ប្ដីថាប្រពន្ធនៅតែផ្ទះគ្មានធ្វើស្អីទេ តែថ្ងៃមួយចង់ខ្យល់ចាប់ ព្រោះប្រពន្ធ...
- 2017-11-07 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីថាប្រពន្ធនៅតែផ្ទះគ្មានធ្វើស្អីទេ តែថ្ងៃមួយចង់ខ្យល់ចាប់ ព្រោះប្រពន្ធ...
រាល់ថ្ងៃដែលប្ដីត្រលប់មកពីធ្វើការវិញ គេតែងរអ៊ូរទាំដាក់ប្រពន្ធ ព្រោះឃើញថាប្រពន្ធនៅតែផ្ទះ គ្មានធ្វើអ្វីសោះ។ គេមានអារម្មណ៍ថាគួរឲ្យធុញ និងមិនសូវនិយាយរកនាងទេ ព្រោះគិតថានាងមិនធ្វើការ មិនជួយរកលុយ មិនចេះធ្វើការងារអី មួយថ្ងៃៗធ្វើតែការងារផ្ទះ ដែលស្វាមីជាច្រើនគិតថាជាការងារគ្មានប្រាក់កម្រៃ។
ចំណែកប្រពន្ធក៏មិនដែលចុះញ៉ម និងមិនតូចចិត្តដែលប្ដីមើលមកខ្លួនដូច្នេះដែរ ប៉ុន្តែពេលខ្លះនាងមានអារម្មណ៍មិនល្អដែលមិនអាចធ្វើការរកប្រាក់ដើម្បីសម្រាលថ្លៃចំណាយផ្សេងៗក្នុងផ្ទះ តែក៏បន្តតួនាទីជាមេផ្ទះធម្មតា។
ថ្ងៃមួយ ប្ដីបានរអ៊ូដាក់ប្រពន្ធយ៉ាងខ្លាំង និងបាននិយាយពាក្យមួយចំនួនឲ្យនាងខូចចិត្ត។
“ឯងមិនបាច់ធ្វើការក្នុងផ្ទះ ឯងក៏រស់បាន ខ្ញុំណេះ ធ្វើការពីព្រឹកដល់យប់ដើម្បីចិញ្ចឹមឯងនិងកូន”។ ប្ដីនិយាយ។ ពាក្យសម្ដីរបស់ប្ដីធ្វើឲ្យប្រពន្ធលួចយំ និងគេងមិនលក់ពេញមួយយប់។
លុះព្រឹកឡើង ប្ដីក៏ប្រញាប់ងូតទឹករៀបខ្លួន ទៅធ្វើការ។ ពេលបើកទូរកខោអាវដែលអ៊ុតហើយក៏គ្មាន ទើបគេសួរប្រពន្ធថា “ណាអាវខ្ញុំ ឯងអត់មានអ៊ុតទេហ្អី?”
ប្រពន្ធតបថា “ទេ ខ្ញុំមិនដឹងទេ”
រួចហើយប្ដីក៏ទៅអង្គុយនៅតុញ៉ាំបាយដើម្បីទទួលទានអាហារពេលព្រឹក ប៉ុន្តែក៏ត្រូវខកបំណង ព្រោះព្រឹកនេះគ្មានអាហារពេលព្រឹកសម្រាប់គេឡើយ។
ត្រលប់មកពីធ្វើការវិញ ប្ដីឃើញកូនៗទាំងពីរ រត់លេងបាញ់ទឹកនៅមុខផ្ទះ ស្លៀកឈុតគេង សក់កន្ទ្រីងកន្ទ្រើង។ ពេលឃើញឪពុកត្រលប់មកផ្ទះវិញ ពួកគេក៏បាញ់ទឹកដាក់ឪពុកឡើងទទឹកជោកខ្លួន។
លុះពេលគេបើកទ្វារផ្ទះ សភាពដែលឃើញនោះគឺ មានតែរបស់របររាយប៉ាយពេញផ្ទះ មើលទៅលើតុបាយ មានតែប្រអប់បាយ កញ្ចប់អាហារដែលញ៉ាំរួចហើយមិនប្រមូលចោល។
ប្ដីមានអារម្មណ៍មិនពេញចិត្តជាខ្លាំង ទើបប្រញាប់ដើរចូលផ្ទះបាយ។ គេឃើញសភាពក្នុងផ្ទះបាយមានតែចានដែលប្រឡាក់ និងមានក្លិនស្អុយ។ នៅលើកម្រាលឥដ្ឋក៏មានស្នាមទឹកប្រឡាក់ពេញទាំងអស់។
គេក៏ស្រែកហៅប្រពន្ធមួយអស់ឮថា “ឯងនៅផ្ទះ អត់ធ្វើការធ្វើងារអីទេហ្អី!”
ប្រពន្ធតបថា "ធម្មតាខ្ញុំធ្វើរហូត តែឯងក៏នៅនិយាយថា ខ្ញុំគ្មានធ្វើអីទេ គ្មានជួយអីសោះ។ ថ្ងៃនេះខ្ញុំមិនធ្វើការងារដែលខ្ញុំធ្វើរាល់ថ្ងៃ សភាពក្នុងផ្ទះក៏ក្លាយជាបែបនេះ។ នេះសុទ្ធតែការងាររបស់ខ្ញុំ ការងារដែលគ្មានថ្ងៃសម្រាក ការងារដែលគ្មានអ្នកណាជួយបានសោះ ទាំងកូនទាំងប្ដី។ ការងារដែលនឿយហត់ តែមិនបានលុយ ការងារលំបាក ដែលប្ដីគិតថាស្រួល អីចឹងឯងធ្វើខ្លួនឯងទៅ នៅផ្ទះម្ដងវិញម៉េចដែរ? ប្ដូរឲ្យខ្ញុំទៅធ្វើការខាងក្រៅផ្ទះខ្លះទៅ ឲ្យខ្ញុំបានមានថ្ងៃសម្រាកដូចឯងផង” ៕