ទៅលេងមណ្ឌលគិរី ចង់ស្នាក់នៅកន្លែងធូរថ្លៃបែបធម្មជាតិ គួរមើលទុក
- 2018-09-07 09:43:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងមណ្ឌលគិរី ចង់ស្នាក់នៅកន្លែងធូរថ្លៃបែបធម្មជាតិ គួរមើលទុក
មណ្ឌលគិរី គឺជាខេត្តមួយដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងខេត្ត៣ដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី ព្រមទាំងប្រទេសវៀតណាមផងដែរ។ មណ្ឌលគិរី ត្រូវបាន គេស្គាល់ថាជាខេត្តមួយ ដែលពោរពេញទៅដោយដើមឈើបៃតងខៀវខ្ចីនៅរដូវវស្សា និងមានពណ៌មាសនៅរដូវប្រាំង រួមទាំងទេសភាពស្រស់ស្អាត អាកាសធាតុត្រជាក់ល្ហឹម។ បើអ្នកបានដល់ខេត្តនេះ ហើយចង់ស្នាក់នៅកន្លែងបែបធម្មជាតិ បរិយាកាសបរិសុទ្ធ តម្លៃធូរថ្លៃ និងទទួលយកចំណីអារម្មណ៍ថ្មីប្លែក គួរមើល៣កន្លែងនេះទុកមុនទៅលេង។
១. Indigenous People Lodge
Indigenous People Lodge មានទីតាំងស្ថិតក្នុងភូមិចម្ការតែ ស្រុកសែនមនោរម្យ មានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីផ្សារមណ្ឌលគិរី។ កន្លែងស្នាក់នៅមួយនេះមានការរៀបចំ និងសង់ឡើងតាមរបៀបផ្ទះខ្មែរជនជាតិភាគតិច ព្រមទាំងមានព្រៃឈើដ៏ខៀវស្រងាត់នៅហ៊ុមព័ទ្ធជុំវិញ។ ក្រៅពីការស្នាក់អាស្រ័យ មានសកម្មភាពជាច្រើនទៀតដែលអ្នកអាចធ្វើនៅទីនោះមានដូចជា ស្ទូចត្រី ជិះកង់ និងឡើងភ្នំ។ ជាពិសេស បើអ្នកមកជាក្រុមតាមរយៈ អាចជ្រើសរើសការបោះតង់ កាន់ប្លែកអារម្មណ៍មួយបែបទៀត។ សម្រាប់តម្លៃវិញ មានចាប់ពី៥ដុល្លារឡើងទៅ តែប៉ុណ្ណោះក្នុងមួយយប់។
២. Nature Lodge
Nature Lodge មានទីតាំងស្ថិតក្នុងភូមិចម្ការតែ ស្រុកសែនមនោរម្យ។ រមណីយដ្ឋានមួយនេះដែរ ត្រូវបានសង់ឡើងនៅលើជម្រាលភ្នំបែបធម្មជាតិសុទ្ធសាធ និងមានស្មៅដុះហាក់បីដូចជាកម្រាលព្រំបៃតងខ្ចី ហើយពេលឈរលើភ្នំ អ្នកអាចមើលឃើញក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរីទៀតផង។ លើសពីនេះទៅទៀត Nature Lodge មានទីធ្លាធំទូលាយ បឹងកាឡូស្អាតៗច្រើនបែបខុសគ្នា និងមាន Mini Bar នៅលើដើមឈើ សម្រាប់ឲ្យភ្ញៀវញ៉ាំអាហារឬផឹកភេសជ្ជៈបណ្តើរ បានលំហែអារម្មណ៍បណ្តើរ។ សម្រាប់តម្លៃវិញ មានចាប់ពី១០ដុល្លារឡើងទៅក្នុងមួយយប់។
៣. Ethnic Tourism Mondulkiri
Ethnic Tourism Mondulkiri គឺជាគម្រោងដែលសាងសង់ឡើងសម្រាប់ទទួលភ្ញៀវទេសចរណ៍ និងបង្កើតប្រាក់ចំណូល ជួយដល់ជីវភាពបងប្អូនជនជាតិភាគតិច ដែលរស់នៅក្នុងសហគមន៍ដ៏តូចមួយនេះ។ ជាមធ្យមពួកគាត់អាចរកចំណូលបាន ប្រហែល៧០ដុល្លារក្នុងមួយខែ។ ហេតុនេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរបរិយាកាស មកស្គាល់រសជាតិការរស់នៅតាមទំនៀមទម្លាប់ជនជាតិភាគតិចពិតៗ ស្តាប់ការសន្ទនាដោយប្រើភាសាព្នង កន្លែងមួយនេះជាជម្រើសដ៏ល្អ។ សម្រាប់បន្ទប់ស្នាក់នៅមានតែ២ប៉ុណ្ណោះ និងមានតម្លៃចាប់ពី៧ដុល្លារឡើងទៅក្នុងមួយយប់។
ចុចអានបន្ត៖