អាហារ​តាម​ត្រីមាស​នីមួយៗ អ្នក​ម្ដាយ​មិន​គួរ​រំលង បើ​ចង់​ឱ្យ​កូន​កើត​មក​ស្អាត ឆ្លាត គ្រប់​លក្ខណៈ

  • 2018-10-01 09:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

រយៈ​ពេល​៩​ខែ​១០​ថ្ងៃ​តាំង​ពី​ដឹង​ថា​ កូន​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​មក អ្នក​ម្ដាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព និង​ការ​ហូបចុក។ ជំនួស​ឱ្យ​ការ​ញ៉ាំ​ច្រើន​ជាង​ធម្មតា អ្នក​ម្ដាយ​គួរ​តែ​យល់​ដឹង​ពី​វិធី​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ឱ្យ​បាន​គ្រប់គ្រាន់​ពី​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទៅ​បំប៉ន​គភ៌​ក្នុង​ផ្ទៃ និង​រក្សា​សុខភាព​ខ្លួន​ឯង​បាន​ផង។ ខាង​ក្រោម​នេះ កញ្ញា សូម​ណែ​នាំ​អាហារ​ចាំ​បាច់​មួយ​ចំនួន​ដែល​នារី​ត្រូវ​ការ​តាំង​ពី​អំឡុង​ពេល​ត្រី​មាស​​ដំបូង​នៃ​ការ​ពពោះ រហូត​ដល់​ពេល​ឆ្លង​ទន្លេ។

៣​ខែ​ដំបូង

ក្នុង​រយៈ​ពេល​នេះ​ អ្នក​ម្ដាយ​អាច​ដឹង​ពី​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ការ​ធ្វើ​តេស្ត​ទឹក​នោម ការ​ពិនិត្យ​អេកូ ឬ​អាការៈ​ចាញ់​ដូច​ជា​ក្អួត​ចង្អោរ​នៅ​ពេល​ព្រឹក​ជា​ដើម។ សម្រាប់​គភ៌​វិញ ក្នុង​ដំណាក់​កាល​នេះ​គឺ​ជា​ដំណាក់កាល​លូតលាស់​ ដូច្នេះ​​វា​ជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​បំផុត ហើយ​លទ្ធភាព​នៃ​ការ​រលូត​ក៏​មាន​ច្រើន​គួរ​សម​ដែរ។

ជា​ការ​ណែនាំ អ្នក​ម្ដាយ​គួរ​​ញ៉ាំ​អាហារ​ដែល​មាន​​ជាតិ​ប្រូតេអ៊ីន​ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់​កោសិកា​របស់​គភ៌ ​​ជាតិ​ដែក​ដើម្បី​បង្ការ​ការ​ខ្វះ​ឈាម​ក្រហម​ក្នុង​ពេល​ពពោះ និង​អាស៊ីត Folic​ដើម្បី​បង្ការ​ការ​​លូតលាស់​មិន​គ្រប់គ្រាន់​របស់​គភ៌​នៅ​ក្នុង​ផ្ទៃ។

​បន្ថែម​ពី​នេះ អាការៈ​ក្អួត​ចង្អោរ​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​អំឡុង​ពេល​នេះ​អាច​កើត​មាន​ជា​ញឹកញាប់​ដែល​អាច​រំខាន​ដល់​ការ​ញ៉ាំ​អាហារ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ម្ដាយ​ប្រតិកម្ម​នឹង​ក្លិន​អាហារ​មួយ​ចំនួន ឬ​ញ៉ាំ​អី​មិន​ចូល​ជា​ដើម។ ជា​ធម្មតា​ វា​អាច​កើត​មាន​ចាប់​ពី៦​សប្ដាហ៍​នៃ​ការ​មាន​ផ្ទៃ​ពោះ ហើយ​បាត់​ទៅ​វិញ​បន្តិច​ម្ដងៗ​ក្នុង​ចន្លោះ​១២​ទៅ​១៣​សប្ដាហ៍។

ដូច្នេះ​ដើម្បី​ជំនួយ​ដល់​ការ​ញ៉ាំ​អាហារ និង​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​និង​កូន​ក្នុង​ផ្ទៃ អ្នក​ម្ដាយ​អាច​ញ៉ាំ​អាហារ​ណា​ដែល​មាន​សារធាតុ​បំប៉ន​ច្រើន ហើយ​ងាយ​រំលាយ​ដូចជា ទឹក​ដោះ​គោ ​ទឹក​ស៊ុប ឬ​ផ្លែ​ឈើ។ ស៊ុប​មាន​សារធាតុ​ចិញ្ចឹម​ពី​បន្លែ​និង​សាច់​ដែល​បាន​រម្ងាស់​ផុយ​ងាយ​រំលាយ ចំណែក​ទឹក​ដោះ​គោ មាន​ជាតិ​ប៉ូតាស្យូម ម៉ាញេស្យូម និង​ប្រូតេអ៊ីន​ដែល​អាច​ជួយ​អ្នក​ម្ដាយ​ឱ្យមាន​កម្លាំង​ឡើង​វិញ​ បន្ទាប់​ពី​អាការៈ​ចង្អោរ​អស់​កម្លាំង​នោះ​បាន។

សម្រាប់​ទឹក​ដោះ​គោ អ្នក​ម្ដាយ​គួរ​តែ​ជ្រើស​រើស​ផលិត​​ណា​ដែល​មាន​សារធាតុ​​ជា​​វិតាមីន និង​រ៉ែ​ចាំ​បាច់ ដើម្បី​​​ទ្រ​ទ្រង​សុខភាព​ស្ត្រី ដែល​ត្រៀម​ខ្លួន​ពរពោះ កំពុង​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន និង​ដែល​អាច​​​សំរួ​ល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​បន្ទោ​បង់​។

ទោះ​យ៉ាង​ណា​ ក្នុង​ដំណាក់​កាល​នេះ ដាច់​ខាត​មិន​ត្រូវ​បង្អត់​អាហារ​ឡើយ ហើយ​ជំនួស​ឱ្យ​ការ​ញ៉ាំ​បី​ពេល​ដូច​ធម្មតា អ្នក​ម្ដាយ អាច​ញ៉ាំ​ច្រើន​ពេល​បាន តែ​ញ៉ាំ​តិចៗ មិន​បាច់​ដល់​ថ្នាក់​ឆ្អែតៗ​ ដើម្បី​ឱ្យ​រាងកាយ​ទទួល​បាន​ថាមពល​គ្រប់គ្រាន់ និង​ជួយ​កាត់​បន្ថយ​អារម្មណ៍​ធុញ​អាហារ​ដោយ​ការ​ចាញ់​កូន​នោះ​បាន​ផង។

៣​ខែ​បន្ទាប់

ចូល​ដល់​ខែ​ទី​៤ រាងកាយ​អ្នក​ម្ដាយ​នឹង​ចាប់​ផ្ដើម​ធូរស្រាល​ពី​ការ​ចង្អោរ​នោះ​ហើយ។ វា​ជា​ដំណាក់​កាល​នៃ​ការ​លូតលាស់​​ផ្នែក​ខួរក្បាល​​របស់​គភ៌ ដូច្នេះ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​របប​អាហារ។ សារធាតុ​សំខាន់​ៗ​ដែល​ត្រូវ​ផ្ដល់​ដល់​គភ៌​និង​រាងកាយ​នៅ​ពេល​នេះ​គឺ ​ប្រូតេអ៊ីន ស្ករ ខ្លាញ់ ជាតិ​រ៉ែ និង វីតាមីន​ដូច​ជា វីតាមីន A, C, D, E ជា​ដើម​ដែល​អាច​រក​បាន​នៅ​ក្នុង ផ្លែឈើ ទឹក​ផ្លែ​ឈើ ទឹក​ដោះ​គោ ​គ្រាប់​ធញ្ញជាតិ ហើយ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ឬ​ផ្អែម​ខ្លាំង​ពេក។

អ្វី​ដែល​ពិសេស អ្នក​ម្ដាយ​គួរ​ញ៉ាំ​ត្រី​សាលម៉ុន​ឱ្យ​បាន​ច្រើន​ដើម្បី​ជំនួយ​ឱ្យ​កូន​ឆ្លាត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ។ ត្រី​សាលម៉ុន​មាន​សារធាតុ​បំប៉ន​ជា​ច្រើន​ដូច​ជា វីតាមីន D ​កាល់ស្យូម DHA តែ​មិន​សូវ​មាន​ជាតិ​បារត​ច្រើន​ដែល​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ចំណែក​អាហារ​ដែល​មាន​ DHA ​មាន​ដូច​ជា ត្រី ​គ្រាប់​ធញ្ញជាតិ ល្ង ​និង​សណ្ដែក​ដី​ជា​ដើម។

ចូល​ដល់​៦​ខែ ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ឆ្អឹង​​របស់​គភ៌។ ដូច្នេះ​កាល់ស្យូម​គឺ​ជា​អាហារ​ដ៏​ចាំបាច់​បំផុត​របស់​រយៈ​ពេល​នេះ។ អ្នក​ម្ដាយ​ត្រូវ​យល់​ដឹង​ថា កង្វះ​ជាតិ​កាល់ស្យូម​នឹង​ធ្វើ​ឱ្យ​គភ៌ ឬ​ទារក​ដែល​កើត​មក​​អាច​កើត​ជំងឺ​ក្រិស (ឆ្អឹង​មិន​រឹងមាំ ក្រិន​មិន​លូតលាស់​ល្អ ទម្រង់​ឆ្អឹង​ខុស​ប្រក្រតី​...) ធ្មេញ​មិន​រឹងមាំ ឬ​គម​ខ្នង-ល-។

ក្រៅ​ពី​នេះ អាហារ​ដែល​មាន​កាក​សរសៃ​ច្រើន​អាច​ជួយ​អ្នក​​ម្ដាយ​ពី​​អាការៈ​ទល់​លាមក​ក្នុង​ពេល​ព​ពោះ និង​គួរ​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​ថ្ងៃ ហោច​ណាស់​ពី ១លីត្រ​កន្លះ ទៅ​២លីត្រ។

៣ខែ​ចុងក្រោយ

រយៈ​ពេល​៣​ខែ​ចុងក្រោយ​នេះ អ្នក​ម្ដាយ​រឹត​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ញ៉ាំ​ជាង​មុន​ទៅ​ទៀត ព្រោះ​ត្រូវ​បង្កើន​ថាមពល​សម្រាប់​ខ្លួនឯង​ពេល​សម្រាល និង​សម្រាប់​កូន​ដែល​ត្រូវ​ត្រៀម​ខ្លួន​ចេញ​មក​មើល​ពន្លឺ​ព្រះ​អាទិត្យ។ សារធាតុ​ចាំបាច់​សម្រាប់​រយៈ​ពេល​នេះ​គឺ ​ប្រូតេអ៊ីន កាបូហាយដ្រាត កាល់ស្យូម ជាតិខ្លាញ់ និង​ជាតិ​ដែក។ ក្រៅ​ពី​​នេះ គួរ​តម​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង ជាតិ​ខ្លាញ់​បំពង​ដែល​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​រហ័ស និង​អាច​ធ្វើ​ឱ្យ​អ្នក​ម្ដាយ​មាន​ឱកាស​កើត​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម ឬ​លើស​ឈាម។

សារធាតុ​សំខាន់​មួយ​ទៀត​ដែល​ត្រូវការ​​មិន​អាច​ខ្វះ​បាន​គឺ អូមេហ្កា​៣ ​សម្រាប់​ការ​លូត​លាស់​ខួរ​ក្បាល និង​សារពាង្គកាយ​កូន​នៅ​​ក្នុង​ផ្ទៃ។ ​មិន​ខុស​ពី​ចំណុច​ខាង​លើ សារធាតុ​អូមេហ្កា​៣​អាច​រក​បាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ត្រី​សាលម៉ុន ហើយ​អ្នក​ក៏​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​​ជាតិ​អូមេហ្កា៣​នេះ​ពី​ថ្នាំ​វីតាមីន​ដទៃ​ទៀតៗ ក្រៅ​ពី​បន្លែ សាច់ និង​ផ្លែ​ឈើ៕

ចុចអាន៖ មូលហេតុពិតស្ត្រីមានផ្ទៃពោះគួរញុំាទឹកដោះគោពិសេសម្យ៉ាង

ចុចអាន៖ ម្តាយ​គ្រប់​រូប​​​គួរ​ដឹង​ពីគ្រឿង​ផ្សំ​​​ធ្វើ​បបរច្រើនបែប ដើម្បី​ឲ្យ​កូន​​ញ៉ាំ​ទៅ​ឆ្លាត​​វៃ និង​មាន​សុខភាព​​ល្អ

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី