តារាប្រុសស្រីកូរ៉េ៤នាក់ដែលឈ្លោះគ្នាជាមួយសង្សារដល់ផ្ទុះអំពើហិង្សា
- 2018-09-23 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសស្រីកូរ៉េ៤នាក់ដែលឈ្លោះគ្នាជាមួយសង្សារដល់ផ្ទុះអំពើហិង្សា
ទោះបីជាពិភពសិល្បៈកូរ៉េត្រូវបានគេវាយតម្លៃថាមានរឿងអាស្រូវតិចជាង សិល្បៈចិន និងអាមេរិកក៏ដោយ ក៏នៅមានករណីតារាឈ្លោះគ្នានឹងសង្សាររហូតដល់វាយគ្នាមិនតិចដែរ។ កាលពីថ្មីៗនេះ ករណីគូស្នេហ៍ប្រតាយប្រតប់គ្នារហូតដល់មានរបួសរៀងខ្លួនរបស់តារាសម្ដែង និងចម្រៀងល្បីឈ្មោះកូរ៉េ Goo Hara បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រជាច្រើន ព្រោះករណីនេះធ្ងន់ធ្ងរខ្លាំងពេក។ យ៉ាងណាក្ដី នេះមិនមែនជាលើកទី១ឡើយដែល តារាកូរ៉េឈ្លោះគ្នានឹងសង្សាររហូតដល់បែកឈាមដូចនេះ។ ខាងក្រោមនេះគឺជាករណីតារាប្រុសស្រីកូរ៉េឈ្លោះគ្នា នឹងគូស្នេហ៍ហើយឡើងបណ្ដាញព័ត៌មានហែកកេរ្តិ៍គ្នាទៅវិញទៅមក។
១. Goo Hara
យប់ថ្ងៃទី១៣ ខែកញ្ញា បណ្ដាញព័ត៌មានកូរ៉េរាយការណ៍ថា តារាចម្រៀង និងសម្ដែង Goo Hara កំពុងត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីស៊ើបសួរករណី វាយគ្នាជាមួយមិត្តប្រុស លោក Choi Jong Bum។ រូបភាពខាងប្រុសបញ្ចេញបានឲ្យឃើញថា លោកត្រូវសង្សារខ្វាចរយះមុខជ្រៅខ្លាំង។ រីឯរូបភាពខាងស្រីបញ្ចេញវិញ ក៏ធ្ងន់ធ្ងរមិនធម្មតាដែរ អតីតសមាជិកក្រុមចម្រៀង KARA បានទម្លាយថា នាងត្រូវគេវាយរហូតដល់ចេញឈាមនៅស្បូន។
២. Hyo Yeon (Girls’ Generation)
ឆ្នាំ២០១៤ សមាជិកក្រុមចម្រៀង Girls’ Generation ជាប់រឿងអាស្រូវវាយមិត្តប្រុសដែលជាអ្នកសរសេរប្រលោមលោក Kim Jun Hyung មានវ័យច្រើនជាងនាង១០ឆ្នាំ។ តាមនោះដែរ ថ្ងៃទី៣០ ខែមីនា ម្ចាស់បទ “I Got A Boy” បានគំរាមមិត្តប្រុសថាខ្លួននឹងលោតសម្លាប់ខ្លួនពីលើផ្ទះ ពេលមិត្តប្រុសនាងចូលឃាត់ នាងក៏ជ្រុលដៃដាល់មិត្តប្រុសមួយដៃ បណ្ដាលឲ្យលោកខឹងទៅដាក់ពាក្យបណ្ដឹងថានាងប្រព្រឹត្តអំពើហិង្សាលើខ្លួននៅប៉ុស្តិ៍ប៉ូលិស Yongsan ទីក្រុងសេអ៊ូល។ ដោយមិនដឹងហេតុផលដោះស្រាយជាមួយគ្នាបែបណា តែមួយថ្ងៃក្រោយមក អ្នកសរសេរប្រលោមលោករូបនេះបានដកពាក្យបណ្ដឹងរបស់ខ្លួនវិញ។
៣. Kim Hyun Joong
នៅក្នុងឆ្នាំ២០១៤ ដូចគ្នា តួរឿង F4 កូរ៉េបានធ្វើឲ្យពិភពសិល្បៈកូរ៉េរំជើបរំជួលពេលព័ត៌មានលោកវាយធ្វើបាបមិត្តស្រីត្រូវបានទម្លាយ។ តាមការឲ្យដឹងរបស់ជនរងគ្រោះ ប្រុសស្អាតនេះបានវាយនាងដល់បាក់ឆ្អឹង។ រីឯខាងប្រុសវិញបានទទួលថាមានវាយពិតមែន តែត្រឹមតែមួយដងតែប៉ុណ្ណោះ មិនបានវាយ២ខែដូចខាងស្រីនិយាយឡើយ។
៤. Iron
បណ្ដាញព័ត៌មាន Yonhap News របស់កូរ៉េបានឲ្យដឹងថា តារាចម្រៀងរ៉េបរូបនេះបានប្រើហិង្សាលើសង្សារជាច្រើនដង ដោយក្នុងនោះមានម្ដងគឺនៅពេលអ្នកទាំង២រួមភេទ ដោយសារតែខាងស្រីបដិសេធមិនព្រម។ តាមការរៀបរាប់របស់ជនរងគ្រោះ នាងត្រូវលោកដាល់ចំកណ្ដាលមុខពេលបដិសេធរួមភេទ។ ក្រោយពេលនាងសុំបែកគ្នា លោករឹតតែវាយធ្វើបាបនាងលើសដើម។ ដើម្បីហាមឃាត់សង្សារកុំឲ្យបែក លោកបានយកកាំបិតចាក់ចូលជើងខ្លួនឯង តែលោកបានបដិសេធពីទង្វើហិង្សារបស់ខ្លួន៕
ចុចអានបន្ត៖