អ្នកមានគម្រោងបើកហាងកាហ្វេ ត្រូវដឹងពីហានិភ័យទាំងនេះសិន
- 2018-06-14 07:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានគម្រោងបើកហាងកាហ្វេ ត្រូវដឹងពីហានិភ័យទាំងនេះសិន
សព្វថ្ងៃនេះហាងកាហ្វេ មានការរីកដុះដាលជាច្រើនកន្លែងមិនគួរឲ្យជឿ មានទាំងអាជីវកម្មលក្ខណៈគ្រួសារ បង្កើត brand ក្នុងស្រុកខ្លួនឯង និងនាំ brand ពីបរទេស ជាដើម។ មនុស្សម្នាឥឡូវ ចង់ក្លាយជាម្ចាស់ហាងកាហ្វេ ព្រោះរបរនេះងាយស្រួលរកលុយ ដោយសារមានអ្នកចូលចិត្តផឹកច្រើនជាប្រចាំ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានគម្រោង ចង់បើកហាងបែបនេះ ទោះបីជាបានត្រៀមខ្លួនរួចរាល់ហើយក៏ដោយ អ្នកគួរដឹងពីហានិភ័យមួយចំនួនសិន ដើម្បីកុំឲ្យខកចិត្តខ្លាំង នៅពេលដែលអ្វីៗមិនដូចការរំពឹងទុក។
១. ជីវិតផ្លាស់ប្តូរទាំងស្រុង
សម្រាប់អ្នកធ្វើការគឺមានពេលវេលា និងថ្ងៃឈប់សម្រាក ប៉ុន្តែបើអ្នកក្លាយជាម្ចាស់ហាងកាហ្វេហើយ អ្នកត្រូវរវល់ពេញមួយថ្ងៃ សូម្បីតែពេលបិទហាង ក៏ត្រូវនៅមានការងារជាច្រើនទៀតត្រូវធ្វើឲ្យហើយ និងរៀបចំសម្រាប់ថ្ងៃស្អែក។ ពេលមានបុណ្យទានម្តងៗ អ្នកមិនអាចដើរហើរឲ្យស្រលះខ្លួននោះទេ ទោះខ្លួនប្រាណនៅកន្លែងដើរលេង ប៉ុន្តែចិត្តបារម្ភនឹកគិតដល់ហាង។
២. ត្រូវការចំណាយច្រើន
ពេលខ្លះអ្នកអាចរងសម្ពាធច្រើន ដោយសារតែរបស់របរក្នុងហាងខូច ត្រូវផ្លាស់ប្តូរកែកុនជាថ្មី្ ហើយត្រូវយកចិត្តទុកដាក់ជាមួយផលិតផល និងរិះរកគំនិតថ្មីៗ សម្រាប់តម្រូវការអតិថិជន។ ប្រសិនបើអ្នកនៅតែធ្វើអ្វីដដែលៗ គ្មានកា រUpdate នោះដៃគូប្រកួតប្រជែងអាចផ្ដួលរំលំអ្នកនៅថ្ងៃណាមួយមិនខានឡើយ។
**៣. ត្រូវប្រើទាំងកម្លាំងកាយ និងកម្លាំងចិត្ត**
អ្នកមានដើមទុនគ្រប់គ្រាន់សម្រាប់បើកហើយ លើសពីនេះទៅទៀតអ្នកក៏ត្រូវមានទាំងកម្លាំងកាយនិងកម្លាំងចិត្តឲ្យបានពេញលេញ ព្រោះអ្នកត្រូវងើបពីព្រលឹមមកបើកហាង ឈររយៈពេលយូរ មានរឿងជាច្រើនត្រូវជួបប្រទះ និងដោះស្រាយជាមួយភ្ញៀវរៀងរាល់ថ្ងៃ។
៤. ទទួលយកការរិះគន់
អតិថិជនមានចិត្តផ្សេងៗខុសពីគ្នា អ្នកខ្លះចូលចិត្ត ខ្លះទៀតមិនចូលចិត្ត ដូច្នេះអ្នកត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ទទួលយកការរិះគន់ មតិយោបល់ និងគំនិតផ្សេងៗពីភ្ញៀវ ទោះបីពេលខ្លះអ្នកមិនអាចទទួលយកបានក៏ដោយ ប៉ុន្តែអ្នកនៅតែត្រូវទប់អារម្មណ៍សម្របខ្លួនទៅតាមនឹងដដែល។
៥. ជួបបញ្ហាលុយកាក់
មិនប្រាកដថាគ្រាន់តែបើកភ្លាម មានមនុស្សច្រើនកុះករចូលមកនោះទេ ព្រោះបច្ចុប្បន្ននេះហាងកាហ្វេរីកដូចផ្សិតអីចឹង។ អ្នកត្រូវចំណាយពេលយ៉ាងហោចណាស់រាប់ខែទម្រាំមានម៉ូយ និងរាប់ឆ្នាំសម្រាប់ផលចំណេញ ព្រោះអ្នកត្រូវចំណាយលើបុគ្គលិក ទឹក ភ្លើង ឬថ្លៃឈ្នួលហាងជាដើម។
៦. ប្រឈមជាមួយនឹងការជួបមនុស្សច្រើនប្រភេទ
អ្នកត្រូវមានទំនាក់ទំនងល្អជាមួយបុគ្គលិក ព្រមទាំងអតិថិជន ហើយអ្នកខ្លះមិនមែនស្រួលនិយាយគ្នាដូចដែលគិតនោះទេ។ យ៉ាងណាមិញអតិថិជន ប្រៀបបានដូចជាស្តេច ដូច្នេះវាទាមទារឲ្យអ្នកមានការអត់ធ្មត់ខ្ពស់ មិនថាក្នុងកាលៈទេសៈបែបណានោះទេ៕
ចុចអានបន្ត៖