៤​ចំណុច​ត្រូវ​ចៀស​វាង បើ​មិន​ចង់​ឲ្យ​មាន​អគ្គីភ័យ​ដោយ​សារ​ផ្ទុះ​ចង្ក្រាន​ហ្គាស​តូច

  • 2017-09-18 02:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​ចង្ក្រាន​ហ្គាស​មីនី​មាន​រូបរាង​តូច​ក៏​ដោយ តែ​ឥទ្ធិពល​បំផ្លាញ​របស់​វា​គឺ​មិន​អាច​លេង​សើច​បាន​នោះ​ឡើយ។

កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ គ្រួសារ​មួយ​ដែល​មាន​សមាជិក​ប្រមាណ​១០​នាក់​នៅ​ខេត្ត Dak Lak ប្រទេស​វៀតណាម​ទើប​តែ​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ផ្ទុះ​ចង្ក្រាន​ហ្គាស​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ហេតុការណ៍​នេះ​បាន​ធ្វើ​មនុស្ស​ម្នាក់​ត្រូវ​រលាក និង​ម្នាក់​ទៀត​ដាច់​ជើង​ដោយ​សារ​រត់​ជាន់​អំបែង​កែវ។

ហេតុការណ៍​ខាង​លើ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​នៅ​ពេល​ប្រើ​ប្រាស់​ចង្ក្រាន​ហ្គាស​ប្រភេទ​នេះ។ ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​បែប​នេះ​កើត​ឡើង អ្នក​គួរ​អនុវត្តតាម​វិធីសាស្ត្រ​ខាង​ក្រោម៖

១. ហាម​ដាច់​ខាត​ប្រើ​ចង្ក្រាន​ចាស់

ប្រសិនបើ ចង្ក្រាន​ចាប់​ច្រែស ឬ​របក​ថ្នាំ​ហើយ​នោះ សូម​ប្ដូរ​ចង្ក្រាន​ថ្មី​ហើយ​ឈប់​ប្រើ​អា​ចាស់​បន្ត​ទៀត។ ហើយ​បើ​គន្លឹះ​កាច់​លែង​ស៊ី​ភ្លើង​ហើយ ក៏​ត្រូវ​ប្ដូរ​ចង្ក្រាន​ថ្មី​ដូច​គ្នា។ កំប៉ុង​ហ្គាស​ចាស់​រហូត​ដល់​មាន​ច្រែស​​លើស​ពី​៥០%​ក៏​ត្រូវ​ចៀសវាង​ដូច​គ្នា។

២. មិន​រំលែក​ហ្គាស

រំលែក​ហ្គាស​គឺ​សកម្មភាព​បញ្ចូល​ហ្គាស​ពី​កំប៉ុង​មួយ​ទៅ​កំប៉ុង​មួយ​ទៀត។ បើ​សិន​ជា​មិន​មែន​ជា​អ្នក​ជំនាញ​ទេ ក្នុង​ពេល​រំលែក​នោះ​អាច​មាន​ហានិភ័យ​កើត​ឡើង​ដោយ​មជ្ឈដ្ឋាន​ជុំ​វិញ។ ដូច​នេះ​ល្អ​បំផុត​គឺ​មិន​រំលែក​តែ​ម្ដង

៣. មិន​ប្រើ​ឆ្នាំ​ធំ​ពេក​ចំពោះ​ចង្ក្រាន​តូច

ជើង​ទ្រ​ចង្ក្រាន​ហ្គាស​មីនី​គឺ​ទាប​ជាង​ចង្ក្រាន​ហ្គាស​ធំ ដូច​នេះ​បើ​ប្រើ​ឆ្នាំង​ធំ​ពេក វា​នឹង​ធ្វើ​ឲ្យ​ភ្លើង​រាតត្បាត​ធំ​ឡើង។ នៅ​ពេល​នោះ​ភ្លើង​អាច​ប៉ះ​នឹង​ហ្គាស​ផ្ទាល់​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើប្រាស់។

៤. មិន​ស្ងោរ​ក្នុង​រយៈ​ពេល​វែង

ចង្ក្រាន​មីនី​គឺ​សម្រាប់​ប្រើ​តែ​ពេល​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ​មិន​អាច​យក​មក​ស្ងោរ​ស៊ុប ឬ​ឆ្អឹង​រាប់​ម៉ោង​បាន​នោះ​ឡើយ​ត្បិត​វា​​ឆាប់​ក្ដៅ​ជាង​ចង្ក្រាន​ធំ។ បើ​ចង់​ប្រើ​រយៈ​ពេល​យូរ​គួរ​ប្រើ​ចង្ក្រាន​ធំ​ជំនួស​វិញ​ទើប​សុវត្ថិភាព៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម