ស្រឡាញ់គ្នាបែប Private ល្អឬក៏អត់? អត្ថបទល្អសម្រាប់គូស្នេហ៍ដែលមានភាពស្ងប់ស្ងាត់
- 2018-10-05 06:44:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់គ្នាបែប Private ល្អឬក៏អត់? អត្ថបទល្អសម្រាប់គូស្នេហ៍ដែលមានភាពស្ងប់ស្ងាត់
មានមិត្តភក្តិខ្ញុំម្នាក់បានសួរខ្ញុំថា« ហេតុអីខ្ញុំមិន Show off ទំនាក់ទំនងខ្ញុំជាមួយសង្សារខ្ញុំ? ហេតុអីបានខ្លាចគេដឹងអីចឹង?»
ឮសំណួរនេះហើយខ្ញុំចាប់ផ្ដើមគិត ហើយខ្ញុំក៏ឆ្លើយតបទៅគេវិញថា« ខ្ញុំមិនខ្លាចគេដឹងទេ គ្រាន់តែមិនចូលចិត្តបង្អួតអ្នកដទៃពីស្នេហារបស់ខ្លួន»។
និយាយតាមត្រង់ទៅចុះ ការពិតស្នេហាបែប Private បែបនេះពិតជាសោះកក្រោះបន្តិចមែន ហើយសម្បកក្រៅរវាងពួកខ្ញុំទាំងពីរ គឺដូចម្នាក់ៗគ្មានសង្សារអីចឹង។
ពួកយើងមិនដែល Post រូបជាមួយគ្នា Tag អីជាមួយគ្នា ឬសរសេរអីទាក់ទងជាមួយគ្នានោះទេ។ មិនថាក្នុងបណ្ដាញសង្គម សូម្បីពេលខ្លះនៅខាងក្រៅមានអ្នកស្គាល់ពួកយើងច្រើន ពួកយើងក៏មិនដែលហ៊ានស្និទ្ធស្នាលជាមួយគ្នាដែរ លើកលែងតែអ្នកស្គាល់ស្និទ្ធ និងដឹងពីទំនាក់ទំនងពួកយើងតែប៉ុណ្ណោះ។
បើនិយាយពីពេលវេលាផ្ទាល់ខ្លួន ឬសេរីភាពវិញ គឺគ្មានសម្ពាធអីនោះទេ គឺពេញលេញតែម្ដង មិនថាខ្ញុំមិនថាគេ ព្រោះពួកយើងមិនដែលដាក់សម្ពាធឲ្យគ្នាទេ លើកលែងតែរឿងដែលមិនអាចទទួលយកបាន ទើបខ្ញុំសុំពីគេ ដូចជាស្និទ្ធស្នាលជាមួយស្រីផ្សេងខ្លាំងលើសពេក ដែលខ្ញុំមិនអាចទ្រាំមើលបាន។ តែបើត្រឡប់សួរខ្ញុំថា តើខ្ញុំមានអារម្មណ៍បែបណា? ខ្ញុំសប្បាយចិត្តជាមួយទំនាក់ទំនងបែបស្ងប់ស្ងាត់បែបនេះទេ?
ខ្ញុំអាចប្រាប់អ្នកបាននូវអ្វីដែលខ្ញុំកំពុងជួបពេលនេះបានថា គ្រប់យ៉ាងសុទ្ធតែមាន ល្អ និងអាក្រក់ មិនអាចមានតែម្ខាងបានឡើយ។
បើនិយាយពីចំណុចល្អនៃទំនាក់ទំនងបែបនេះ ខ្ញុំគិតថាខ្ញុំពេញចិត្ត ព្រោះស្រឡាញ់គ្នា មិនចាំបាច់ដើរបង្អួតប្រាប់គេឯងឡើយ សំខាន់គឺខ្ញុំ និងគេសប្បាយចិត្តទៅបានហើយ។ ខ្ញុំ និងគេចូលចិត្តស្ងប់ស្ងាត់ដូចគ្នា ដូច្នេះវាល្អសម្រាប់ពួកយើង។ ម្យ៉ាងទៀតខ្ញុំចូលចិត្តការពិតជាងអ្វីដែលនៅលើបណ្ដាញសង្គម។ ខ្ញុំមិនខ្លាចគេដឹងថាខ្ញុំស្រឡាញ់គ្នានោះទេ តែពួកយើងមិនចូលចិត្តបង្ហាញ។ ពួកយើងគោរពរឿងឯកជនគ្នាទៅវិញទៅមក ខ្ញុំមិនដែលចង់ដឹង Password ពីគេ ហើយគេក៏ដូចគ្នា។ នេះមិនមែនមកពីពួកយើងមិនទុកចិត្តគ្នាទេ តែពួកយើងគោរពជីវិតផ្ទាល់ខ្លួនគ្នា ហើយវាក៏បានបង្ហាញថាពួកយើងជឿជាក់គ្នាដែរ។ អ្វីដែលខ្ញុំដឹងនោះ គឺពួកយើងទាំងពីរស្រឡាញ់គ្នា ហើយសប្បាយចិត្តជាមួយគ្នា។
ប៉ុន្តែ ពេលខ្លះខ្ញុំក៏មិនសប្បាយចិត្តដែរ ព្រោះខ្ញុំមានអារម្មណ៍ថាឆ្ងាយពីគ្នា សោះកក្រោះ។ ពេលខ្លះក៏មានអារម្មណ៍ថាដូចជាអ្នកដទៃ។ ពេលខ្លះខ្ញុំក៏មិនដឹងថាគេទៅទាក់ទងអ្នកណាទៀតដែរ តែខ្ញុំជឿថាមនុស្សបើគេចង់ក្បត់ គេគង់តែក្បត់។ នេះគឺអារម្មណ៍ខ្ញុំ គឺអារម្មណ៍មនុស្សស្រី តែខ្ញុំក៏ប្រាប់ខ្លួនឯងនូវរឿងល្អៗជំនួសវិញ ព្យាយាមសម្រាលចិត្តខ្លួនឯង។
!
ប៉ុន្តែសម្រាប់ខ្ញុំ បើមិនទាន់រៀបការក្លាយជាប្ដីប្រពន្ធនឹងគ្នាគេ ខ្ញុំនៅតែគិតថាទំនាក់ទំនងបែបស្ងប់ស្ងាត់នេះ នៅតែជាជម្រើសរបស់ខ្ញុំ។ ម្យ៉ាងទៀតគឺពួកខ្ញុំជាអ្នកជ្រើសរើសវាដោយខ្លួនឯង អ្វីដែលសំខាន់គឺពួកយើងទាំងពីរសប្បាយចិត្ត ពេញចិត្ត។
មនុស្សម្នាក់ៗមានចំណូលចិត្តផ្សេងគ្នា ដូច្នេះបើកបង្ហាញ ឬមិនបង្ហាញ គ្មានមួយណាខុសឬត្រូវនោះទេ សំខាន់តើមួយណាជាអ្វីដែលអ្នកចង់បាន។ គ្រប់យ៉ាងសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ដូច្នេះទោះអ្នកយកមួយណាក៏មិនអាចចៀសផុតដែរ៕
ចុចអាន៖មានសង្សារជាមនុស្សអត់សូវចេះផ្អែមល្ហែម អ្នកនឹងទទួលបានអារម្មណ៍ពិសេសបែបនេះ