្ដាយ​ក្រោយ។ ស្ដាយ​ក្រោយ​រឿង​អី? គឺ​រឿង​ដែល​ចិត្ត​នៅ​ស្រលាញ់​ដូច​ដើម តែ​ដោយ​សារ​តែ​ចិត្ត​អំនួត ខ្លាច​គេ​ថា “ថោក” ទើប​មិន​ហ៊ាន​ទទួល​កំហុស ហើយ​ក៏​បាត់​បង់​ចំណង​មនោសញ្ចេតនា​មួយ​យ៉ាង​សោក​ស្ដាយ​បំផុត។

តាម​នេះ​ដែរ ដូច​និយាយ​នៅ​លើ​ស្រាប់ បើ​យើង​ពិត​ជា​ស្រលាញ់​គ្នា​មែន កុំ​ក្រែង​បន្ទាប​ខ្លួន បើ​ខ្លួន​ខុស​មែន ដើម្បី​រក្សា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឲ្យ​បាន៕

ចុចអាន៖ដំបូន្មាន​ស្នេហាសម្រាប់​មនុស្ស​ស្រី​គ្រប់គ្នា​ ដើម្បី​កុំ​ឲ្យ​​ពិបាក​ចិត្ត​នៅ​ពេល​ក្រោយ

ប្រភព៖ Kenh14 អត្ថបទ៖Caramel