ស្នេហាអ្នកអាចមានសង្ឃឹមច្រើនទៅអនាគត បើមានរឿង ៥យ៉ាងនេះកើតឡើង
- 2018-12-04 02:05:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាអ្នកអាចមានសង្ឃឹមច្រើនទៅអនាគត បើមានរឿង ៥យ៉ាងនេះកើតឡើង
ស្នេហាពេលខ្លះក៏មិនអាចល្អដូចយើងប៉ងបានដែរ ខ្លះជួបគ្នាហើយក៏បែកគ្នា ខ្លះក៏ស្រឡាញ់គ្នាបានតែដំបូង ហើយខ្លះទៀតក៏មានរឿងមិនល្អកើតឡើង។ យ៉ាងណាក៏ដោយ យើងអាចមើលឃើញថាស្នេហាមួយមានសង្ឃឹមច្រើន បើសិនជាគូស្នេហ៍មានអាចមានរឿងទាំងនេះកើតឡើងបាន ៖
១. មានអារម្មណ៍ថារីករាយនឹងគ្នាទៅវិញទៅមក
ទោះបាននៅក្បែរគ្នា ឬក៏អត់ក៏អ្នកនៅតែមានអារម្មណ៍រីករាយនូវអ្វីដែលគាត់បានផ្ដល់ឲ្យ។ អារម្មណ៍រំភើបពេលបានជួបគ្នា ឬនៅក្បែរគ្នា ហើយតែងតែចង់មានពេលនៅជាមួយគ្នាបានច្រើន។
**២. គ្មានអារម្មណ៍ថាទើសទាល់ ឬក៏គ្មានសុវត្ថិភាព**
ពេលដែលនៅជាមួយគ្នាគឺមិនទើសទាល់ក្នុងការនិយាយ ឬចែករំលែករឿងក្នុងចិត្តដែលអ្នកមាន ហើយជាពិសេសអ្នកមានអារម្មណ៍ថាកក់ក្ដៅ និង សុវត្ថិភាពបំផុត។ អាចនិយាយបានថាទោះបីមានរឿងអីកើតឡើងក៏ដោយ ឲ្យតែមានគាត់អ្នកមិនខ្លាចនោះទេ។
៣. មានគោលដៅអនាគតជាមួយគ្នា
អ្នកតែមានគោលដៅ គម្រោងអនាគតជាមួយគ្នា ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរតែងតែកាន់ដៃគ្នារទៅមុខរហូត។ ចំណុចនេះអាចនិយាយបានថាអ្នក និងគាត់មានភាពច្បាស់លាស់លើស្នេហារៀងខ្លួន ម្យ៉ាងទៀតគឺព្យាយាមធ្វើយ៉ាងណានៅថ្ងៃមុខអាចនៅជាមួយគ្នាបាន។
៤. មិនខ្លាចប្រឈមមុខនឹងបញ្ហាជាមួយគ្នា
អ្នកកាន់ដៃគ្នាប្រឈមមុខនឹងបញ្ហាដែលមាន ហើយមិនបោះបង់នូវអ្វីដែលអ្នកចង់បាននោះទេ ទោះបីត្រូវលំបាកយ៉ាងណាក៏ដោយ។ អ្នកអាចនឹងឈ្លោះគ្នា មិនត្រូវគ្នា ឬក៏ពេលខ្លះខ្វះការយោគយល់ តែអ្នកនៅតែព្យាយាមកេែប្រែ និងមិនដើរចេញពីគ្នា។
៥. អារម្មណ៍ស្រឡាញ់តែងតែមានចំពោះគ្នាមិនដែលថយ
ពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីស្រឡាញ់កាន់តែខ្លាំងឡើងៗមិនដែលថយឡើយ ហើយក៏នៅតែរក្សាបាននូវភាពស្មោះត្រង់ ភាពជឿជាក់ឲ្យគ្នា។ ពេលខ្លះទោះបីមានអ្នកផ្សេងមកជ្រៀតជ្រែកក៏អ្នកនៅតែស្រឡាញ់គ្នា ជាពិសេសក្នុងកែវភ្នែកអ្នកគាត់នៅតែល្អ ហើយក្នុងកែវភ្នែកគាត់ អ្នកនៅតែពិសេស។
នៅពេលដែលអ្នកបានជួបមនុស្សម្នាក់ដែលអ្នកប្រាថ្នាហើយនោះ រឿងខាងលើនេះនឹងកើតឡើង៕