បើម្ដាយ​ក្មេក​មិន​ពេញ​ចិត្ត​ហើយ ជីវិត​កូន​ប្រសា​ស្រី​គ្មាន​ឡើយ​ស្គាល់​ពាក្យ​ថា​សុខសាន្ត

  • 2019-02-26 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​មុន​គេ​ឮ​គេ​និយាយ​ថា បើ​ម្ដាយ​ក្មេក​មិន​ពេញ​ចិត្ត ទោះ​ខំ​ធ្វើ​យ៉ាង​ណា​ក៏​មិន​អាច​ផ្គាប់​ចិត្ត​បាន​ដែរ។ តែ​ខ្ញុំ​មិន​ជឿ​ពាក្យ​នេះ បើ​ជា​ខំ​ជម្នះ ហើយ​លទ្ធផល​ពិតជា​មិន​ខុស​ពី​គេ​និយាយ​មែន គឺ​គ្មាន​សល់​អ្វី​ក្រៅ​ពី​ក្រដាស​លែងលះ​គ្នា​រវាង​ប្ដី​ប្រពន្ធ។

រូបតំណាង

បើ​ម្ដាយ​ក្មេក​មិន​ពេញ​ចិត្ត​កូន​ប្រសា​ស្រី​ណា នោះ​ប្ដី​ប្រពន្ធ​អ្នក​ក៏​គ្មាន​សុភមង្គល​ដែរ។ ព្រោះ​កូន​ប្រុស​គាត់​ពិតជា​មិន​អាច​ទ្រាំ​មើល​ម្ដាយ​ខ្លួន​មួយ​ថ្ងៃ​ៗ​គិតតែ​ឈឺចិត្ត​ស្អិត​ទ្រូង​នឹង​ប្រពន្ធ​ខ្លួន​បែប​នោះ​ឡើយ។

ប្ដី​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដ៏​សែន​ស្លូតបូត និង​ជា​កូន​កតញ្ញូ​ចំពោះ​ម្ដាយ ហើយ​ពួក​យើង​រៀបការ​ជិត ១ ឆ្នាំ​ហើយ ការ​រស់នៅ​ពិតជា​ចុះសម្រុង​គ្នា​ល្អ​ណាស់។ តែ​ពេល​ទៅ​គ្រួសារ​គាត់ ខ្ញុំ​មិន​អាច​យក​ឈ្នះ​ចិត្ត​ម្ដាយ​គាត់​បាន​ឡើយ ព្រោះ​គ្រួសារ​គាត់​ជាប់​ខ្សែ​ចិន ហើយ​រើស​កូន​ប្រសា​បំផុត មិន​ថា​ជា​បងប្អូន​ថ្លៃ​ខ្ញុំ គឺ​សុទ្ធតែ​ជា​កូន​ប្រសា​ដែល​គាត់​រើស​ផ្ទាល់​ដៃ។

បក​ក្រោយ​ទៅ​រឿង​ពួក​ខ្ញុំ​បន្តិច ថ្ងៃ​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​ផ្ទះ​គាត់​ដំបូង ពាក្យ​ដែល​ខ្ញុំ​ឮ​ចេញ​មាត់​ម្ដាយ​ក្មេក​កំពូល​រើស​កូន​ប្រសា​ថា "នាង​មាន​ជាប់​ខ្សែ​ចិន ឬ​អត់? បើ​អត់​នាង​ប្រហែល​ជា​មិន​អាច​ក្លាយ​ជា​កូន​ប្រសា​ផ្ទះ​នេះ​បាន​ទេ”។ ខ្ញុំ​ស្ទើរតែ​ស្រក់​ឈាម​តក់​ៗ នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​គាត់ តែ​ខំ​សម្រួល​ចិត្ត ស្រប​ពេល​ទូរសព្ទ​រោទ៍ ខ្ញុំ​ក៏​យក​លេស​សុំ​ចេញ​មក​មុន ថា​កន្លែង​ការងារ​មាន​ការ​ប្រញាប់។ តែ​តាម​ពិត​ទូរសព្ទ​បង​ខ្ញុំ​តេ​មក​សួរ​រក​កូនសោ​ផ្ទះ ហើយ​មក​ដេក​យំ​ឡើង​រាប់​ម៉ោង។ ចំណែក​ប្ដី​ខ្ញុំ​ពេល​នោះ គាត់​ក៏​ចេញ​មក​តាម និង​ប្រាប់​ថា ទោះជា​ម៉ាក់​គាត់​ជំទាស់​យ៉ាង​ណា​ក៏​ពួក​យើង​មិន​បោះបង់​កណ្ដាល​ផ្លូវ​ដែរ។

ពួក​យើង​តស៊ូ​ជម្នះ​រហូត​បាន​រៀបការ​ជាមួយ​គ្នា ហើយ​ក្រោយ​ពី​រៀបការ​រួច ខ្ញុំ​ក៏​សុំ​រស់នៅ​បែក​មិន​ចង់​នៅ​ជាមួយ ព្រោះ​ដឹង​ថា​មិន​ស៊ី​ចង្វាក់​គ្នា​តាំង​ពី​ថ្ងៃ​ជួប​ដំបូង ប៉ុន្តែ​ព្រោះតែ​ខ្ញុំ និង​ប្ដី​ស្រលាញ់​គ្នា​ស្មោះស្ម័គ្រ ទើប​ខំ​ជម្នះ​រឿង​នោះ​ដោយ​មិន​ខ្វល់​ពី​សម្ដី​អ្នក​ដទៃ​ថា ទោះ​ជា​បាន​រៀបការ​មែន តែ​បើ​ម្ដាយ​មិន​ពេញ​ចិត្ត​ហើយ មុន​ក្រោយ​គង់តែ​មិន​បាន​សុខ។

ដំបូង​ខ្ញុំ​គិត​ថា បើ​មិន​បាន​រស់នៅ​ជាមួយ​ផង ទោះ​មិន​ពេញ​ចិត្ត ក៏​មិន​ប៉ះពាល់​អ្វី​ដែល។ តែ​នោះ​ជា​ការ​គិត​ខុស​តែ​ប៉ុណ្ណោះ ព្រោះ​ទោះ​ជា​នៅ​ផ្ទះ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា ក៏​ម្ដាយ​ក្មេក​ខ្ញុំ​ព្យាយាម​ធ្វើ​បាប​ផ្លូវ​ចិត្ត​ខ្ញុំ​គ្រប់​បែប​យ៉ាង ដោយ​ដើរ​និយាយ​ថា ខ្ញុំ​មិន​គោរព​គាត់ មិន​ចេះ​ធ្វើ​អ្វី...។ តាម​ការ​ពិត​ខ្ញុំ​មិន​បាន​ខ្វល់​នឹង​រឿង​ទាំង​នោះ​ទេ តែ​ប្ដី​ខ្ញុំ ព្រោះ​តែ​នៅ​កណ្ដាល​រវាង​ម្ដាយ និង​ប្រពន្ធ​ទទួល​រង​សម្ពាធ​ច្រើន រហូត​ធ្លាក់​ខ្លួន​ឈឺ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង តែ​មិន​ដែល​ហា​មាត់​ប្រាប់​ខ្ញុំ ឬ​បន្ទោស​អ្វី​ឡើយ មាន​តែ​លួងលោម។

រូបតំណាង

តាម​ពិត​ទៅ​ខ្ញុំ​មិន​សូវ​ជា​ទៅ​ផ្ទះ​ម្ដាយ​ក្មេក​ប៉ុន្មាន​ទេ ទាល់តែ​មន​កម្មវិធី​ជួបជុំ​អ្វី​សំខាន់​ទើប​ទៅ។ តែ​កូន​ប្រុស​គាត់​បាន​ចេញ​ចូល​ញឹកញាប់ ដូចនេះ​ហើយ​ឲ្យ​តែ​ទៅ​ដល់​ផ្ទះ គឺ​ម្ដាយ​គាត់​ចាប់ផ្ដើម​និយាយ​មិន​ល្អ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​យើង​លែង​គ្នា​បាន។ ពេល​ឃើញ​សភាព​ប្ដី​ខ្ញុំ​រឹតតែ​អាណិត និង​ស្រលាញ់​ខ្លាំង ព្រោះ​គ្រាំ​ចិត្ត​ជំនួស​ប្រពន្ធ ហើយ​មិន​ដែល​និយាយ​ប្រាប់​នរណា។ ពេល​នោះ​ធ្វើឲ្យ​ខ្ញុំ​ដឹង​ថា តាម​ពិត​តាំងពី​រៀបការ​រួច​មក គ្រួសារ​ខ្ញុំ​ពិតជា​គ្មាន​សេចក្ដី​សុខ​មែន ព្រោះ​ប្ដី​ខ្ញុំ​នៅ​តែ​ខ្វល់ខ្វាយ​ពី​រឿង​នេះ​មិន​លោះ​ថ្ងៃ ដែល​នេះ​ជា​មូលហេតុ​ធ្វើឲ្យ​គាត់​ឈឺ​មិន​លោះ​ថ្ងៃ​ដូច​គ្នា។ មិន​អាច​ទ្រាំ​ឃើញ​សភាព​ប្ដី​យ៉ាប់​ជាង​នេះ​ទៀត ខ្ញុំ​ក៏​ដាច់​ចិត្ត​សុំ​គាត់​លែងលះ ព្រោះ​មានតែ​វិធី​នេះ ទើប​គាត់​មិន​ឈឺចាប់​ផ្លូវ​ចិត្ត​បន្ត​ទៀត។

ពួក​យើង​និយាយ​គ្នា​ទាំង​យំ គាត់​មិន​ព្រម​ដាច់​ខាត បើ​លែង​គ្នា​គាត់​អាច​នឹង​ស្លាប់។ ចំណែក​រឿង​ម្ដាយ​គាត់ គាត់​អាច​ទ្រាំ​បាន តែ​ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​ឃើញ​សភាព​មនុស្ស​ខ្លួន​ស្រលាញ់​ស្មើ​ជីវិត​មាន​សភាព​គួរឲ្យ​សង្វេគ​បែប​នេះ។ ខ្ញុំ​ក៏​បាន​តេ​ហៅ​ម្ដាយ​ក្មេក​មក​ផ្ទះ ដើម្បី​ឲ្យ​គាត់​សប្បាយ​ចិត្ត​ពី​ដំណឹង​នេះ។ មិន​ខុស​មែន ពេល​ឮ​ខ្ញុំ​ថា​លែង​គ្នា គាត់​ញញឹម​ញញែម​ទាំង​ដែល​កូន​ប្រុស​យំ​ឡើង​ទន់​ខ្លួន ហើយ​ថែម​ទាំង​អូស​ទាញ​ប្ដី​ខ្ញុំ​ឲ្យ​ទៅ​នៅ​ផ្ទះ​វិញ ខណៈ​ដែល​ប្ដី​ខ្ញុំ​បាន​ត្រឹម​យំ​ននៀល​ប្រកែក​មិន​ទៅ​ណា​ពី​ជីវិត​ខ្ញុំ។ បងប្អូន​សាច់​ញាតិ​គាត់ ឪពុក​ក្មេក​ខ្ញុំ ម្ដាយ​ឪពុក​ខ្ញុំ​យំ​ខ្សឹកខ្សួល ​ទាំងអស់​មាន​តែ​គាត់ សប្បាយ​លើ​គំនរ​ទុក​អ្នក​ដទៃ។

ចំណែក​ខ្ញុំ​បាន​ត្រឹម​ធ្វើ​ជា​មនុស្ស​ចិត្ត​ដាច់ ដើម្បី​ឲ្យ​គាត់​មាន​ក្ដី​សុខ​ផ្លូវ​ចិត្ត ទាំង​ដែល​ខ្លួនឯង​ឈឺចាប់​ប្រៀប​ដូច​មាន​ម្ជុល​រាប់​ម៉ឺន​ចាក់​ទម្លុះ​បេះដូង។ ចុងក្រោយ​ប្ដី​ខ្ញុំ​យំ​ក្រាញ​មិន​ទៅ ហើយ​ក៏​មិន​ហ៊ាន​តបត​ទៅ​ម្ដាយ មានតែ​ឈឺចាប់​ខ្លួនឯង ហើយ​ក៏​យល់​ច្បាស់​ដែរ​ថា បើ​ម្ដាយ​ក្មេក​មិន​ស្រលាញ់​ហើយ គាត់​នឹង​ធ្វើអ្វី​គ្រប់យ៉ាង​ឲ្យ​យើង​បែក​គ្នា។

រូបតំណាង

សុំ​ខ្លាច​ហើយ​ចិត្ត​ម្ដាយ​ក្មេក​បែប​នេះ ហើយ​សូម​ផ្ដាំ​ទៅ​មិត្ត​នារី​ទាំង​ឡាយ​ដែល​មាន​បំណង​រៀបការ​ចូល​គ្រួសារ​ដែល​ម្ដាយ​គេ​មិន​ពេញ​ចិត្ត គួរតែ​ស្វែង​រក​ដំណោះស្រាយ ឬ​ធ្វើ​យ៉ាង​ណា​ក៏​ឲ្យ​កើត​បញ្ហា​ដូច​ខ្ញុំ។ ស្មារលា​ហើយ​ម្ដាយ​ក្មេក​ចិត្ត​អាក្រក់ ធ្វើឲ្យ​ជីវិត​គូ​ខ្ញុំ​និរាស​ព្រាត់ប្រាស​គ្នា​យ៉ាង​សាហាវ​បំផុត៕

ចុចអាន៖មើល​ងាយ​កូន​ប្រសារ​ស្រី​ថា​ក្រ​រហាម ថ្ងៃ​ចូល​ពេទ្យ ម្ដាយក្មេក​យំ​ពេល​ឃើញ​ក្រដាស​​មួយសន្លឹក

អត្ថបទ៖ ទ្រី រ៉ាវី