ស្នេហា​ជា​អ្វី ហេតុ​អ្វី​យើង​ចាំ​បាច់​ពលី​ចំពោះ​វា​ខ្លាំង​ម្ល៉េះ?

  • 2018-12-07 02:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​រឿងមនោសញ្ចេតនា ការ​ពលី​មិន​មែន​ជា​កត្តា​ដែល​បង្ខិតបង្ខំ​នោះ​ទេ វា​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត។ ដូច្នេះ​ហើយ​ បើ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កំពុង​ទាមទារ​ការ​ពលី​នោះ អ្នក​គួរ​ពិចារណាឡើង​វិញ នូវ​ស្នេហា​មួយ​នេះ។

រូបតំណាង

គេ​តែង​និយាយ​ត​គ្នា​ថា ការ​លះបង់​ក្នុង​រឿង​ស្នេហា​គឺ​ជា​ចំណុច​ដែល​មិន​អាច​ខ្វះ​បាន ដើម្បី​ឲ្យ​មនោសញ្ចតនា​នោះ​រឹងមាំ។ ការ​ពលី​នៅ​ទី​នេះ​គឺ​សំដៅ​ដល់​ទាំង​ផ្នែក​អារម្មណ៍ និង​សម្ភរៈនិយម។ ហើយ​គេ​បន្ថែម​ថា ទាល់​តែ​ស្នេហា​មាន​ការ​ពលី នោះ​ទើប​ជា​ស្នេហា​ពិត​ប្រាកដ។

ប៉ុន្តែ សូមទោស​ផង​ចុះ ការ​ពិត​មិន​មែន​ដូច​នេះ​ឡើយ។ ការ​ពលី​ស្ដាប់​ទៅ​ហាក់​ខ្ពង់ខ្ពស់​ខ្លាំង ដូច​ឪពុកម្ដាយ​ពលី​ឲ្យ​កូន។ តែ​ក្នុង​រឿង​មនោសញ្ចេតនា​គឺខុស​គ្នា អ្វី​ៗ​ដែល​យើង​ធ្វើ​ចំពោះ​វា​គឺ​គួរ​តែ​ចេញ​ពី​ចិត្ត និង​ស្ម័គ្រ​ចិត្ត ទើប​អាច​នៅ​ជាមួយ​គ្នា​យូរ​អង្វែង​បាន។ ព្រោះ​បើ​បង្ខំ​ឲ្យ​មនុស្ស​ម្នាក់​ពលី​ជា​រៀង​រហូត មាន​ន័យ​ថា ស្នេហា​មួយ​នោះ​កំពុង​តែ​មាន​បញ្ហា​ហើយ ហើយ​ថ្ងៃ​ដែល​បែក​គ្នាក៏​នៅ​មិន​ឆ្ងាយ​ដែរ។

ឧទាហរណ៍​ជាក់​ស្ដែង​មួយ​នោះ​គឺ មិត្ត​ភ័ក្ដិ​របស់​ខ្ញុំ​ម្នាក់។ នាង​បាន​ចំណាយ​ពេល​យុវភាព​របស់​ខ្លួន​ទាំង​ស្រុង​ដើម្បី​ចាំ​បុរស​ម្នាក់ ព្រោះ​អ្នក​ទាំង​២​នៅ​កន្លែង​២​ផ្សេង​គ្នា។ នាង​ថា​នាង​ជឿទុក​ចិត្ត​គេ ព្រោះ​គេ​ប្រាប់​នាង​ឲ្យ​ចាំ។ តែ​ការ​រង់ចាំ​រយៈ​ពេល​៧​ឆ្នាំ​របស់​នាង​បាន​ក្លាយ​ទៅ​ជា​ផេះផង់ នៅ​ពេល​បុរស​ម្នាក់​នោះ​សម្រេច​ចិត្ត​ថា នឹង​រស់​នៅ​ស្រុក​ក្រៅ ហើយ​មិន​អាច​ត្រលប់​មក​វិញ​បាន។

មិត្តភ័ក្ដិ​ខ្ញុំ​យំ​ស្ទើរ​ងងឹត​ភ្នែក​ពេល​ឮ​ដំណឹង​នោះ។ បើ​ដឹង​ថា​ត្រូវ​រស់​នៅ​ទី​នោះ​ហើយ គេ​ប្រាប់​ឲ្យ​នាង​ចាំ​ធ្វើ​អ្វី? អ្វី​ដែល​នាង​បាត់​បង់​នោះ​គឺ​មិន​មែន​តែ​ពេល​វេលា​ទេ តែ​ជា​ការ​ទុក​ចិត្ត្ និង​យុវភាព​របស់​មនុស្សស្រី​ដែល​មិន​អាច​យក​មក​វិញ​ជា​រៀង​រហូត។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជម្ងឺ​ខ្លាច​ស្នេហា និង​ស្អប់​មនុស្ស​ប្រុស​ជា​ខ្លាំង។ នាង​ថា ហេតុការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​នាងចងចាំ​ជា​រៀង​រហូត គ្មាន​ថ្ងៃ​បំភ្លេច​បាន។

អីចឹង​បាន​ថា ការ​ពលី​ក្នុង​រឿង​ស្នេហា​គឺ​មិន​អាច​បង្ខិតបង្ខំ​បាន​ឡើយ ហើយ​ក៏​ឆោត​ជឿ​ថា អ្វី​ដែល​យើង​លះបង់ដើម្បី​គេ នឹង​ត្រូវ​បាន​តបសង​វិញ​ឲ្យ​សោះ៕   ចុចអានបន្ត៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម