ការ​សិក្សា​ថ្មី​៖ ​ប្ដី​ប្រពន្ធ​​ចេះ​ជួយ​លាង​ចាន​គ្នា​ ទើប​ស្នេហា​គង់វង្ស​យូរ​អង្វែង

  • 2018-07-10 07:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នេះ​​បុរស​និង​ស្រ្តី​គឺ​សុទ្ធ​តែ​មាន​សិទ្ធិ​តម្លៃ​ស្មើ​ៗ​គ្នា អាច​ចេញ​ទៅ​រក​លុយ​ខាង​ក្រៅ​ទាំង​ពីរ​នាក់ ដែល​ធ្វើ​ឲ្យ​ពេល​វេលា​សម្រាប់​ការងារ​ផ្ទះ​ក៏​ត្រូវ​ចំណាយ​​ស្ទើរ​តែ​អស់​ជាមួយ​ការងារ​ខាង​ក្រៅ។ ភាគ​ច្រើន​នៅ​ពេល​ល្ងាច ចាន​ឆ្នាំង​ប្រឡាក់​​នៅ​ទាំង​គ​ៗ ហើយ​​សម្រាប់​ស្ត្រី​ដែល​ត្រូវ​ធ្វើ​ទាំង​ការងារ​ក្នុង​ផ្ទះ​ផង ការងារ​ក្រៅ​ផ្ទះ​ផង ហើយ​ត្រូវ​មើល​ថែ​កូន​តូច​ៗ​ទៀត គឺ​ប្រាកដ​ជា​ត្រូវ​នឿយ​ហត់ អារម្មណ៍​មិន​ល្អ ដែល​ចុង​ក្រោយ​គឺ​ចៀស​មិន​ផុត​ពី​ការ​ឈ្លោះ​គ្នា។

ពាក់ព័ន្ធ​នឹង​បញ្ហា​ការងារ​ផ្ទះ​នេះ​ដែរ ថ្មី​ៗ​នេះ​​ក្រុមប្រឹក្សា​​សុខុមាលភាព​គ្រួសារ​នៃ​សហរដ្ឋអាមេរិក (Council of Contemporary Families) បាន​តាមដាន​សិក្សា​ពី​ទំនាក់ទំនង​រវាង​ការ​ធ្វើ​ការ​ងារ​ផ្ទះ និង​ការ​បែក​បាក់​ស្នេហា​​របស់​គូ​ស្នេហ៍​ដែល​មាន​ឋានៈ​មធ្យម​ៗ ដោយ​មើល​លើ​​​ការងារ​ផ្ទះ​ជា​ច្រើន​ប្រភេទ​ដូច​ជា ការ​ទិញ​អីវ៉ាន់​ចូល​ផ្ទះ បោក​ខោអាវ អ៊ុត​ខោ​អាវ និង​ការ​សម្អាត​ផ្ទះ។

ការ​សិក្សា​ខាង​លើ​នេះ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ទទួល​បន្ទុក​ការងារ​លាង​ចាន​ភាគ​ច្រើន​គឺ​ជា​ភាគី​ខាង​ស្រី ហើយ​បើ​ពួក​គេ​មិន​​ទទួល​បាន​ការ​ជួយ​សម្រាល​ពី​ខាង​បុរស​​ទេ ពួក​គេ​នឹង​មាន​អារម្មណ៍​នឿយណាយ​ក្នុង​ជីវិត​គូ ព្រម​ទាំង​រឿង​លើ​គ្រែ រហូត​អាច​មាន​បញ្ហា​ឈ្លោះ​ទាស់ទែង​ខ្លាំង​ៗ​ទៀត​ផង។ ប្រៀប​ធៀប​ជាមួយ​​ស្រី​ៗ​ដែល​មាន​គូ​ស្នេហ៍​ខាង​ប្រុស​ចាំ​ជួយ​ឆ្លាស់​គ្នា​លាង​ចាន ក្រុម​នេះ​គឺ​មាន​ទំនាក់ទំនង​ស្នេហា​រលូន​ជាង​ ហើយ​ខាង​ស្រី​ក៏​មាន​​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង ដែល​​គូ​ស្នេហ៍​ហុច​ដៃ​ជួយ​ការងារ​នេះ។  

ក្រៅ​ពី​នេះ​ការ​សិក្សា​ខាង​លើ​ក៏​​​បាន​​រក​ឃើញ​​បញ្ហា​គួរ​ឲ្យ​កត់​សម្គាល់​​​មួយ​ទៀត​​ដែរ​លើ​មនុស្ស​ស្រី នោះ​គឺ​មនុស្ស​ស្រី​ច្រើន​តែ​ត្រូវ​រុញ​ឲ្យ​ធ្វើ​ការ​ងារ​ផ្ទះ​​ដែល​ប្រឡូក​ប្រឡាក់ ដូច​ជា បោក​ខោអាវ លាង​បង្គន់ និង​លាង​ចាន ខណៈ​ដែល​ប្រុស​ៗ​ធ្វើ​ការងារ​សប្បាយ​ៗ​ដូច​ជា​កាត់​ស្មៅ យក​សំរាម​ចោល ឬ​ការងារ​ផ្សេង​ៗ​ទៀត​ដែល​មិន​​សូវ​ជា​ប្រឡាក់​ប្រឡូក។​

បញ្ហា​ដែល​មើល​ទៅ​ជា​រឿង​តូចតាច​ទាំង​នេះ នឹង​កើន​ឡើង​បន្តិច​ម្ដង​ៗ​ រហូត​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ថា​ខ្លួន​ប្រៀប​ដូច​ជា​អ្នក​បម្រើ រហូត​អស់​ការ​អត់ធ្មត់​ក្នុង​ជីវិត​គូ និង​ត្រូវ​បញ្ចប់​ដោយ​ការ​លែងលះ​នៅ​ទី​បំផុត។ ដូច្នេះ​ហើយ​ គូ​ស្នេហ៍​ដែល​ចង់​ឲ្យ​ជីវិត​គូ​របស់​ខ្លួន​គង់វង្ស​យូរ​អង្វែង គួរ​តែ​ចាប់​ផ្ដើម​ចេញ​ពី​រឿង​តូច​ៗ​ដូច​ជា​ការ​ជួយ​សម្រាល​​បន្ទុក​ការងារ​ផ្ទះ ឆ្លាស់​គ្នា​ធ្វើ ម្ដង​ម្នាក់​ កុំ​ប្រចាំ​មើល​បំណាំ​គ្នា ទើប​ក្ដី​ស្រលាញ់ និង​ក្ដី​សុខ​ក្នុង​ជីវិត​គូ​​ឆាប់​កើត​ឡើង ៕

ចុចអាន៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម