ម៉ារីម៉ា ចែករំលែកគន្លឹះក្លាយជាសហគ្រិន ក្រោយជោគជ័យលើហាងផ្កាអនឡាញ
- 2018-08-14 07:19:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារីម៉ា ចែករំលែកគន្លឹះក្លាយជាសហគ្រិន ក្រោយជោគជ័យលើហាងផ្កាអនឡាញ
ពេលរម្លឹកដល់តារាសម្ដែងហ្វីលីពីន មនុស្សភាគច្រើននឹកឃើញមុនគេគឺ តារាសម្ដែង Marian Rivera ឬ ម៉ារីម៉ា។ តារាស្រីរូបនេះគឺជានារីម្នាក់ដែលទទួលបានភាពជោគជ័យបំផុតពីអាជីពជាអ្នកសិល្បៈ។
ទោះបីជាយ៉ាងណា ក៏ Marian ខំឆ្លៀតចាប់ឱកាសប្រកបអាជីវកម្មថ្មីក្រៅពីសិល្បៈដែរ។ តួយ៉ាងកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៧ នាងបានបើកហាងផ្កាអនឡាញមួយមានឈ្មោះថា Flora Vida by Marian ហើយទទួលបានភាពជោគជ័យគួរសម។
តាំងពីបើកសម្ពោធតាំងពីឆ្នាំមុនមក របររបស់នាងមួយនេះតែងដំណើរការទៅយ៉ាងរលូន ដោយសារការគ្រប់គ្រងបានល្អ។
បើតាមវិបសាយ Team Dantes បានឲ្យដឹងថា គ្រប់ផ្កាទាំងអស់ក្នុងហាង ត្រូវបាន Mairan មើលថែដោយផ្ទាល់ដៃ ហើយចំណែកកម្រងផ្កា និងបាច់ផ្កាក៏ជាការច្នៃម៉ូដ តុបតែងចេញពីគំនិតនាងផ្ទាល់ដែរ។
យ៉ាងណាក្ដី ទោះបីជាមានការមមាញឹកនឹងការងារសព្វបែបយ៉ាង ទាំងក្នុង និងក្រៅសិល្បៈ ក៏នាងពេញចិត្តធ្វើមិនខ្លាចនឿយដែរ។ ដោយសារ តារាស្រីវ័យ ៣៤ឆ្នាំរួបនេះ តែងសម្រេចបាននូវការងារជាច្រើនដោយទទួលបានលទ្ធផលគួរជាទីគាប់ចិត្តបែបនេះហើយ ទើបមជ្ឈដ្ឋានជាច្រើនចង់ដឹងពីគន្លឹះផ្សេងៗ ដែលធ្វើឲ្យនាងក្លាយបុគ្គលជោគជ័យបែបនេះ។
ដើម្បីឆ្លើយតបនឹងចម្ងល់នេះ នាងបានទម្លាយយុទ្ធសាស្ត្រមួយចំនួន ដើម្បីក្លាយខ្លួនជាសហគ្រិនជោគជ័យម្នាក់។ ក្នុងនោះរួមមាន៖
១. ត្រូវមានមហិច្ឆតា
Marian តែងមានមហិច្ឆតាផ្ទាល់ខ្លួន ដូចនេះនាងខំដេញតាមការចង់បាននោះ និងព្យាយាមបង្កើតវាឲ្យចេញជារូបរាង។ បើទោះបីជាត្រូវប្រឈមមុខរឿងមិនល្អ ក៏កុំខ្លាច ព្រោះវាមេរៀនមានតម្លៃបំផុត។
២. កុំខ្លាចក្នុងការសាកល្បង
តារាស្រីរូបនេះ ទទួលស្គាល់ថាពីដំបូងនាងភ័យខ្លាចណាស់ ពីព្រោះនាងគ្មានទំនុកចិត្តនឹងជំនាញក្នុងការរកស៊ីនេះទាល់តែសោះ ប៉ុន្តែស្វាមីតែងជំរុញទឹកចិត្តជានិច្ច ទើបទីបំផុតនាងព្យាយាមសាកល្បងតែម្ដង។
៣. បើកចិត្ត និងបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន
មនុស្សជាច្រើនដឹងហើយថា ប្រពន្ធរបស់ Dingdong ជាតារាស្រីដែលរវល់បំផុត ប៉ុន្តែយ៉ាងនេះក្ដី នាងក៏នៅឆ្លៀតពេលថែទាំផ្កាដោយខ្លួនឯងដែរ។ Marian បាននិយាយថា នាងចង់ផ្ដល់ក្ដីស្រឡាញ់ និងសុភមង្គលតាមរយៈផ្កាទាំងអស់ ទៅដល់អ្នកគ្រប់គ្នាដែលកុម្ម៉ង់ផ្កាពីហាងរបស់នាង។
៤. ត្រៀមដើមទុនឲ្យបានត្រឹមត្រូវ
មុនចាប់ផ្ដើមអាជីវកម្មអ្វីមួយ ត្រូវមើលលើដើមទុន និងរៀបចំឲ្យបានច្បាស់លាស់។ វាមានរឿងលំបាកដែរ ប្រសិនបើអ្នកមិនបានកំណត់គោលដៅត្រឹមត្រូវ និងមានដើមទុនគ្រប់គ្រាន់សម្រាប់ចាយលើរបរថ្មី។
៥. ឈោងចាប់ក្ដីស្រមៃជាមួយការកំណត់គោលដៅច្បាស់លាស់
តារាស្រីផ្ការីកគ្រប់រដូវនេះបានបញ្ជាក់ថា៖ «ចាប់យកអាជីវកម្មមួយណាក៏ដោយ អ្នកត្រូវប្រាកដថាអ្នកស្រឡាញ់ការងារនោះ អ្នកមានដើមទុនគ្រប់គ្រាន់ ហើយអ្នកមានការកំណត់ត្រឹមត្រូវជាក់លាក់ ពេលនោះអ្នកនឹងអាចជម្នះអ្វីគ្រប់យ៉ាងបានជាក់ជាមិនខាន»៕
ចុចអាន៖ ក្រោយជោគជ័យ ចង្កៀងខ្មែរនរាអង្គរស្កាត់តាំងពីសៀមរាបមកបង្អួតជាមួយស្នាដៃខ្មែរដទៃទៀត