កំហុស​៥​យ៉ាង​សម្រាប់​អ្នក​ប្រើ​ចង្ក្រាន​ហ្គាស​ធំ អាច​បណ្ដាល​ឱ្យ​ងាយ​ផ្ទុះ​ឆេះ

  • 2018-11-24 03:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍​ភ័យ​ខ្លាច និង​ការ​ប្រុង​ប្រយ័ត្ន​ពេល​ប្រើ​ចង្ក្រាន​ហ្គាស​តែង​តែ​កើត​មាន​ចំពោះ​ស្ត្រី​មេ​ផ្ទះ ប៉ុន្តែ​ការ​ដាំ​ស្ល​ក៏​ជា​រឿង​ដែល​ជៀស​មិន​ផុត។ ហេតុ​នេះ​ហើយ កញ្ញា​សូម​បង្ហាញ​ចំណុច​ខុស​ឆ្គង​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឱ្យ​មាន​ការ​ផ្ទុះ​ឆេះ​ដោយ​សារ​តែ​ចង្ក្រាន​ហ្គាស​ប្រភេទ​ធុង​ធំ ដើម្បី​ឱ្យ​ស្ត្រី​មេ​ផ្ទះ​ទាំង​ឡាយ​បាន​យល់​ដឹង និង​បង្ការ​គ្រោះ​ថ្នាក់​ទុក​ជា​មុន។

១-ប្រើ​ចង្ក្រាន​ចាស់​ពេក

ចង្ក្រាន​ដែល​ចាស់ៗ ឬ​ប្រើ​យូរ​ឆ្នាំ​ពេក​អាច​​ឡើង​ទៅ​ជា​ច្រែះ បាក់​បែក ឬ​ធ្លាយ​កន្លែង​ណា​មួយ​ដែល​អ្នក​មិន​អាច​ចាប់​អារម្មណ៍។ កត្តា​នេះ​​អាច​ធ្វើ​ឱ្យ​ហ្គាស​ធ្លាយ​ចេញ​មក​ក្រៅ ហើយ​​ស្រួល​មិន​ស្រួល​អាច​កើត​ជា​អគ្គិភ័យ​បាន​យ៉ាង​ងាយ។

ដូច្នេះ​ហើយ អ្នក​មិន​គួរ​បន្ត​ប្រើ​ចង្ក្រាន​ដែល​មាន​អាយុ​កាល​យូរ​ទៀត​ទេ ហើយ​ដោយ​សារ​តែ​បច្ចុប្បន្ន​តម្លៃ​ចង្ក្រាន​ក៏​មិន​ថ្លៃ​ប៉ុន្មាន អ្នក​អាច​ទិញ​ថ្មី បើ​មើល​ឃើញ​ថា​ចង្ក្រាន​ដែល​ប្រើ​សព្វ​ថ្ងៃ​ចាស់​ពេក ពុក ឬ​ឡើង​ស្នឹម​ខ្លាំង ហើយ​ត្រូវ​ជ្រើស​ទិញ​ចង្ក្រាន​ណា​ដែល​មាន​យីហោ​ល្បី មាន​ការ​ទុក​ចិត្ត ប្រើ​សាក​នៅ​កន្លែង​សិន និង​ឱ្យ​គេ​តម្លើង​ឱ្យ​បាន​ត្រឹមត្រូវ មាន​សុវត្ថិភាព។

២- មិន​ឧស្សាហ៍​ពិនិត្យ​ទុយោ​ហ្គាស

ការ​ប្រើ​យូរ មិន​ត្រឹម​តែ​តួ​ចង្ក្រាន​អាច​ឡើង​ច្រែះ ឬ​ក្បាល​ហ្គាស​ធ្លុះ​ធ្លាយ តែ​ខ្សែ​ទុយោ​ក៏​ជា​រឿង​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។ កាល​ណា​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ត្រឹម​ត្រូវ ឬ​ញឹក​ញាប់ បើ​ទុយោ​មាន​កន្លែង​ធ្លាយ​ត្រង់​ណា អាច​បណ្ដាល​ឱ្យ​ភ្លើង​ដែល​ចេញ​ពី​ចង្ក្រាន​និង​ហ្គាស​ដែល​ធ្លាយ​ត្រង់​ខ្សែ​ហ្គាស​ឆាប​ឆេះ​យ៉ាង​ងាយ។

៣- ភ្លេច​មួល​ធុង​ហ្គាស​បិទ​ ក្រោយ​ប្រើ​រួច

នេះ​ជា​កំហុស​​មួយ​ដែល​អ្នក​ប្រើ​ភាគ​ច្រើន​តែង​ប្រព្រឹត្ត​ជា​ញឹកញាប់ ហើយ​ក៏​បណ្ដាល​ឱ្យ​មាន​បញ្ហា​ញឹក​ញាប់​ដែរ។ ការ​ដែល​មិន​បាន​មួល​ធុង​ហ្គាស​បិទ​​ឱ្យ​ជិត ក្រោយ​ប្រើ​រួច ជាតិ​ហ្គាស​នឹង​បន្ត​ស្ថិត​ក្នុង​ខ្សែ​ទុយោ​យូរ ហើយ​បណ្ដាល​ឱ្យ​ធ្លាយ​ខ្សែ ចេញ​ជា​ផ្កា​ភ្លើង​ឆេះ​បាន។

ចុចអាន៖ ​ចំណុច​ត្រូវ​ចៀស​វាង បើ​មិន​ចង់​ឲ្យ​មាន​អគ្គីភ័យ​ដោយ​សារ​ផ្ទុះ​ចង្ក្រាន​ហ្គាស​តូច

៤- មិន​យក​ចិត្ត​ទុក​លើ​ចរន្ត​ហ្គាស​ពេល​កំពុង​ចម្អិន

មិន​គួរ​ទុក​ឆ្នាំង​ឬ​របស់​ដាំ​ស្ល​ចោល​នៅ​លើ​ចង្ក្រាន​ដោយ​មិន​មាន​អ្នក​នៅ​ចាំ​មើល​ឡើយ ព្រោះ​វា​អាច​បង្ក​ទៅ​ជា​គ្រោះថ្នាក់​បាន​ជា​យថាហេតុ។ ពេល​កំពុង​បើក​ហ្គាស​ដាំ​ស្ល​លើ​ចង្ក្រាន មិន​ត្រូវ​ឱ្យ​មាន​ក្រដាស ដប​ឬ​ថង់​ប្លាស្ទិច​​នៅ​ក្បែរ​នោះ​ទេ។ មួយ​ទៀត​​ថ្នាំ​បាញ់​ទាំង​ឡាយ​ក៏​មិន​ត្រូវ​នៅ​ក្បែរ​ចង្ក្រាន​ដែល​កំពុង​បើក​ហ្គាស​ដែរ។

៥-ប្រើ​ឆ្នាំង​ឬ​ខ្ទះ​មិន​សម​ស្រប​នឹង​ទំហំ​ចង្ក្រាន

មិន​មែន​ឆ្នាំង​ណា​ក៏​អាច​ប្រើ​បាន​នោះ​ទេ។ កាល​ណា​ទំហំ​ឆ្នាំង​តូច ឬ​ធំ​ជាង​ចង្ក្រាន​ពេក​ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​បាន​ដែរ។ ម្យ៉ាង​ទៀត​អាហារ​មួយ​ចំនួន​អាច​បណ្ដាល​ឱ្យ​ឆាប​ឆេះ​យ៉ាងងាយ។ ហេតុ​នេះ​ហើយ ពេល​កំពុង​ចម្អិន​គួរ​តែ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ការ​ប្រើ​ប្រាស់​ភ្លើង​តែ​ម្ដង។

សរុប​មក មិន​ថា​ប្រើ​ចង្ក្រាន​ប្រភេទ​ណា​ក៏​ដោយ គួរ​តែ​កុំ​ធ្វេស​ប្រហែស។ ជាពិសេស​បើ​កាល​ណា​មាន​ធុំ​ក្លិន​ហ្គាស ឬ​ឈ្ងៀម​ខុស​ប្រក្រតី អ្នក​ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន។ ម្យ៉ាង​ទៀត ​បើ​មាន​បញ្ហា​ភ្លើង​ឆេះ​ដោយ​ប្រការ​ណា​មួយ អ្វី​ដែល​ត្រូវ​ធ្វើ​​គឺ​បើក​ទ្វារ​បង្អួច​ឱ្យ​ខ្យល់​ចេញ​ចូល និង​ងាយ​គេច​ខ្លួន ប្រញាប់​បិទ​​ហ្គាស​ឱ្យ​បាន​ឆាប់ ហើយ​បើ​គ្មាន​ប្រដាប់​ពន្លត់​អគិ្គភ័យ​នៅ​ជិត​​ខ្លួន អ្នក​អាច​ប្រើ​កំណាត់ ឬ​ភួយ​សើម​ទៅ​គ្រប​កន្លែង​ដែល​កំពុង​ឆេះ​តូច​តាច​នោះ​សិន។ ក្រៅ​ពី​នេះ អ្នក​ត្រូវ​ចេញ​ពី​ក្នុង​ផ្ទះ​​មក​ខា​ងក្រៅ ហើយ​ទាក់ទង​ក្រុម​សង្គ្រោះ​ជា​បន្ទាន់៕

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី