រកឃើញមូលហេតុមនុស្សសម័យនេះ ឆាប់ស្រលាញ់ ហើយក៏ឆាប់បែក
- 2019-02-18 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមូលហេតុមនុស្សសម័យនេះ ឆាប់ស្រលាញ់ ហើយក៏ឆាប់បែក
តើអ្នកមានដឹងឬអត់ថា មនុស្ស ៥០ % លើពិភពលោក កំពុងមានការលំបាកក្នុងការស្វែងរកស្នេហា និងរក្សាវាឲ្យបានយូរអង្វែង។ ទាំងអស់នេះគឺមកពីមូលហេតុអ្វីទៅ? ចំណុចខាងក្រោមនឹងបង្ហើបប្រាប់អ្នកពីដើមទងនៃការឆាប់ជួប ឆាប់បែករបស់យុវវ័យជំនាន់ថ្មី។
១. អ្នករំពឹងច្រើនពេកលើស្នេហា
មនុស្សគ្រប់រូបសុទ្ធតែមានការគិតរៀងខ្លួនចំពោះរឿងស្នេហា ហើយអ្នកណាក៏ចង់បានមនោសញ្ចេតនាឥតខ្ចោះសម្រាប់ខ្លួនឯងមួយដែរ។ ឧទាហរណ៍ដូចជា អ្នកមើលរឿងភាគកូរ៉េរ៉ូមែនទិក ហើយឃើញស្នេហាតួប្រុសតួស្រី ផ្អែមល្ហែម ពេលនោះដែរ អ្នកក៏រំពឹងថាអ្នកនឹងមានស្នេហាដូចនោះដែរ។ ផ្ទុយមកវិញ ពេលស្នេហាមិនដូចអ្វីដែលអ្នករំពឹង អ្នកក៏ចាប់ផ្ដើមលែងមានអារម្មណ៍លើវា ហើយក៏ចង់បោះបង់ចោលទៅវិញ។
២. អ្នកគ្រប់គ្រងម៉ោងឯកជនរបស់គេ
ខណៈអ្នកខ្លះកាន់ជើងថា ការគ្រប់គ្រងនេះនឹងជួយរក្សាទំនាក់ទំនងឲ្យកាន់តែរឹងមាំ។ យ៉ាងណាក្ដី មនុស្សភាគច្រើនមិនចូលចិត្តឲ្យគេត្រួតត្រាខ្លួនឡើយ។ នៅពេលដែលអ្នក ឬគេកំពុងត្រូវគេត្រួតត្រា ហើយមិនពេញចិត្តនឹងទង្វើនេះទេ យើងគួរបញ្ចេញមតិភ្លាមៗ កុំបណ្ដោយទុកយូរ។ ព្រោះទុកពេលកាន់តែយូរ សម្ពាធកាន់តែខ្លាំង បែកគ្នាកាន់តែលឿន។
៣. ភាគីទាំងខាងមិនចេះអត់ឱនឲ្យគ្នា
សម័យនេះ អ្នកណាក៏មានសមត្ថភាពខ្ពស់រៀងៗខ្លួន ដែលជាហេតុធ្វើឲ្យម្នាក់ៗមានអំនួតខ្លាំង។ ហេតុនេះហើយ រាល់ពេលមានទំនាស់កើតឡើង ភាគីនីមួយៗ សុទ្ធតែចង់ឈ្នះរៀងៗខ្លួន ដោយមិនព្រមឲ្យអ្នកណាឈ្នះទាំងអស់។ នៅពេលដែលខ្លាំងប៉ះខ្លាំងបែបនេះ មនោសញ្ចេតនាមួយនេះមិនអាចគង់វង្សបានឡើយ ព្រោះគ្មានអ្នកណាព្រមអត់អោនឲ្យគ្នាទាំងអស់។
៤. អាត្មានិយមខ្លាំងពេក
មូលហេតុចម្បងនៃការបែកបាក់មនោសញ្ចេតនាមួយនោះគឺ ភាគីណាមួយ អាត្មានិយមខ្លាំងពេក យល់តែពីអារម្មណ៍ខ្លួនឯង។ យូរអង្វែងទៅ សកម្មភាពនេះនឹងសម្លាប់ស្នេហាអ្នកជាមិនខាន ព្រោះការអត់ធ្មត់របស់មនុស្សគ្រប់រូបសុទ្ធតែមានកំណត់ទាំងអស់។ អ្នកត្រូវយល់ថា ពិភពលោក មិនមែនមានតែយើងទេ នៅមានអ្នកដទៃទៀត។ បើយើងមើលឃើញតែប្រយោជន៍ខ្លួនឯង ឬគេសម្លឹងឃើញតែប្រយោជន៍របស់គេ សុទ្ធតែជាកត្តាសម្លាប់មនោសញ្ចេតនាទាំងអស់៕
ចុចអាន៖ពេលគាត់ប្រាប់ថា គាត់ចង់នៅម្នាក់ឯង អ្នកត្រូវតែធ្វើរឿងទាំងនេះតបទៅវិញ