ទម្លាប់​៤យ៉ាង ​គួរ​អនុវត្ត​ដើម្បី​​បាន​​​​សុខភាព​ល្អ ​និង​រាង​ស្អាត​តាម​ប្រាថ្នា

  • 2019-01-08 08:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​គ្រប់​រូប​តែង​ចង់​ឱ្យ​អ្នក​ដទៃ​មើល​មក​ថា​នាង​ជា​នារី​រឹង​មាំ មាន​សុខភាព​ល្អ​ ចំណែក​រាង​រៅ​ក៏​ត្រូវ​តែ​សម​ឥត​ខ្ចោះ​ដែរ។ ប៉ុន្តែ​ទោះ​គ្មាន​អ្នក​ណា​អាច​បាន​ដូច​បំណង​១០០%​ក៏​ដោយ ក៏​ហោច​ណាស់​គួរ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច។ សម្រាប់​អ្នក​ចង់​បាន​រាង​ស្អាត និង​សុខភាព​ល្អ​ព្រម​ជាមួយ​គ្នា គួរ​ងាក​មក​ចាប់​អារម្មណ៍​អនុវត្ត​ទម្លាប់​​ទាំង​៤​ដូច​ខាង​ក្រោម​នេះ ហើយ​រង់ចាំ​មើល​លទ្ធផល​នៅ​ពេល​បន្ទាប់។

១. ហាត់​ប្រាណ​​ពី ៣-៥ដង​ក្នុង​មួយ​សប្ដាហ៍

ពិត​ណាស់​ដែល​ថា​ ដើម្បី​បាន​រាង​ស្អាត ស្រីៗ​ត្រូវ​គិត​គូរ​លើ​រឿង​ញ៉ាំ​ឱ្យ​បាន​ល្អិត​ល្អន់។ ប៉ុន្តែ​ក្រៅ​ពី​នេះ​ ការ​ថែ​រក្សា​រាង​ដោយ​លំហាត់​ប្រាណ​ក៏​សំខាន់​ណាស់​ដែរ ព្រោះ​វា​នឹង​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​មិន​ល្អ​សម្រាប់​រាង​កាយ។ គួរ​អនុវត្ត​ការ​ហាត់​ប្រាណ​ឱ្យ​បាន​ហោច​ណាស់ ៣ទៅ៥​ដង​ ក្នុង​១​សប្ដាហ៍​ បើ​មិន​មាន​ពេល​ហាត់​បាន​រាល់​ថ្ងៃ ដើម្បី​ឱ្យ​សាច់​ដុំ​ធ្វើ​ចលនា​បាន​ល្អ និង​​ទទួល​បាន​រាង​ដ៏​ទាក់​ទាញ។

២. គ្រប់​គ្រង​ការ​ញ៉ាំ​ឱ្យ​បាន​ត្រឹម​ត្រូវ មិន​មែន​​តម​អាហារ​​សុទ្ធ​នោះ​ទេ

ការ​តម​អាហារ​ដើម្បី​ឱ្យ​​ស្រក​គីឡូ ឬ​បាន​រាង​ស្អាត​គឺ​ជា​រឿង​ខុស​ឆ្គង​សម្រាប់​រាងកាយ​ខ្លាំង​ណាស់។ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ រាងកាយ​ត្រូវ​ការ​ចាំ​បាច់​នូវ​សារជាតិ​ចិញ្ចឹម​ពី​ចំណី​អាហារ​ដើម្បី​ទៅ​ផ្គត់ផ្គង់​ដំណើរ​ការ​នៃ​សរីរាង្គ​ទាំង​ឡាយ។ ដូច្នេះ​គួរ​បញ្ឈប់​ការ​តម​អាហារ ហើយ​ងាក​មក​ជ្រើស​រើស​របប​អាហារ​ដែល​ត្រឹម​ត្រូវ ពោល​គឺ​ញ៉ាំ​តិច​តែ​​សម្បូរ​ជីវជាតិ និង​មិន​ធ្វើ​ឱ្យ​រាងកាយ​ទ្រុឌទ្រោម​ព្រោះ​ការ​ញ៉ាំ​មិន​គ្រប់​គ្រាន់។

ចុចអាន៖ ៦សញ្ញា​បញ្ជាក់​ថា​ ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​អ្នក​កំពុង​ទ្រុឌទ្រោម​​ខ្លាំង

៣. ទម្លាប់​ចូល​គេង​មុន​ពាក់​កណ្ដាល​យប់

គ្នា​យើង​មាន​ដឹង​អត់ ថា​អ្នក​ដែល​មាន​ទម្លាប់​ចូល​គេង​យប់​ៗ​ច្រើន​តែ​ប្រឈម​នឹង​ការ​ធាត់? មិន​មែន​សំដៅ​តែ​លើ​ការ​គេង​យប់​ជ្រៅ ពោះ​ត្រូវ​ឃ្លាន​ហើយ​រក​អី​ញ៉ាំ​ទាំង​យប់​ទេ ប៉ុន្តែ​វា​ទាក់ទង​នឹង​ពេល​វេលា​ដែល​អរម៉ូន​ក្នុង​រាងកាយ​ធ្វើ​ការ។ ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​រាងកាយ​ត្រូវ​ការ​សម្រាក​គឺ​៨​ម៉ោង។ បើ​គេង​បាន​គ្រប់​គ្រាន់ ភ្នែក​ក៏​អត់​ខ្មៅ​ស្លក់ ក្រោក​ឡើង​ក៏​មាន​កម្លាំង​គ្រប់​គ្រាន់​ធ្វើ​ការ​ថ្ងៃ​ថ្មី​ក៏​បាន​ប្រសើរ។

៤. ទម្លាប់​កាត់​បន្ថយ​ស្ត្រេស​ពី​រាងកាយ

អ្នក​ដែល​ស្ត្រេស​ច្រើន​ក៏​ងាយ​នឹង​ប្រឈម​ការ​ធាត់​ដូចគ្នា។ ដូច្នេះ​ដើម្បី​បាន​រាង​ស្អាត និង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​រឹង​មាំ ត្រូវ​ចេះ​ធ្វើ​ទម្លាប់​ទាំង​ឡាយ​ណា​ដែល​អាច​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​បាន​ដូច​ជា ច្រៀង​ រាំ ស្ដាប់​ចម្រៀង លេង​កីឡា មើល​កុន អាន​សៀវភៅ ឬ​ចេញ​ទៅ​ជួប​មិត្តភ័ក្ដិ​ជា​ដើម។ ក្រៅ​ពី​នេះ ការ​តាំង​សមាធិ ឬ​ហាត់ Yoga ក៏​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន​ដែរ៕

ប្រភព៖ jelly ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម