ដំបូន្មាន​ស្នេហាសម្រាប់​មនុស្ស​ស្រី​គ្រប់គ្នា​ ដើម្បី​កុំ​ឲ្យ​​ពិបាក​ចិត្ត​នៅ​ពេល​ក្រោយ

  • 2019-03-01 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ស្រឡាញ់​នរណា​ម្នាក់​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ពីរ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ ហើយ​ទោះ​ចង់​មិន​ចង់​អ្នក​មិន​អាច​គេច​ផុត​ឡើយ នោះ​គឺ​សេចក្ដី​សុខ និង​ភាព​ឈឺចាប់។

មនុស្ស​២​នាក់​ស្រឡាញ់​គ្នា ចៀស​មិន​ផុត​ពី​ភាព​ទាស់ទែង​គ្នា មិន​ចុះ​សម្រុង​គ្នា​ឡើយ។ ស្នេហា​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ញញឹម​រហូត​ទេ ព្រោះ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​មាន​មនុស្ស​ម្នាក់​ក្នុង​ចិត្ត ភាព​ឯកា ការ​នឹក​រលឹក ការ​បារម្ភ ការ​ប្រចណ្ឌ​ហួងហែង ទាំង​នេះ​សុទ្ធ​តែ​ជា​ទុក្ខ​ដែល​អ្នក​ត្រូវ​ជួប។

ធ្លាប់​សួរ​ខ្លួន​ឯង​ទេ​ថា​តើ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ឈឺខ្លាំង​ពេល​ជួប​បញ្ហា?

ចម្លើយ​នោះ​គឺ​ជា​ការ​ត្រៀម​ខ្លួន និង​ស្វែង​យល់​ថា​តើ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ឬ​មិន​គួរ​ធ្វើ?

កូន​ស្រី​គ្រប់​គ្នា​ចាំ​ណា​មនុស្ស​ប្រុស​សឹង​តែ​ទាំង​អស់​ទៅ​ហើយ មិន​ចូលចិត្ត​មនុស្ស​ស្រី​ដែល​ជោរ​ខុស​របៀប​ឡើយ ដូច្នេះ​ចូរ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ដល់​ចំណុច​មួយ​ដែល​គេ​និយាយ​ថា «ជោរ»។ កុំ​អាង​តែ​គេ​ស្រឡាញ់​ខ្លួន​ខ្លាំង​ហើយ​បាន​ចិត្ត​មិន​គិត​ក្រែង​គេ ឲ្យ​គេ​តាម​ខ្លួន​រហូត​នោះ។ បើ​អ្នក​ជា​មនុស្ស​ស្រី​បែប​នេះ មនុស្ស​ប្រុស​នោះ​មិន​យូរ​មិន​ឆាប់​នឹង​ចាក​ចេញ​ពី​អ្នក ហើយ​ទោះ​អ្នក​ចាប់​ផ្ដើម​ជា​ថ្មី​ជាមួយ​អ្នក​ណា​ទៀត​ក៏​លទ្ធផល​នៅ​ដដែល ព្រោះ​ស្នេហា​តម្រូវ​ឲ្យ​មាន​ទៅវិញ​ទៅ​មក ដូច្នេះ​បើ​មាន​តែ​ម្ខាង​ជា​អ្នក​ខំ មិន​យូរ​វា​នឹង​ដាច់។

កុំ​រំពឹង​ខ្លាំង​ពេក​ថា​គេ​អាច​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​អ្នក​គ្រប់​ពេល តែ​អ្នក​ត្រូវ​ចេះ​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ពេល​គេ​មិន​បាន​ផ្ដល់។ កុំ​ទាម​ទារ​ឲ្យ​មនុស្ស​ប្រុស​ផ្ដល់​គ្រប់​យ៉ាង​មក​ឲ្យ​អ្នក​អី នោះ​គឺ​មិន​អាច​ឡើយ ព្រោះ​គេ​នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​​ត្រូវ​ធ្វើ​ និង​ត្រូវ​គិត។ បើ​គ្រាន់​តែ​គេ​មិន​បាន​ខ្វល់​ពី​អ្នក​មួយ​ថ្ងៃ ឬ​ទុក​អ្នក​ចោល​នៅ​ពេល​ណា​មួយ​អ្នក​មិន​អាច​ទ្រាំ​បាន​នោះ អ្នក​នឹង​ទទួល​ការ​ឈឺចាប់​ខ្លួន​ឯង។

រូបតំណាង

ការ​អត់​ធ្មត់​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី ព្រោះ​ពេល​ខ្លះ​បើ​គ្រាន់​តែ​រឿង​តិចតួច​សោះ​អ្នក​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​រឿង​ធំ នោះ​មួយ​ជីវិត​នេះ​អ្នក​មិន​អាច​សប្បាយ​ចិត្ត​នោះ​ទេ។ បើ​មាន​រឿង​អី​លើស​លោះ​ មិន​ពេញចិត្ត បំភ្លេច​បាន​ក៏​បំភ្លេច មិន​និយាយ​បាន​កុំ​និយាយ។

ចិត្ត​ល្អ​ និង​ទន់ភ្លន់​នៅ​តែ​ជា​ចំណុច​ខ្លាំង​របស់​មនុស្ស​ស្រី ដូច្នេះ​កុំ​ចោល​ភាព​ទន់ភ្លន់ និង​ចិត្ត​ល្អ​សម្រាប់​មនុស្ស​រាល់​គ្នា។ មនុស្ស​ប្រុស​ស្រឡាញ់​បំផុត​មនុស្ស​ស្រី​ដែល​ចិត្ត​ទូលាយ​មិន​រឹតត្បិត ​ ​មិន​រឹងរូស ចចេស​​គ្មាន​ហេតុផល។ បែប​នេះ​ហើយ​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​មាន​ហេតុផល ចេះ​ស្ដាប់​គ្នា និង​មិន​មានៈ​យក​តែ​ឈ្នះ ព្រោះ​នោះ​សុទ្ធ​តែ​ជា​ផ្លូវ​នាំ​អ្នក​ទៅ​កាន់​ភាព​ក្ដៅ​ក្រហាយ មិន​ស្រួល​ចិត្ត ហើយ​គ្មាន​សេចក្ដី​សុខ។

កុំ​ខ្វល់​ថា​អ្នក​ណា​ចង់​ជ្រៀតជ្រែក​ស្នេហា​អ្នក ឬ​មនុស្ស​ប្រុស​ម្នាក់​នោះ​ បើក​ដៃ​ឲ្យ​អ្នក​ណា តែ​អ្នក​ត្រូវ​ខ្វល់​ថា​អ្នក​ល្អ​គ្រប់គ្រាន់ អ្នក​ល្អ​ជាង​គេ​ឬ​នៅ។ មនុស្ស​ប្រុស​មិន​ល្ងង់​ជ្រើស​យក​មនុស្ស​ស្រី​ដែល​អន់​ជាង​អ្នក​ នោះ​ទេ តែ​បើ​មនុស្ស​ស្រី​នោះ​ល្អ​ជាង​អ្នក​ នោះ​កុំ​បន្ទោស​គេ​ ព្រោះ​មនុស្ស​យើង​តែង​ត្រូវ​ការ​ភាព​ល្អ ដូច្នេះ​វា​ជា​សារជាតិ​មនុស្ស​ទៅ​ហើយ។

ពេល​ខ្លះ​មិន​បាច់​ធ្វើ​ខ្លួន​រឹង​មាំ​ចំពោះ​មនុស្ស​ដែល​ខ្លួន​ឯង​ស្រឡាញ់​ពេក​ទេ ត្រូវ​ខ្សោយ​ខ្លះ​ក៏​ល្អ ងរ​ខ្លះ​ក៏​ល្អ ញ៉ិកញ៉ក់​ខ្លះ​ក៏​ល្អ កូរ​គេ​ខ្លះ​ក៏​ល្អ ព្រោះ​មនុស្ស​ប្រុស​នៅ​តែ​ត្រូវ​ការ​មនុស្ស​ស្រី​បែប​ហ្នឹង គ្រាន់​ទេ​ថា​កុំ​ឲ្យ​លើស កុំ​ឲ្យ​ជ្រុល​ទៅ​បាន​ហើយ។

ការ​បែកបាក់​គ្នា​ជា​រឿង​ចៀស​មិន​រួច គ្រាន់​តែ​ថា​យូរ ឬ​ក៏​ឆាប់​ អស់​ចិត្ត ឬ​មិន​ទាន់​អស់ចិត្ត​តែ​ប៉ុណ្ណោះ ដូច្នេះ​គ្មាន​ការ​ជួបជុំ​ណា​ដែល​មិន​បែក​គ្នា​ទេ។ អ្នក​ត្រូវ​ត្រៀម​ចិត្ត​ឲ្យ​បាន​គ្រប់​ពេល ដើម្បី​កុំ​ឲ្យ​ឈឺចាប់​ខ្លាំង​នៅ​ពេល​ថ្ងៃ​នោះ​មក​ដល់។

ការ​ពិត​អ្វី​ៗ​នឹង​អាច​ឆ្លង​កាត់​ទៅ​បាន​យ៉ាង​រលូន បើ​អ្នក​ដឹង​ និង​ត្រៀម​ខ្លួន​ទុក​មុន។ ស្នេហា​ក៏​ដូច​គ្នា អ្នក​មិន​អាច​រំពឹង​ភាព​ឥតខ្ចោះ​បាន​នោះ​ទេ ព្រោះ​ក្នុង​ធម្មជាតិ​នេះ​ គ្មាន​របស់​ណា មនុស្ស​ណា​ឥតខ្ចោះ​ឡើយ៕

ចុចអាន៖បណ្តាំ​លោក​យាយ​មក​កាន់​ចៅ​ស្រី​មុន​ពេល​​រៀប​ការ

អត្ថបទ៖ ផេង ផលធិតា