មើល​ងាយ​កូន​ប្រសារ​ស្រី​ថា​ក្រ​រហាម ថ្ងៃ​ចូល​ពេទ្យ ម្ដាយក្មេក​យំ​ពេល​ឃើញ​ក្រដាស​​មួយសន្លឹក

  • 2019-02-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្ងល់​ថា​នៅ​ក្នុង​កាបូប​មាន​ក្រដាស​អីចម្លែក ម្ដាយ​ក្មេក​បាន​រើ​កាបូប​កូន​ប្រសារ​ស្រី​ហើយ​អាន។ គាត់​បាន​ត្រឹម​តែ​ស្រក់​ទឹក​ភ្នែក​ក្នុង​ក្ដី​ក្ដុកក្ដួល។

ពួក​គេ​ការ​នឹង​គ្នា​ទាំង​មាន​ការ​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ពី​គ្រួសារ​របស់ ចិត្រ មិន​មែន​មក​ពី លីន និយាយ​ស្ដី​ឈ្លើយ​នោះ​ទេ គ្រាន់​តែ​ម្ដាយ ចិត្រ មិនចូលចិត្ត​ការ​ស្លៀកពាក់​អាវ​មិន​អាវ ខោមិន​ខោវ​ពេល​ជួប​គ្នា​ដំបូង​របស់ លីន តែ​ប៉ុណ្ណោះ។ ម្ដាយ ចិត្រ ជា​មនុស្ស​សំខាន់​សំបក​ក្រៅ​ជា​ទី​បំផុត គាត់​ថា​មនុស្ស​ចង់​ឲ្យ​គេ​ឲ្យ​តម្លៃ ទាល់​តែ​សម្ដែង​ចេញ​តាម​រយៈ​រូប​សម្បត្តិ​ជា​មុន​សិន។

ពេល​ដែល ចិត្រ រៀន​នៅ​សាកល​វិទ្យាល័យ ជំនាញ​របស់​គាត់​មិន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​ឡើយ តែ​ក្រោយ​ពេល​រៀន​ចប់ ជំនាញ​គាត់​ស្រាប់​តែ​ត្រូវ​ប៉ាន់ ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​ទាក់ទាញ​ទៅ​ធ្វើ​ការ។ជាមួយ​នឹង​រូប​សម្បត្តិ​គ្រាន់​បើ ក្រោយ​ពេល​ធ្វើ​ការ​បាន​៥ ឆ្នាំ ពេល​នេះ​ប្រាក់​ខែ​របស់ ចិត្រ បាន​ឡើង​ដល់​​ពាន់​ដុល្លារ​ហើយ។ រាល់​ពេល​ឃើញ​កូន​ប្រុស​ខ្លួន​ឯង ម្ដាយ ចិត្រ តែង​មាន​មោទនភាព​ជា​និច្ច។

តែ​មិត្ត​ស្រី​ដែល ចិត្រ នាំ​មក​ផ្ទះ​ធ្វើ​ឲ្យ​លោក​ស្រី​មិន​ពេញ​ចិត្រ​ទាល់​តែ​សោះ។ ម្ដាយ ចិត្រ គិត​ថា លីន​មិន​មែន​ជា​បុគ្គលិក​ក្រុមហ៊ុន ជាមួយ​នឹង​របៀប​ស្លៀក​រយិរយៀក។ គាត់​គិត​ក្នុង​ចិត្ត​ថា លីន ប្រាកដ​ជា​ធ្វើ​កម្មករ​រោង​ចក្រ​ជាមួយ​ប្រាក់​ខែ​មិន​លើស ៣០០ ដុល្លារ​ឡើយ។ ទោះជា​យ៉ាង​ណា ក៏​អ្នក​ទាំង​២​ពុះពារ​នៅ​ជាមួយ​គ្នា​ទាល់​តែ​បាន។ ក្រោយ​ការ​រួច ដោយ​សារ​តែ​នៅ​ធ្វើ​ការ​រដ្ឋ​ផង ទើប​ឪពុក​ម្ដាយ​ចិត្រ នៅ​តែ​រស់​នៅ​ឯខេត្ត មាន​តែ​ប្ដី​ប្រពន្ធ លីន ទេ​ដែល​ឡើង​មក​រស់​នៅ​ទីក្រុង។ ក្រោយ​​មួយ​រយៈ មិន​សូវ​ឃើញ​កូន​ប្រុស​ផ្ញើ​លុយ​មក​ដូច​មុន​ម្ដាយ ចិត្រ ចាប់ផ្ដើម​តឹង​ទ្រូង។

*ឥលូវ​គេ​មាន​ប្រពន្ធហើយ ភ្លេច​ម្ដាយ​ហើយ​ណ៎។

*ម៉ាក់​ម៉េច​និយាយ​ចឹង ទោះ​មាន​ប្រពន្ធ ក៏​ម៉ាក់​នៅ​តែ​ជា​ម៉ាក់​របស់​ខ្ញុំ​ដែរ អត់​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ។

*យើង​និយាយ​បាន​តែ​ចឹង តែ​ប្រពន្ធ​ក្ដាប់​អស់​ហើយ។ វា​ប្រហែល​សប្បាយ​ខ្លាំង​ហើយ ដែល​រក​បាន​ប្ដី រក​បាន​លុយ​រាប់​ពាន់​ចឹង។

ទោះ​មិន​សប្បាយ​ចិត្ត​ខ្លាំង តែ ចិត្រ ក៏​មិន​តប​ច្រើន ព្រោះ​ដឹង​ចរិត​ម្ដាយ​ខ្លួន។ មាន​កូន​ប្រុស​យក​ប្រពន្ធ​រូបរាង​ដូច​កម្មករ ម្ដាយ​លោក​មួម៉ៅ​ខ្លាំង​ណាស់ ថ្ងៃ​ណា​ក៏​ជុំ​គ្នា​ជាមួយ​អ្នក​ជិត​ខាង​និយាយ​ដើម​កូន​ប្រសារ​ដែរ។ នៅ​ជុំ​វិញ អ្នក​ណា​ក៏​គិត​ថា លីន យក ចិត្រ ដោយ​សារ​លុយ​ប៉ុណ្ណោះ។

ថ្ងៃ​មួយ​ពេល​កំពុង​ធ្វើ​ម្ហូប ហើយ​ត្រូវ​រលាក​ដៃ ម្ដាយ ចិត្រ ក៏​មាន​អារម្មណ៍​មិន​ស្ងប់​ក្នុង​ចិត្ត។ ភ្លាម​ៗ​នោះ កូន​ប្រុស​ទូរសព្ទ​មក​ប្រាប់​ថា លីន គ្រោះ​ថ្នាក់​ចរាចរណ៍​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ។ ទោះ​មិន​ដឹង​ក្បាល​កន្ទុយ​យ៉ាង​ម៉េច ហើយ​មិន​ពេញ​ចិត្ត​នឹង​កូន​ប្រសារ ក៏​លោក​ស្រី​ប្រញាប់​ឡើង​មក​ក្រុង​ទាំង​ល្ងាច។ លីន របួស​ធ្ងន់ ត្រូវ​វះកាត់​ជើង។ ឃើញ​កូន​ប្រុស​រត់​ចុះ​រត់​ឡើង ខ្លួន​ជា​ម្ដាយ​ក៏​បារម្ភ​មិន​តិច​ដែរ។

កំពុង​មើល​ថែកូន​ប្រសារ ស្រាប់​តែ​ទូរសព្ទ​លោត​សារ​មក។ មិន​ដឹង​ជា​មាន​រឿង​សំខាន់​អី​អត់ ម្ដាយ​ចិត្រ ក៏​បើក​មើល។ គាត់​ឡើង​ភ្ញាក់​ព្រើត ពេល​ដឹង​ថា នេះ​គឺ​ជា​សារ​ប្រាក់​ខែ​របស់​លីន ហើយ​លីន​មាន​ប្រាក់​ខែ​ខ្ពស់​ជាងចិត្រ​បន្តិច​ទៅ​ទៀត ហើយ​នាង​គឺ​ជា​មេ​គណនេយ្យ​ម្នាក់ តែ​ដោយ​សារ​តែ​មិន​ចូលចិត្ត​ធ្វើ​ខ្លួន ទើប​ទៅ​ជា​បែប​នេះ។ តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​គឺ​សៀវភៅ​ពិនិត្យ​ជំងឺ​ខាង​ក្នុង​ទៅ​វិញ​ទេ។

ក្រដាស​នៅក្នុង​សៀវភៅ​បង្ហាញ​ថា ចិត្រ​គ្មាន​មេជីវិត មិន​អាច​មាន​កូន​បាន ហើយ​អ្នក​ទាំង​២​បាន​ទៅ​ព្យាបាល​ ក៏​ដូច​ជា​ប្រើ​ថ្នាំ​អស់​លុយ​ជា​ច្រើន​កន្លែង។ ម្ដាយ ចិត្រ ស្ទើរ​ឈរ​មិន​នឹង។ តាម​ការ​ពិត លីន​ដឹង​ពី​មុន​មក​ម្ល៉េះ​ថា ចិត្រ គ្មាន​មេ​ជីវិត​តែ​នៅ​តែ​ស្រលាញ់​គ្នា ហើយ​សង្ឃឹម​ថា​អាច​ព្យាបាល​បាន។ គាត់​មិន​នឹក​ស្មាន​ថា លីន ស្រលាញ់​កូន​ខ្លួន​ដល់​ថ្នាក់​នេះ ហើយ​បាន​ធ្វើ​អាក្រក់​ដាក់​លីន​រហូត​មក។ គាត់​ស្ដាយ​ក្រោយ​ខ្លាំង​ណាស់ ហើយ​សង្ឃឹម​ថា ការ​វះកាត់​របស់​លីន នឹង​ទទួល​បាន​ជោគជ័យ៕

ចុចអាន៖ជីវិត​នារី​ម្នាក់​ផ្លាស់​ប្ដូរ​យ៉ាង​​ខ្លាំង​ ក្រោយ​​ធ្វើ​អត្តឃាត​ខ្លួន​ឯង​២​ដង​មិន​បាន​សម្រេច

ប្រភព៖ Eva អត្ថបទ៖Caramel