រូប​មន្ត​ពិសេស​បណ្ដុះ​ចិញ្ចើម​ប្រើ​តែ​គ្រឿង​ផ្សំ​ពីរ​មុខ អស់​លុយ​តិច​​បំផុត

  • 2018-12-24 04:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត់​សូវ​មាន​រោម​ចិញ្ចើម​មែន? ពេល​នេះ​ស្រីៗ​យើង​មិន​បាច់​បារម្ភ​ទៅ​រក​ទិញ​គ្រឿង​សម្អាង​ថ្លៃៗ ហើយ​ចំណាយ​ពេល​គូរ​ចិញ្ចើម ឬ​អ្នក​ដែល​មិន​ចង់​ទៅ​ប៉ាក់​ ឬ​សាក់​ចិញ្ចើម អាច​ប្រើ​វិធី​សាស្ត្រ​ងាយ​ស្រួល​ដោយ​ខ្លួន​​ឯង​បាន​ ព្រោះ​ពេល​នេះ​ ​កញ្ញា​បាន​រក​ឃើញ​​វិធី​ធម្មជាតិ​​ប្រើ​គ្រឿង​ផ្សំ​​ផ្ទះ​បាយ​២​មុខ គឺ​ខ្ញី និង​ខ្ទឹម​បារាំង។

ខ្ញី

ខ្ញី​ជា​រុក្ខជាតិ​ដែល​មាន​ជាតិ​ហឹរ ប្រើ​​​ជា​គ្រឿង​ផ្សំ​សម្រាប់​ការ​ចម្អិន​អាហារ​ឬ​បន្លែ និង​សម្រាប់​រូបមន្ត​រក្សា​សុខភាព​និង​សម្រស់​បាន​ផង។ សារ​សំខាន់​របស់​ខ្ញី​គឺ​សម្រួល​ចរន្ត​ឈាម ​ធ្វើ​ឱ្យ​ស្បែក​ស្អាត​ពី​ក្នុង និង​ជំនួយ​សក់​ជា​ដើម។ ក្រៅ​ពី​នេះ​សម្រាប់​អ្នក​ដែល​ចង់​បាន​រោម​ចិញ្ចើម​ក្រាស់ ខ្មៅ​ស្អាត​ដូច​ធម្មជាតិ​ក៏​អាច​ប្រើ​ខ្ញី​បាន​ដែរ។

វិធី​ធ្វើ​គឺ​លាង​​មើម​ខ្ញី​ឱ្យ​ស្អាត​ ចិត​ស្ដើងៗ ហើយ​យក​មក​ជូត​លើ​ចិញ្ចើម​ចុះ​ឡើង​ប្រហែល​២​នាទី ដើម្បី​ឱ្យ​សារធាតុ​ចិញ្ចឹម​ជ្រៀត​ចូល​បាន​សព្វ ហើយ​ចូល​គេង។ វិធី​មួយ​ទៀត​ អ្នក​អាច​ដំ​ខ្ញី​ឱ្យ​បែក ​ពូត​យក​ទឹក យក​សំឡី​ជ្រលក់​លាប​លើ​ចិញ្ចឹម​ឱ្យ​​សព្វ។ ក្រោយ​លាប​រួច អ្នក​អាច​យក​ដៃ​មក​ម៉ាស្សា​ថ្នមៗ​ដើម្បី​ឱ្យ​ទឹក​ខ្ញី​ជ្រៀត​ចូល​បាន​ល្អ។

ខ្ទឹម​បារាំង​និង​ទឹក​ឃ្មុំ

វិធី​ធ្វើ​គឺ​ប្រើ​ខ្ទឹម​បារាំង​១/៣ ដាក់​ក្រឡុក​ក្នុង​ម៉ាស៊ីន​ឱ្យ​ម៉ដ្ឋ​​ រួច​ចាក់​ចូល​ចាន​ដោយ​មាន​តម្រង​ត្រង​កាក​ចេញ។ បន្ទាប់​ពី​បាន​ទឹក​ខ្ទឹម​បារាំង​ក្រឡុក​រួច ចាក់​ទឹក​ឃ្មុំ​កន្លះ​ស្លាប​ព្រា​កាហ្វេ​ចូល​កូរ​ឱ្យ​សព្វ។

មុន​នឹង​ប្រើ អ្នក​ត្រូវ​ជូត​​តំបន់​ភ្នែក និង​ចិញ្ចើម​ឱ្យ​បាន​ស្អាត​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ ដើម្បី​បើក​រន្ធ​រោម បន្ទាប់​មក​យក​សំឡី​ជ្រលក់​ទឹក​ខ្ទឹម​បារាំង​ខាង​លើ​មក​លាប​លើ​ចិញ្ចើម​ពី​គល់​ដល់​ចុង​រោម។ ទុក​ចោល​មួយ​យប់​ដូច​គ្នា សឹម​លាង​ចេញ​នៅ​ពេល​ព្រឹក​ជាមួយ​ទឹក​ត្រជាក់។

ចាំបាច់​អស់​លុយ​អី​ទៀត! ​ប្រើ​តែ​របស់​ក្នុង​​ផ្ទះ​បាយ​ ​ក៏​អាច​បាន​រោម​ចិញ្ចើម​​​ក្រាស​ជាង​មុន​

ធ្វើ​បែប​នេះ​៣​ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​ក្រោយ​២​សប្ដាហ៍​ អ្នក​នឹង​ឃើញ​រោម​ចិញ្ចើម​របស់​អ្នក​ឡើង​ក្រាស់ និង​ខ្មៅ​ជាង​មុនគួរ​ឱ្យ​ពេញ​ចិត្ត៕

អត្ថបទ៖ សរ សុគន្ធី