៥​វិធី​ងាយ​ៗ​​ជួយ​​សម្រក​ភ្លៅ​ឲ្យ​​តូច​ស្លីម ស្លៀក​ខោ​ចេញ​រាង​ស្អាត ជឿជាក់

  • 2018-08-22 05:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ប្រិយមិត្ត​ស្រី​ៗ​ដែល​កំពុង​មាន​បញ្ហា​​​ភ្លៅ​ធំ ភ្លៅ​មិន​តឹង​ណែន ស្លៀក​ខោ​រឹប​រាង​មិន​សូវ​ស្អាត ខាង​ក្រោម​នេះ​ កញ្ញា​សូម​បង្ហាញ​ពី​តិចនិក​ខ្លះ​ៗ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សម្រក​ ដែល​សុទ្ធ​សឹង​ជា​វិធី​ងាយ​ៗ ដែល​ប្រិយមិត្ត​អាច​អនុវត្ត​បាន​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​។ កុំ​ឲ្យ​ខាត​ពេល​យូរ យើង​មក​អាន​ទាំង​អស់​គ្នា​តែ​ម្ដង រួច​ហើយ​អនុវត្ត​ឲ្យ​បាន​រាល់​ថ្ងៃ​ដើម្បី​ឃើញ​លទ្ធផល៖

១. ផឹក​ទឹក​ឲ្យ​ច្រើន

ការ​ផឹក​ទឹក​ស្អាត​គឺ​ជា​រឿង​ដ៏​ចាំបាច់​សម្រាប់​រាង​កាយ។ ក្នុង​មួយ​ថ្ងៃ​ៗ​យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​លើស​ពី​ ១លីត្រ ហើយ​បើ​បាន​ ២​លីត្រ​កាន់​តែ​ប្រសើរ។ ទឹក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​របស់​ជំនួយ​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់ ហើយ​សម្រក​ជើង​ក៏​ដូច​គ្នា។

២. ក្បាច់​ហាត់​ប្រាណ Squat

នេះ​ជា​ក្បាច់​ហាត់​ប្រាណ​ដែល​ស្រី​ៗ​មិន​ចាំបាច់​បញ្ចេញ​កម្លាំង​ច្រើន ប៉ុន្តែ​វា​នឹង​អាច​ជួយ​បន្តឹង​សាច់​ដុំ​ជើង និង​ក្បាល​ពោះ​បាន​ល្អ​បំផុត។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ក្បាល​ពោះ និង​ភ្លៅ​ដោយ​មិន​បាច់​បញ្ចេញ​កម្លាំង​ខ្លាំង គួរ​ជ្រើសរើស​​​ក្បាច់​នេះ។ អ្នក​មិន​ទាន់​ចេះ អាច​ទស្សនា​វីដេអូ​ខាង​ក្រោម៖

៣. ធាក់​កង់

មិន​ថា​ចេញ​ទៅ​ជិះ​កង់​នៅ​ខាង​ក្រៅ ឬ​​ហាត់​ប្រាណ​ក្បាច់​ធាក់​កង់ (គេង​ផ្ងារ​ហើយ​លើក​ជើង​ឡើង​ចុះ​ឆ្លាស់​គ្នា​ដូច​ធាក់​កង់) គឺ​សុទ្ធ​តែ​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ភ្លៅ ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យ​បាន​ជា​ប្រចាំ ឬ​រាល់​ថ្ងៃ ទើប​អាច​ទទួល​បាន​លទ្ធផល មិន​អាច​ធ្វើ​មួយ​ថ្ងៃ ឈប់​ពីរ​បី​ថ្ងៃ​នោះ​ទេ។

៤. កាត់​បន្ថយ​ជាតិ​ប្រៃ

ការ​កាត់​បន្ថយ​ជាតិ​សូដ្យូម ឬ​ជាតិ​ប្រៃ អាច​កាត់​បន្ថយ​អាការៈ​ហើម ​ដែល​កើត​ឡើង​​ដោយ​សារ​​មាន​ទឹក​ ឬ​ទឹក​រងៃ​ដក់​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ច្រើន​ពេក។ អ្នក​អាច​សង្កេត​មើល​បាន​ថា នៅ​ពេល​ដែល​​អ្នក​ទទួលទាន​សូដ្យូម​ច្រើន នោះ​នឹង​មាន​អាការ​ហើម​ជើង ហើម​ដៃ ឬ​ហើម​ខ្លួន។ ហេតុដូច្នេះ​ហើយ​អ្នក​គួរ​ទទួល​ទាន​ប្រៃ​ល្មម ឬ​តិច​តួច​បាន​ហើយ។

៥. រត់

ចំណុច​នេះ គ្រប់​គ្នា​ប្រហែល​ជា​ដឹង​ច្បាស់​ហើយ​ថា ការ​រត់​គឺ​អាច​ជួយ​ឲ្យ​យើង​សម្រក​ភ្លៅ​បាន​យ៉ាង​ល្អ ហើយ​ជា​វិធី​ងាយ​។ ប៉ុន្តែ​ក៏​ត្រូវ​រត់​ឲ្យ​ត្រឹមត្រូវ​ដែរ មិន​មែន​រត់​យក​ស្លាប់​រស់​តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ​ហើយ​ក៏​ឈប់​នោះ​ទេ។ ការ​រត់​ដែល​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​រត់​ក្នុង​ល្បឿន​សមរម្យ ហើយ​រត់​ឲ្យ​បាន​ជា​ប្រចាំ​រាល់​ថ្ងៃ នោះ​សាច់ដុំ​ជើង​របស់​អ្នក​នឹង​ណែន​ស្អាត។

ទាំង​អស់​នេះ​សុទ្ធ​តែ​វិធី​ងាយ​ៗ ប៉ុន្តែ​ដូច​ដែល​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត គឺ​អ្នក​ត្រូវ​មាន​ការ​អត់ធ្មត់ កុំ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ក្ដៅ ហើយ​បោះបង់​ចោល​​ងាយ​ៗ។ គួរ​អនុវត្ត​ល្មមៗ​តាម​កម្លាំង​​ប៉ុន្តែ​ឲ្យ​បាន​ទៀងទាត់​យ៉ាង​ហោច​ ៣​ទៅ​៤​សប្ដាហ៍ នោះ​នឹង​ឃើញ​លទ្ធផល​មិន​ខាន ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន